វៀតណាមសម្រុកនាំចូលសាច់ជ្រូក

វៀតណាម សម្រុកនាំចូលសាច់ជ្រូកពីបរទេសដើម្បីបំពេញកង្វះខាតនិងបន្ទាបថ្លៃសាច់ជ្រូកមកវិញ


ប្រទេសវៀតណាម បាននិងកំពុងសម្រុកទិញសាច់ជ្រូក ពីក្រៅប្រទេស រហូតដល់ ២ម៉ឺន ៥ពាន់តោន ក្នុងរយៈពេលជាង ២ខែ ដើមឆ្នាំ ២០២០នេះ ដែលមានកំណើនរហូតដល់ទៅ ២០៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ហើយការនាំចូលដ៏ច្រើននេះ គឺដើម្បីបំពេញតម្រូវការខ្វះខាត ក៏ដូចជា ចូលរួមបន្ទាបថ្លៃសាច់ជ្រូក ឲ្យចុះថោកមកវិញ ខណៈដែរ តម្លៃនេះ បានកើនឡើងខ្ពស់ដោយបញ្ហាជម្ងឺប៉េស្តជ្រូក និងជម្ងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
វៀតណាម បន្ថែមការនាំចូលសាច់ជ្រូកពី អាមេរិក និងអឺរ៉ុប ដើម្បីបំពេញកង្វះខាត (រូបភាព៖www.vir.com.vn/)
ដោយ

ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បាន​គូសបញ្ជាក់​ថា ការ​នាំ​ចូល​សាច់​ជ្រូក​ពី​ក្រៅប្រទេស គឺ​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ដែល​មានការ​ខ្វះខាត ដោយសារ​តែ ការ​រាតត្បាត​នៃ​ជម្ងឺប៉េស្ត​ជ្រូក បាន​បំផ្លាញ​សត្វ​ជ្រូក​ក្នុងស្រុក និង​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​ខ្ពស់ ហើយ​ម្យ៉ាងទៀត ជម្ងឺ​កូ​វី​ដ​១៩ ក៏​ជា​ការ​រាំងស្ទះ​ដល់ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន​តាម​ច្រកព្រំដែន​ផង​ដែរ​។

លោក ង្វៀ​ន សួន​ហ្វ៊​ក នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​បង្គាប់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​សំខាន់​ៗ ដើម្បី​បន្ទាប​ថ្លៃ​សាច់​ជ្រូក ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ធំ​ៗ​ក្នុងស្រុក ជួយ​បន្ទាប​ថ្លៃ​សាច់​ជ្រូក​រស់ ឲ្យ​នៅ​ត្រឹម​ប្រមាណ ៣​ដុល្លារ ក្នុង​មួយ​គីឡូក្រាម​។

អ្វី​ដែល រដ្ឋាភិបាល​វៀតណាម​ចង់បាន គឺ​បន្ទាប​ថ្លៃ​សាច់​ជ្រូក​រស់ ឲ្យ​ថយ​ចុះ​ពី ៣,៦​ដុល្លារ មក​នៅ​ត្រឹម ២,៦០​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ក៏​ប៉ុន្តែ​ពុំ​ទាន់​អាច​ធ្វើ​បាន ដោយសារ​តែ តម្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ​អន្តរជាតិ នៅ​មាន​កម្រិត​ខ្ពស់ ព្រោះ​វៀតណាម បាន​នាំ​ចូល​សាច់​ជ្រូក​ពី កា​ណា​ដា អា​ល្លឺ​ម៉​ង់ ប្រេ​ស៊ី​ល និង​អា​មេ​រិ​ក​ជាដើម ហើយ​អ្វី​ដែល​វៀតណាម អាច​ធ្វើ​បាន​គឺ​ពង្រឹង​ការ​ចិញ្ចឹម​ជ្រូក​ឡើង​វិញ ដោយ​ផ្តោត​ទៅ​លើ ស្តង់ដារ​សុខភាព​អនាម័យ ជា​ចំបង​។

យ៉ាងណា​ក៏​ដោយ ជា​ជាង​ការ​ប្រើប្រាស់​សាច់​ជ្រូក​តែ​មួយ​មុខ រដ្ឋ​វៀតណាម ក៏​បាន​ណែនាំ​ប្រជាជន​របស់​ខ្លួន ប្រើប្រាស់​សាច់​ផ្សេង​ៗ​ដូច​ជា សាច់​មាន់ សាច់​គោ និង​គ្រឿង​សមុទ្រ ជំនួស ហើយ​នៅ​ដើមឆ្នាំ ២០២០​នេះ វៀតណាម ក៏​បាន​នាំ​ចូល​សាច់​ក្របី ២០​ពាន់​តោន សាច់​គោ ១០៤​ពាន់​តោន និង​សាច់​បក្សី ជិត ៥០​ពាន់​តោន​។

សូម​ជម្រាប​ដែរ​ថា ក្នុង​រយៈពេល ២​ខែ​ដំបូង​នេះ វិស័យ​កសិកម្ម​វៀតណាម សម្រេច​បាន​អតិរេក​ពាណិជ្ជកម្ម​ជាង ១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ វៀតណាម​នាំ​ចូល​ផលិតផល​កសិកម្ម​ជាង ៤​ពាន់ ៣​រយ​លាន​ដុល្លារ និង​នាំ​ចេញ​ផលិតផល​ទៅ​ក្រៅប្រទេស​វិញ​ជាង ៥,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


មហាសេដ្ឋីថៃ​រូប​នេះ​ចាយលុយ ១០០លាន​បាត សង់រោងចក្រ​ផលិត​ម៉ាស់​ចែក​ដោយ​ឥត​គិត​ថ្លៃ

លោក​ ថានិន ឈៀរ៉ាវ៉ាណុន (Dhanin Chearavanont) ប្រធាន​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Charoen Pokphand (CP) Group ជាក្រុមហ៊ុន​ដ៏ធំបំផុត​មួយ…

ក្រសួងសុខាភិបាល ប្រកាសរកឃើញ Covid-19 ចំនួន ៤ករណីបន្ថែមទៀត! ខណៈអ្នកឆ្លងសរុបកើនដល់ ៣៧ ករណី

ក្រសួងសុខាភិបាល កម្ពុជា បានរកឃើញករណីឆ្លងមេរោគ Covid-19 ចំនួន ៤ករណីថ្មីបន្ថែមទៀត ដែលបានធ្វើឲ្យករណីឆ្លងសរុប បានកើនឡើងដល់ទៅ ៣៧ ករណីហើយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ