ប្រទេសរុស្ស៊ី មានចំណែកទីផ្សារប្រមាណ ១ភាគ១០នៃការនាំចូលជីកសិកម្មសរុបរបស់វៀតណាមប្រមាណ ១៨ម៉ឺនតោន ពោលគឺឈរលេខពីរបន្ទាប់ពីប្រទេសចិន ដែលមានចំណែកដល់ទៅ ៤០% នៃការនាំចូលជីសរុបរបស់វៀតណាម។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម។
លោក Bui Minh Truong ប្រធានក្រុមហ៊ុន Swissfertz Vietnam ដែលជាក្រុមហ៊ុននាំមុខគេនៅវៀតណាម នាំចូលជីប្រភេទ NPK ពីរុស្ស៊ី បាននិយាយថា វៀតណាម អាចត្រូវការនាំចូលជីកសិកម្មប្រមាណ ៣០ ទៅ៤០ម៉ឺនតោនក្នុងមួយឆ្នាំៗពីប្រទេសនៅតំបន់អឺរ៉ុប ប្រសិនបើការដឹកជញ្ជូនកាន់តែមានភាពងាយស្រួលជាមុន។ លោកបន្ថែមថា តម្លៃជីកសិកម្ម នៅវៀតណាម ក៏មានការធ្លាក់ចុះដែរ នៅមានពេលមានការនាំចូលជីផ្គង់ផ្គត់ឲ្យបានច្រើននៅលើទីផ្សារ ដើម្បីសម្រួលបន្ទុកសម្រាប់កសិករ និងអ្នកប្រើប្រាស់។
ត្រូវបានស្រង់សម្ដីដោយសរព័ត៌មាន VN Express លោក Timur Sadykov អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ បាននិយាយថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងវៀតណាម បានកើនឡើងដល់២៦% នៅក្នុងឆមាសទី១ឆ្នាំនេះ និងមានលក្ខណៈអំណោយផលកាន់តែប្រសើរផងដែរនៅឆមាសទី២ខាងមុខនេះ។រុស្ស៊ី និងវៀតណាម ទើបតែចាប់ផ្ដើមផ្លូវពាណិជ្ជកម្មសមុទ្ររវាងគ្នា ហើយប្រទេសទាំងពីរ ក៏កំពុងចរចាផ្លូវដឹកជញ្ជូនទំនិញតាមរថភ្លើងឆ្លងកាត់ប្រទេសចិនផងដែរ។
តម្លៃជីកសិកម្មបានធ្លាក់ចុះ នៅក្នុងប្រទេសវៀតណាម ថ្មីៗនេះ ហាក់មានការធ្លាក់ចុះបន្ដិចវិញ ដោយសារតែតម្លៃ និងតម្រូវការពិភពលោកមានការថយចុះ ដោយសារអំឡុងពេលនេះ ជារដូវប្រមូលផល។
ទោះយ៉ាងណា តម្លៃជីត្រូវបានគេរំពឹងថា អាចនឹងកើនឡើងត្រឡប់មកវិញ នៅពេលដែលរដូវដាំដុះចាប់ផ្ដើមឡើងវិញ ហើយក្រៅពីនេះ តម្លៃធ្យូងថ្ម និងឧស្ម័ន ដែលជាវត្ថុធាតុដើមសម្រាប់ការផលិតជី ក៏ត្រូវបានគេមើលឃើញពីសញ្ញាកើនឡើងកាន់តែខ្ពស់ផងដែរ៕