មន្ត្រីក្រសួងការងារមួយរូបបានថ្លែងប្រាប់សារព័ត៌មានអនឡាញ Infonet ដែលគ្រប់គ្រងដោយក្រសួងព័ត៌មានវៀតណាម ថា កង្វះជំនាញភាសាអង់គ្លេសគឺជាឧបសគ្គមួយ ប៉ុន្តែ បញ្ហាធំជាងនេះទៀត គឺកង្វះវិន័យរបស់កម្មករវៀតណាមនៅក្រៅប្រទេស។
លោកស្រី ហា មិញឌុក នាយិការងនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការងារ បានថ្លែងថា ៖ «ពួកគេមិនអាចជឿជាក់បានទេ ហើយអ្នកខ្លះចូលចិត្តផឹកស្រា ដែលជាប្រការមិនល្អសោះនៅពេលធ្វើការនៅប្រទេសក្រៅ»។ លោកស្រីថ្លែងរិះគន់ជាក់លាក់ទៅលើបុរសៗជាកម្មករនៅក្រៅប្រទេស ដែលចូលចិត្តហូបសាច់ឆ្កែនិងឆ្មា។
លោកស្រីថ្លែងរិះគន់យ៉ាងដូច្នេះ ៖ «ពួកគេផឹកស្រា ឬលេងល្បែងរាល់ពេលដែលពួកគេជួបជុំគ្នា។ កម្មករខ្លះទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយឆ្កែឆ្មារបស់អ្នកស្រុកចាប់ផ្ដើមបាត់ជាហូរហែ។ មិនតែប៉ុណ្ណោះសត្វស្លាបដែលគេប្រទះភ្នែក គឺចាប់ធ្វើបបរហូប»។
ប្រជាជនវៀតណាមទទួលទានឆ្កែប្រមាណ ៥លានក្បាលរៀងរាល់ឆ្នាំ ដែលធ្វើឲ្យប្រទេសអាស៊ានមួយនេះក្លាយជាប្រទេសបរិភោគឆ្កែធំជាងគេបំផុតទីពីរ បន្ទាប់ពីប្រទេសចិន ដែលបរិភោគឆ្កែប្រហែល ២០លានក្បាលក្នុងមួយឆ្នាំៗ៕