ស្ថិតិបង្ហាញថា តម្រូវការរបស់ប្រជាជនសម្រាប់ប្រាក់កម្ចីទិញ និងការជួសជុលផ្ទះបានថយចុះជាង១% នៅក្នុងឆមាសទីមួយឆ្នាំនេះ ខណៈប្រាក់កម្ចីជារួមបានកើនឡើងរហូតដល់៣១ភាគរយ។
បណ្តាធនាគារនៅប្រទេសវៀតណាមកំពុងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជំរុញតម្រូវការកម្ចីក្នុងវិស័យអចលនទ្រព្យ ជាពិសេសកម្ចីទិញផ្ទះ សំដៅជួយជំរុញការអភិវឌ្ឍន៍វិស័យអលចលនទ្រព្យនៅក្នុងប្រទេស ដែលកំពុងជួបបញ្ហាឲ្យកម្រើកឡើងវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News។
បើយោងតាមរបាយការណ៍របស់ធនាគាររដ្ឋវៀតណាម តម្រូវការរបស់ប្រជាជនសម្រាប់ប្រាក់កម្ចីទិញផ្ទះ និងការជួសជុលផ្ទះបានថយចុះជាង១%នៅឆមាសទីមួយឆ្នាំនេះ ខណៈប្រាក់កម្ចីជារួមបានកើនឡើងរហូតដល់៣១% បើគេធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បណ្តាធនាគារនានាកំពុងព្យាយាមស្វែងរកអ្នកខ្ចី បន្ទាប់ពីដើមទុននៅក្នុងធនាគារមានការកើនឡើង។ ប៉ុន្តែកម្ចីមិនដំណើការតាមបណ្តាធនាគារនៅក្នុងប្រទេស អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិមួយថ្មីបណ្តាលមកពីដើមទុនលើសកម្រិតដែលបានកំណត់។
ប្រភពដដែលបានបន្តថា ដើម្បីជំរុញតម្រូវការប្រាក់កម្ចីទិញផ្ទះ ធនាគារកំពុងកាត់បន្ថយ ឫបញ្ចុះអត្រាការប្រាក់ប្រាក់កម្ចីយ៉ាងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុន។ តួយ៉ាងធនាគារ PVcom Bank កាលពីពេលថ្មីៗនេះបានប្រកាសផ្តល់ប្រាក់កម្ចីមួយកញ្ចប់ធំ ដែលមានតម្លៃរហូតដល់១៥ទ្រីលានដុង ឫប្រមាណជាង៦០០លានដុល្លារ សម្រាប់អ្នក ដែលមានតម្រូវការទិញផ្ទះ ជាមួយនឹងជម្រើសសងបំណុលផ្សេងៗគ្នាជាច្រើន។ បន្ថែមលើការអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះសម្រាប់បំណុលដើម ដើម្បីជួយអ្នកខ្ចីកាត់បន្ថយសម្ពាធនៃការសងបំណុលក្នុងដំណាក់កាលដំបូងនៃការទិញផ្ទះ រយៈពេលនៃកម្ចីក៏អាចនឹងអូសបន្លាយដល់ទៅ២៥ឆ្នាំផងដែរ។
លោក ឃ្វៀន ក្វាងជុង ( Nguyễn Quang Trung )អនុប្រធានសេវាកម្មផ្នែកអតិថិជនរបស់ PVcom Bank បាននិយាយថា អត្រាការប្រាក់នៃប្រាក់កម្ចីរបស់ PVcom Bank ដែលកំពុងតែអនុវត្តក្នុងរយៈពេលប្រាំមួយខែដំបូងគឺ៩% ប៉ុន្តែ១០%ក្នុងរយៈពេល១២ខែដំបូង។ ក្រៅពីនេះ លោក ជុង បាននិយាយថា ធនាគារក៏មានគោលនយោបាយសងប្រាក់មុនដោយឥតគិតថ្លៃផងដែរ បន្ទាប់ពីអតិថិជនខ្ចីបានពី៣ទៅ៤ឆ្នាំ ដែលនឹងជួយឱ្យអ្នកខ្ចីមានជម្រើសកាន់តែច្រើនដោយផ្អែកលើប្រាក់ចំណូលរបស់ពួកគេនៅពេលនោះ។
នៅវៀតណាមបច្ចុប្បន្ននេះ ធនាគារក៏កំពុងតែផ្តល់ប្រាក់កម្ចីដែលមានទំហំទឹកប្រាក់ចាប់ពី ៧០ទៅ៨០ភាគរយនៃតម្លៃផ្ទះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញកត់សម្គាល់ផងដែរថា ប្រាក់កម្ចីទិញផ្ទះជាធម្មតា គឺជាកម្ចីរយៈពេលវែង ដូច្នេះហើយប្រជាពលរដ្ឋគួរតែពិចារណាឱ្យបានហ្មត់ចត់អំពីស្ថានភាពហិរញ្ញវត្ថុទូទៅរបស់គ្រួសាររបស់ពួកគេជាមួយនឹងប្រាក់កម្ចី ដើម្បីអាចសងបំណុលបានក្នុងរយៈពេលយូរ។
លោក ក្វាច ឌុយម៉ាយ ( Quách Duy Mỹ ) អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកកម្ចីទិញផ្ទះរបស់ VP Bank បាននិយាយថា ប្រជាជនគួរតែជ្រើសរើសធនាគារដែលមានរយៈពេលកម្ចីវែង។ លោកបានលើកឡើងថា ករណីដូចជាធនាគារ VPBank អាចផ្តល់ដល់អតិថិជនខ្ចីមានរយៈពេលកម្ចីរហូតដល់២៥ឆ្នាំ ដែលនឹងជួយកាត់បន្ថយសម្ពាធនៃការសងប្រចាំខែ។
លោក ឃ្វៀន វាន់ ប៉ូ ( Nguyen Van Bộ ) ជាពលរដ្ឋវៀតណាមនៅទីក្រុងហាណូយ បាននិយាយថា មនុស្សកាន់តែច្រើនកំពុងពិចារណាទិញផ្ទះ បន្ទាប់ពីធនាគារបានប្រកាសពីកម្មវិធីបញ្ចុះអត្រាការប្រាក់កម្ចី។ ជាមួយគ្នានេះលោកក៏កំពុងស្វែងរកគម្រោងផ្ទះល្វែងដែលមានតម្លៃសមរម្យ ខណៈដែលអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះបានធ្លាក់ចុះជាមធ្យម២ភាគរយបើធៀបនឹងឆ្នាំមុន។ លោកបានបន្តទៀតថា ដើម្បីទាក់ទាញអតិថិជនបច្ចុប្បន្នធនាគារនិងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ខ្លះក៏បានប្រកាសផ្តល់ពេលអនុគ្រោះរហូតដល់ទៅពីរឆ្នាំដោយមិនចាំបាច់បង់ប្រាក់ដើម និងការប្រាក់លើបំណុលដែលពលរដ្ឋចង់ទិញផងដែរ៕
ដោយៈ សរ សុជាតិ