លោក តូ ឡឹម អគ្គលេខាធិកាបក្សកុម្មុយនីស្តវៀតណាម បាននិយាយទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួននៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងសប្តាហ៍នេះថា លោករំពឹងថា អ្នកវិនិយោគអាម៉េរិកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការដកខ្លួនចេញពីបញ្ជីប្រទេសមានសេដ្ឋកិច្ចមិនមែនទីផ្សារសេរី។ ជាមួយគ្នានេះ លោក តូ ឡឹម ក៏រំពឹងផងដែរថា វិនិយោគិនអាម៉េរិក នឹងពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាមលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពលកកើតឡើងវិញ។
ការបង្ហាញក្តីរំពឹងជាថ្មីរបស់ថ្នាក់ដឹកនាំវៀតណាមរូបនេះ ធ្វើឡើងក្រោយរដ្ឋបាល លោក ចូ បៃដិន កាលពីខែសីហា បានច្រានចោលសំណើរបស់ខ្លួនក្នុងការផ្លាស់ប្តូរស្ថានភាពទីផ្សារសេដ្ឋកិច្ច ដែលកត្តានេះបានបង្ហាញពីការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារដ៏សំខាន់បំផុតរបស់ខ្លួនមួយនេះ។
ក្រោយរដ្ឋបាលលោក បៃដិន សម្រេចបែបនេះ ស្ថានទូតអាម៉េរិក ប្រចាំនៅទីក្រុងហាណូយ បាននិយាយថា ខ្លួននឹងធ្វើការជាមួយប្រទេសវៀតណាម លើជំហាន ដែលខ្លួនអាចធ្វើបាន ដើម្បីផ្លាស់ប្តូរប្រទេសនេះទៅជាប្រទេសដែលមានចំណាត់ថ្នាក់ជាប្រទេសអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី។
នៅក្នុងដំណើររបស់លោក តូ ឡឹម ទៅកាន់សហរដ្ឋអាម៉េរិក ជាលើកដំបូង បន្ទាប់ពីទទួលបានការតែងតាំងជាមេដឹកនាំកំពូលរបស់វៀតណាមលើកនេះ រដ្ឋាភិបាលវៀតណាម បានអះអាងថា ក្រុមហ៊ុនវៀតណាម និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួន ដើម្បីសហការលើផ្នែកថាមពល បញ្ញាសិប្បនិម្មិត និងមជ្ឈមណ្ឌលទិន្នន័យ។
រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានៅក្នុងវេទិកាធុរកិច្ចនៅសហរដ្ឋអាម៉េរិកនោះ រួមមាន ការផ្ទេរបច្ចេកវិទ្យាថាមពល ក៏ដូចជាអនុស្សរណៈ ស្តីអំពី AI និងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ៕
ដោយៈ សរ សុជាតិ