លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះថា «ការផលិតវ៉ាក់សាំងនេះ គេមិនអាចធ្វើមួយខែចេញទេ ព្រោះវ៉ាក់សាំងទាមទារនូវរយៈពេលសិក្សា សិក្សាហើយ ដើម្បីយកវ៉ាក់សាំងហ្នឹងមកប្រើប្រាស់ គឺថា នៅពេលចាក់នៅលើខ្លួនមនុស្សនេះ គឺមិនអោយមនុស្សហ្នឹងឈឺទេ កាលណាវ៉ាក់សាំងហ្នឹងធ្វើមិនស្រួល យកមកចាក់លើមនុស្ស ធ្វើអោយមនុស្សហ្នឹងទៅជាឈឺទៅវិញ»។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបានបន្តថា «អ្វីដែលប្រយ័ត្នជាងនេះទៅទៀតនោះគឺ កាលណាវ៉ាក់សាំងហ្នឹងនៅពេលដែលគេរកឃើញចុងបញ្ចប់ហើយ ចាំបាច់ត្រូវមានការបញ្ជាក់ចុងក្រោយ (Confirmation Final) ពីអង្គការសុខភាពពិភពលោក ព្រោះអង្គការសុខភាពពិភពលោកគេមានក្រុមការងារមួយទៀត ដើម្បីបញ្ជាក់ថា វ៉ាក់សាំងនេះ មានសុវត្ថិភាពសម្រាប់ដាក់ឲ្យពលរដ្ឋប្រើប្រាស់ជាទុទៅ នៅលើសកលលោក»។គួរម្លឹកថា ប្រទេសចិន ក៏នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុសដល់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី ១៨ បើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ចំនួនករណីមេរោគ Covid-19 ដែលបានរកឃើញនៅកម្ពុជា បានកើនឡើងដល់ ៣៥ ករណីហើយ ពោលគឺ មានពីរករណីថ្មីទៀត ត្រូវបានប្រកាសរកឃើញនៅព្រឹកនេះ៕