
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានផ្អាកជើងហោះហើរទាំងអស់ជាមួយនឹងប្រទេសចិនដីគោក តាំងពីចុងខែមករាកន្លងមកនេះ ដែលបានធ្វើឲ្យប៉ពាល់ដល់ចំនួនអ្នកដំណើរ ៧ម៉ឺននាក់ក្នុងមួយខែ រវាងការធ្វើដំណើរទៅមកនៃប្រទេសទាំងពីរ ដែលផ្លូវហោះហើរទៅកាន់ប្រទេសចិន គឺមាន ១០% នៃចំណែកទីផ្សារអាកាសចរណ៍វៀតណាម។ នេះបើតាមការអះអាងរបស់អាកាសចរណ៍ជាតិវៀតណាម។
អាកាសចរណ៍ជាតិវៀតណាម បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា «ការរីករាលដាលនៃវីរុស Covid 19 គឺពិតជាបានធ្វើឲ្យមានការកាត់បន្ថយតម្រូវការសម្រាប់ការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ ក្នុងចំណោមអ្នកដំណើរជាជនជាតិវៀតណាម។ ចំនួនអ្នកដំណើរសម្រាប់ជើងហោះហើរក្នុងស្រុកបានធ្លាក់ចុះ ២០% ទៅ៣០% នារយៈពេលជាង ២សប្ដាហ៍កន្លងមកនេះ»។
វៀតណាមបានស្វាគមន៍ទេសចរជនជាតិចិន ៥,៨ លាននាក់ កាលពីឆ្នាំមុន មានប្រមាណ ១ភាគ៣ នៃចំនួនទេសចរអន្តរជាតិសរុប ១៨ លាននាក់។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរៀតណាម បាននិយាយនាពេលថ្មីៗនេះថា បញ្ហាវីរុសកូរ៉ូណា ឬ Covid 19 នេះ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវខាតបង់ចំណូលប្រមាណ ជាង ៤៣០ លានដុល្លារអាមេរិកហើយគិតមកទល់ពេលនេះ។
ប្រទេសវៀតណាម បានរកឃើញថា ការឆ្លងនូវវីរុសកូរ៉ូណា ដំបូងនៅថ្ងៃទី១ កុម្ភៈ ហើយមកទល់នឹងពេលនេះ វៀតណាមបានរកឃើញការឆ្លងវីរុសនេះ ចំនួន ១៦ ករណី ហើយនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលចំនួនអ្នកស្លាប់ដោយសារវីរុសនេះ នៅទូទាំងពិភពលោកមានចំនួនជាង ១ពាន់នាក់ និងអ្នកឆ្លងមានជាង៦ម៉ឺននាក់ ដែលចំនួននេះ គឺមានការកើនឡើងជាលំដាប់៕