ការិយាល័យស្ថិតិទូទៅវៀតណាម បានគូសបញ្ជាក់ថា ទុនវិនិយោគសរុបរបស់ សហគ្រាសដែលទើបតែបង្កើតថ្មី ទាំងអស់នេះគឺមានសរុបជាង ៦០ពាន់លានដុល្លារអាមេរិក កើនឡើង ១០% បើធៀបនឹងរយៈពេល ៩ខែ កាលពីឆ្នាំមុន បើគិតជា ដើមទុនចុះបញ្ជីជាមធ្យមរបស់សហគ្រាសនីមួយៗ គឺប្រមាណ ៦សែនដុល្លារអាមេរិក។
លើសពីនេះ ក៏មាន សហគ្រាសដែលកំពុងតែដំណើរការ បានចុះបញ្ជីដំឡើងដើមទុនជាង ៩០ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។
ក្នុងចំណោមនោះ អាជីវកម្មទាក់ទងនឹង វិស័យអគ្គិសនី ផលិតកម្មទឹក និងហ្គាស មានកំណើនដល់ទៅ ២៧០% ដែលមានសហគ្រាសបង្កើតថ្មីជាង ៤.២០០កន្លែង។
ការិយាល័យស្ថិតិទូទៅវៀតណាម បានបន្ថែមថា វិស័យផ្សេងៗទៀត បានថយចុះនូវចំនួនសហគ្រាសថ្មី ដូចជា វិស័យលក់ដុំ និងរាយ, វិស័យជួសជុលយានយន្ត និងម៉ូតូ, វិស័យសំណង់ និងវិស័យបដិសណ្ឋាកិច្ចជាដើម។
យ៉ាងណាមិញ ក្នុងរយៈពេល ៣ត្រីមាសនេះ ក៏មានសហគ្រាសជិត ៤ម៉ឺនកន្លែង បានផ្អាកដំណើរការអាជីវកម្ម ជាបណ្តោះអាសន្ន និងមានជាង ២,៧ម៉ឺនសហគ្រាសទៀត កំពុងដំណើរការបិទអាជីវកម្មតែម្តង។
សូមជម្រាបដែរថា ការិយាល័យស្ថិតិទូទៅវៀតណាម ក៏បានស្នើសុំទៅ រដ្ឋាភិបាលវៀតណាម ឲ្យបង្កើតនូវ គោលនយោបាយជាច្រើនទៀត ដើម្បីជួយដល់សហគ្រាសវិនិយោគ ដូចជា ការលើកលែង ឬកាត់បន្ថយបន្ទុកពន្ធ ពន្យារពេលបង់ប្រាក់ សម្រាប់ការបង់សងកម្ចីពាណិជ្ជកម្មជាដើម៕