ឧបនាយករដ្ឋមន្ត្រីវៀត លោក Le Van Thanh បានអះអាងថ្មីៗនេះថា រោងចក្រចម្រាញ់ប្រេងទី៣នេះ ត្រូវបានកំណត់ថា មានសមត្ថភាពចម្រាញ់ប្រេងបាន ១០ លានតោនក្នុងមួយឆ្នាំ ដែលមានទីតាំងនៅភាគខាងត្បូងនៃខេត្ត Ba Ria-Vung Tau។
បច្ចុប្បន្ន វៀតណាមមានរោងចក្រចម្រាញ់ប្រេងចំនួនពីរគឺ Nghi Son និង Binh Son ដែលរោងចក្រទាំងពីនេះ បូកបញ្ចូលគ្នាមានសមត្ថភាពចម្រាញ់ប្រេងសរុបបាន ១៣លានតោនក្នុងមួយឆ្នាំ។
សូមជម្រាបថា រោងចក្រទាំងពីរនេះ បំពេញតម្រូវការក្នុងស្រុកប្រមាណ ៧០ភាគរយ ខណៈ៣០%ទៀតជាប្រេងនាំចូល។
ជាមួយនឹងរោងចក្រថ្មីនេះ សមត្ថភាពផលិតប្រេងសរុបរបស់វៀតណាមនឹងឈានដល់ ២៣ លានតោនក្នុងមួយឆ្នាំ ដែលចំនួននេះត្រូវបានរំពឹងថា នឹងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។
គួរជម្រាបថា ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏នឹងបង្កើនការខួងយកប្រេងឆៅដែរ ព្រោះថាការផ្គត់ផ្គង់បច្ចុប្បន្នអាចបំពេញ បានតែ ៥០ ភាគរយ នៃតម្រូវការផលិតកម្មប្រេងប៉ុណ្ណោះ។
យ៉ាងណាមិញ តម្លៃសាំងនៅប្រទេសវៀតណាម ក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយសារការប្រែប្រួលនៃអត្រាតម្លៃទីផ្សារពិភពលោក។ តម្លៃសាំងក្នុងប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតដល់ ១ដុល្លារ៣០សេនក្នុងមួយលីត្រកាលពីសប្តាហ៍មុន។ តម្លៃកើនឡើងនេះ ក៏ជាផ្នែកមួយដែលបណ្ដាលមកពីរោងចក្រចម្រាញ់ប្រេង Nghi Son ត្រូវកាត់បន្ថយការផលិតកម្មតាំងពីខែកុម្ភៈ ដោយសារតែជួបបញ្ហាហិរញ្ញ។
គួរបញ្ជាក់ថា ស្ថានីយ៍ប្រេងឥន្ធនៈនៅទូទាំងប្រទេសវៀតណាមបានរាយការណ៍ពីការខ្វះខាតប្រេង ហើយមួយចំនួនទៀតបានបិទស្ថានីយ៍ជាបណ្តោះអាសន្នក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
អត្ថបទ ស៊ើង និមល់