លោក វូ ឌឹក ប៊ិញ (Vũ Thế Bình) ប្រធានសមាគមទេសចរណ៍វៀតណាម បាននិយាយថា នៅឆ្នាំ២០២៣នេះ វៀតណាមរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានយ៉ាងហោចណាស់ពី១០ទៅ១២លាននាក់។
ការដាក់ក្តីរំពឹងបែបនេះធ្វើឡើងដោយផ្អែកលើតួរលេខនៃការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបពីខែមករា ដល់ខែកញ្ញា គឺមានការកើនឡើងជិត៥ដង ពោលគឺដល់ជិត៩លាននាក់ ដោយឡែកនៅត្រឹមតែមួយខែកញ្ញាប៉ុណ្ណោះ ប្រទេសថៃ ជាអ្នកក្បែរខាងកម្ពុជាវិញអាចទាក់ទាញភ្ញៀវទេសចរបរទេសសរុបបានជាង១លាននាក់។
បើតាមស្ថិតិបានឲ្យដឹងថា នៅក្នុងចំណោមភ្ញៀវទេសចរទាំងអស់ គឺមានជិត៨លាននាក់ បានមកដល់ វៀតណាមតាមផ្លូវអាកាស ខណៈ១លាននាក់តាមផ្លូវគោក និងតាមសមុទ្រលើសកន្លះលាននាក់។ ប្រភពដដែលបានបន្តថា ភាគច្រើននៃភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅវៀតណាម គឺអាស៊ីមានប្រមាណជិត៧លាននាក់ អឺរ៉ុបជាង១លាននាក់ អាមេរិកមានជាងកន្លះលាននាក់ ហើយដោយឡែកអូសេអានី និងអាហ្រ្វិក គឺប្រហែលជាកន្លះលាននាក់។
តែយ៉ាងណាប្រភពដដែលនេះមិនបានបញ្ជាក់ទេថា នៅក្នុងរយៈពេល៩ខែ កន្លងមកនេះ វិស័យទេសចរណ៍វៀតណាម អាចប្រមូលចំណូលចូលសេដ្ឋកិច្ចបានប៉ុន្មានឲ្យច្បាស់លាស់នោះទេ ពោលគឺគ្រាន់តែបានបញ្ជាក់ថា សេវាកម្មស្នាក់នៅ និងការហូបចុក គឺមានកំណើនកើនឡើង១៦ភាគរយ ហើយសម្រាប់សេវាកម្មធ្វើដំណើរ និងទេសចរណ៍ផ្សេងៗ គឺកើនឡើងរហូតដល់ទៅជិត៤៨ភាគរយ។
ដោយឡែកនៅប្រទេសថៃ ឯណោះវិញ គឺនៅក្នុងរយៈពេល៩ខែកន្លងមកនេះ តួរលេខបានបង្ហាញថា ថៃបានទាក់ទាញភ្ញៀវទេសចរបរទេស រហូតដល់ទៅ១៩លាននាក់ ប៉ុន្តែរដ្ឋបាលថៃ មិនអស់ចិត្តនោះទេ ដោយអះអាងថា ចំនួននេះតិចជាងគោលដៅដែលខ្លួនចង់បាន ដូច្នេះហើយថៃ ក៏បានដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀត ពោលគឺគោលនយោបាយលើកលែងទិដ្ឋាការដល់អ្នកទេសចរចិនពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរចិន ឱ្យបាន៤លាននាក់ ស្របពេលរដូវការវិស្សមកាលទេសចរណ៍សម្រាប់ជនជាតិនេះខិតជិតចូលមកដល់។
សម្រាប់ឆ្នាំ២០២៣ នេះ ថៃមានគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបានយ៉ាងហោចណាស់២៥លាននាក់ ខណៈដែលពេលនេះភ្ញៀវទេសចរធំបំផុតរបស់ថៃ គឺម៉ាឡេស៊ី ដែលមានប្រមាណជាង២,៤លាននាក់ ចិនជិត២លាននាក់ កូរ៉េខាងត្បូង ឥណ្ឌា និង រុស្ស៊ីគឺសុទ្ធតែប្រមាណជា១លាននាក់៕