នាយកប្រតិបត្តិអង្គការ សេដាក បានលើកឡើងថា វាជារឿងមួយដែលសមហេតុផល ដែលវៀតណាមត្រូវងាកមករកទីផ្សារផលិតនៅកម្ពុជា ដោយសារប្រទេសមួយនេះធ្លាប់បានជាប់ឈ្មោះយ៉ាងជោកជាំជាប្រទេសមួយដែលមានការប្រើប្រាស់គីមីច្រើនលើការផលិតកសិកម្ម។
តម្រូវការផលិតផលកសិកម្មសរីរាង្គនៅប្រទេសវៀតណាមកំពុងហាក់មានការកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានធ្វើឲ្យផ្ទៃដីដាំដុះដំណាំសរីរាង្គរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ មានរហូតដល់ជាង ៧ម៉ឺន៦ពាន់ហិកតា ពោលគឺមានកំណើនជាង ៣ដង បើគិតតាំងពីឆ្នាំ២០១០។
👉 គួរអាន ! ពលរដ្ឋវៀតណាមផ្អើលដាំបន្លែសរីរាង្គតាមគ្រួសារ ព្រោះបារម្ភពីបន្លែមានជាតិគីមី
ទន្ទឹមនឹងនោះ ទំហំនៃការនាំចេញផលិតផលកសិកម្មសរីរាង្គរបស់វៀតណាម ទៅក្រៅប្រទេស ក៏នៅមានបរិមាណតិចតួចនៅឡើយ ដែលធ្វើឲ្យប្រទេសមួយនេះត្រូវជំរុញឲ្យមានការផលិតក្នុងស្រុកកាន់តែច្រើន ក៏ដូចជាស្វែងរកដៃគូខាងក្រៅស្រុកដើម្បីពង្រីកផលិតភាពសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនិងការនាំចេញ។
ការដាំដុះដំណាំសរីរាង្គមិនត្រឹមតែកំពុងមានតម្រូវការ និងដាំដុះច្រើនតែនៅប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ត្រូវបានប្រទេសជាច្រើនកំពុងអនុវត្តផងដែរ។
លោក សម វិទូ នាយកប្រតិបត្តិអង្គការ សេដាក បានមើលឃើញថា កម្ពុជានឹងក្លាយជាទីតាំងភូមិសាស្ត្រដ៏ល្អមួយសម្រាប់វៀតណាមក្នុងការសហការផលិតកសិកម្មសរីរាង្គដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកវៀតណាម ដែលកំពុងមានតម្រូវការខ្ពស់ និងនាំចេញបន្ត។
លោកបន្តថា មូលហេតុដែលប្រទេសភាគខាងកើតកម្ពុជាមួយនេះ ជ្រើសយកកម្ពុជាសម្រាប់ជាទីផ្សារផលិតកសិកម្មសរីរាង្គ ព្រោះប្រទេសនេះហាក់កំពុងមានឈ្មោះជោកជាំលើការប្រើប្រាស់គីមីក្នុងការផលិតដំណាំ ដូច្នេះ ពួកគេចាំបាច់ត្រូវការកម្ពុជាដែលជាទឹកដីមានសក្ដានុពលសម្រាប់កសិកម្ម។
លោក វិទូ បន្ថែមថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនវៀតណាមជាច្រើនបាននិងកំពុងសិក្សាលើការវិនិយោគផលិតកសិកម្មសរីរាង្គនៅកម្ពុជា ជាមួយអង្គការសេដាក ហើយកន្លងមក អង្គការសេដាក ក៏បានសហការជាមួយក្រុមហ៊ុនវៀតណាមមួយចំនួនក្នុងការនាំចេញអង្ករសរីរាង្គទៅកាន់ប្រទេសវៀតណាមផងដែរ។
ដោយឡែក បើពិនិត្យទៅលើទីផ្សារជាក់ស្ដែងនៅកម្ពុជាវិញ លោក សម វិទូ បានគូសបញ្ជាក់ថា ទីផ្សារបន្លែក៏ដូចជាដំណាំសរីរាង្គនេះ ហាក់មានការពេញនិយមទទួលទានច្រើនពីអតិថិជន ដ្បិតថាវានៅមានការផលិតតិចតួច តែតម្រូវការមានច្រើន ពិសេសគឺនៅរាជធានីភ្នំពេញតែម្ដង។
តាមប្រសាសន៍នាយកប្រតិបត្តិអង្គការ សេដាក ដដែល រហូតមកទល់បច្ចុប្បន្ន អង្គការអភិវឌ្ឍន៍កសិកម្មមួយនេះ មានសមាជិកដាំដុះដំណាំសរីរាង្គរបស់ខ្លួន ជាង ២០០នាក់ហើយ។ ទោះយ៉ាងណា លោកថា កសិករផលិតដំណាំសរីរាង្គនៅតែជួបបញ្ហាប្រឈមជាច្រើន ដូចជា បច្ចេកទេសក្នុងការផលិតមិនទាន់មានគ្រប់គ្រាន់ ខ្វះខាតជីធម្មជាតិសម្រាប់ដាំដុះ ខ្វះកម្លាំងពលកម្ម ខ្វះប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវ និងបញ្ហាទីផ្សារជាដើម។
ទន្ទឹមនឹងនោះដែរ លោក សម វិទូ ក៏សំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យជួយដល់ការងារបច្ចេកទេសមួយចំនួនដល់កសិករ ដើម្បីធានាបាននូវគុណភាពផលិត និងតម្លៃសមរម្យ ស្របទៅតាមយន្ដការប្រកបដោយចីរភាព។
គួរបញ្ជាក់ដែរថា ផ្ទៃដីដាំដុះកសិកម្មនៅកម្ពុជាមានប្រមាណជាង ៣លាន៥សែនហិកតា ក្នុងនោះ មាន ២លាន៥សែនហិកតា គឺជាប្រភេទដីស្រែ។ ដោយឡែកផ្ទៃដីដែលមានការដាំដុះដំណាំសរីរាង្គផ្ទាល់ មិនទាន់មានការកត់ទិន្នន័យច្បាស់លាស់នៅឡើយទេ៕