
របាយការណ៍ស្រង់មតិ របស់ក្រុមហ៊ុន CBRE វៀតណាម បង្ហាញថា ចំនួនលំនៅដ្ឋានអាផាតមិន ប្រណីតនៅក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម ដែលលក់មិនដាច់ ឬនៅសល់ គិតត្រឹមត្រីមាសទី ៤ឆ្នាំ២០១៩កន្លងទៅ មាន៦៧៧ យូនីត រីឯនៅក្នុងទីក្រុងហាណូយវិញ គឺលក់ដាច់គ្មានសល់នោះឡើយ។ តាមរយៈតួលេខនេះ បង្ហាញថា វៀតណាម គឺមានចំនួនអាផាតិមិន លំដាប់ប្រណីតលក់សល់ តិចជាងគេបំផុតធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន។
តួលេខបានបង្ហាញថា នៅទីក្រុងបាងកកប្រទេសថៃ មានចំនួនអាផាតិមិនលំដាប់ប្រណីត ដែលលក់សល់រហូតដល់ទៅ ជាង៣ម៉ឺនយូនីត នៅសិង្ហបុរីមាន៨៤០០ យូនីត និងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីមាន២៤០០ យូនីត។
តម្លៃមធ្យមនៃអាផាមិតលំដាប់ប្រណីត គឺមានតម្លៃ ជាង ៦ពាន់៣០០ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ គិតក្នុងត្រីមាសទី ៤ឆ្នាំ២០១៩ កើនឡើង១០% ធៀបនឹងឆ្នាំមុន។
បើតាមរបាយការណ៍ តាមតួលេខសបញ្ជាក់ថា
វៀតណាមគឺជាទិសដៅមួយ ក្នុងចំណោមប្រទេសនាំមុខ ដែលមានសក្ដានុពលនៃការលូតលាស់ទីផ្សារលំនៅដ្ឋានអាផាតមិនលំដាប់ប្រណីត
នៅក្នុងតំបន់។
តម្លៃអាផាតមិននៅវៀតណាម បានកើនឡើង ខណៈការផ្គត់ផ្គង់មានការធ្លាក់ចុះ។ តួយ៉ាងកាលពីឆ្នាំមុន មានគម្រោងថ្មីតែ២ប៉ុណ្ណោះ ដែលបានបើកសម្ពោធ នៅវៀតណាម ខណៈកាលពីឆ្នាំ២០១៨ មាន៥គម្រោង។ នេះក៏ជាហេតុផលមួយ ដែលបានជំរុញអត្រាស្រូបយកនៃគម្រោងដែលបានចាប់ផ្ដើមថ្មីៗ នៅក្នុងទីផ្សារអាផាតមិនលំដាប់ប្រណីតនេះ ដោយនៅត្រីមាសចុងក្រោយនៃឆ្នាំ២០១៩ មានការកើនឡើង ដល់ទៅ ៧០%។
តាមរបាយការណ៍បញ្ជាក់ទៀតថា តម្លៃអាផាតមិន នឹងកើនឡើង១០% ក្នុងមួយឆ្នាំ ដោយសារតែកង្វះខាតការផ្គត់ផ្គង់។ ចំណែកទីផ្សារអាផាតមិនលំដាប់ប្រណីត មានប្រមាណតែ៦% ប៉ុណ្ណោះ នៃគម្រោងអាផាតមិនថ្មីៗនៅក្រុហូជីមិញកាលពីឆ្នាំមុន ហើយបើធៀបនឹងចំណែកទីផ្សារអាផាតមិនតម្លៃសមរម្យវិញ គឺអាផាតិមិនលំដាប់ប្រណីតនេះ មានតែ២%ប៉ុណ្ណោះ៕