យន្ដហោះជួបឧបទ្ទវហេតុមួយនេះ បានហោះហើរចេញពីព្រលានយន្ដហោះ នៅឯកោះត្រល់ ឬវៀតណាមហៅថា កោះភូកុក និងត្រូវបានចុះចតនៅ ព្រលានយន្ដហោះTan Son Nhat នៅវេលាម៉ោង ១២៖២៤ នាទីថ្ងៃត្រង់ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ ការហោះចុះខុសផ្លូវរបស់យន្ដហោះនេះ បានជ្រុលល្បឿនទៅបើកអូសកាត់វាលស្មៅ នៅក្នុងព្រលានយន្ដហោះ ដែលមាននៅជុំវិញផ្លូវរត់ឡើងចុះយន្ដហោះនោះ។
ភ្លាមៗនេះ ក៏មានកម្លាំងជំនាញ ចុះមកត្រួតពិនិត្យ និងសង្គ្រោះយន្ដហោះចុះខុសផ្លូវនោះផងដែរ ហើយបើតាមព័ត៌មានបញ្ជាក់ដោយក្រុមហ៊ុន Vietjet បានឲ្យដឹងថា ពុំមានអ្នកដំណើរណាម្នាក់រងរបួស ឬបាត់បង់ជីវិតក្នុងហេតុការណ៍នេះទេ ហើយអ្នកដំណើរការត្រូវបានបញ្ជូនចេញពីយន្ដហោះភ្លាមៗផងដែរ។ លើសពីនេះ វាក៏មិនបានធ្វើឲ្យខូចខាតយន្ដហោះ និងផ្លូវរត់យន្ដហោះនោះដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបន្ទោសចំពោះភ្លៀងធ្លាក់ខ្លាំង និងខ្យល់ខ្លាំង ទើបបណ្ដាលឲ្យមានឧបទ្ទវហេតុនេះ កើតឡើង។
ក្រោយពីមានហេតុការណ៍ មានជើងយន្ដហោះជាច្រើន ដែលត្រូវចុះចតនៅព្រលាន Tan Son Nhat ត្រូវហោះសំកាំងក្រឡឹងចុះឡើង ដោយមិនអាចចុះចតបានភ្លាមៗតាមម៉ោងកំណត់ទេ ត្រូវរង់ចាំមើលពីស្ថានភាពអាកាសធាតុអំណោយផល។
យោងតាមស្ថានីយឧតុនិយម ព្យុះ Nuri ដែលបានកើតឡើងនៅសមុទ្រភាគខាងកើត កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះ បានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង និងបានវាយប្រហារទៅកាន់ទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសវៀតណាម រួមទាំងទីក្រុងហូជីមិញផងដែរ ដោយបញ្ហាភ្លៀងព្យុះនេះ បានចាប់ផ្ដើមតាំងពីរសៀលថ្ងៃសៅរ៍។
ការដួលរំលំបាក់ដើមឈើ ដោយសារព្យុះភ្លៀងនេះ ក៏បានសម្លាប់បុរសម្នាក់ និងរងរបួសមនុស្សម្នាក់នៅក្នុងទីក្រុងហូជីមិញផងដែរ៕