លោក ភួង ដុច ទៀន អនុរដ្ឋមន្រ្តីនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកវៀតណាម ថា ការទទួលស្គាល់ពីអាមេរិក គឺសបញ្ជាក់ថា ប្រទេសវៀតណាម មានប្រព័ន្ធត្រួតពិនិត្យគុណភាពល្អ និងអាចបំពេញទៅតាមលក្ខខណ្ឌរបស់ អាមេរិក ដែលជាប្រទេសដ៏តឹងរ៉ឹងបំផុត ក្នុងពិភពលោក។
វាជាដំណឹងដ៏ល្អមួយ ដែលសហគ្រាសចិញ្ចឹម និងកែច្នៃត្រីប្រាក្នុងស្រុកវៀតណាម អាចមានឱកាសចូលទៅក្នុងទីផ្សារ និងពង្រីកទីផ្សារបន្ថែមទៅកាន់ សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនវៀតណាម ចំនួន ១៣ កំពុងនាំចេញត្រីប្រាទៅកាន់ អាមេរិក ហើយការផលិតត្រីប្រារបស់វៀតណាម សម្រេចបានជាង ១លាន ៣សែនតោន ក្នុងមួយឆ្នាំៗ។
លើសពីនេះទៅទៀត នាយកដ្ឋានពាណិជ្ជកម្មអាមេរិក ក៏បានប្រកាសបន្ធូរបន្ថយពន្ធ សម្រាប់ ត្រីប្រា ហ្វីឡេ កក របស់វៀតណាមថែមទៀតផង ដែលពន្ធនេះ មានចន្លោះចាប់ពី ១,៣ ដុល្លារ រហូតដល់ ៣,៨ ដុល្លារ សម្រាប់ត្រីមួយគីឡូក្រាម។
ទោះបីជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍអាជីវកម្មពីខ្នាតតូច ទៅជា ខ្នាតធំ នៅក្នុងវិស័យនេះ គឺនៅមានភាពប្រកួតប្រជែងខ្លាំង ដោយសារតែ ការប្រើប្រាស់បច្ចេកវិទ្យារបស់ សហគ្រាសធំៗ អាចធ្វើឲ្យ ផលិតកម្មត្រីប្រា អាចទទួលទិន្នផលច្រើនជាងមុន ដែលធ្វើឲ្យមានការលំបាក សម្រាប់អ្នកចាប់ផ្តើមពង្រីកអាជីវកម្មថ្មីៗ។
គួរជម្រាបថា គិតត្រឹម ៣ត្រីមាស ដើមឆ្នាំ ២០១៩នេះ វៀតណាម នាំចេញត្រីប្រា មានតម្លៃជាង ២២០លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក ថយចុះ ៤០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលកាលពីឆ្នាំ ២០១៨កន្លងទៅ វៀតណាម បាននាំចេញត្រីប្រា ដែលមានតម្លៃសរុប ៥៥០លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក៕