បើតាមរបាយការណ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ស្តីអំពី សេដ្ឋកិច្ចអាស៊ានក្នុងវិបត្តិមេរោគកូវីដ១៩ បានបង្ហាញទៀតថា ប្រទេសវៀតណាម និងប្រទេសចិន អាចនឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ក្នុងឆ្នាំ ២០២០នេះ ហើយសេដ្ឋកិច្ចវៀតណាម នឹងបន្តលូតលាស់រង្វង់ ៦% រហូតដល់ឆ្នាំ ២០៣៥ ដែលរុញច្រានដោយ កំណើននៃការនាំចេញ។
បើសិនជា វៀតណាមអាចរក្សាបាននូវកំណើន ៦% ដល់ឆ្នាំ ២០៣៥ យ៉ាងពិតប្រាកដមែន វៀតណាម នឹងក្លាយជាសេដ្ឋកិច្ចធំជាងគេបង្អស់លំដាប់ទី ២ នៅតំបន់អាស៊ីអាគ្នេយ៍ នៅពីក្រោយសេដ្ឋកិច្ចឥណ្ឌូនេស៊ី ហើយប្រាក់ចំណូលរបស់ពលរដ្ឋវៀតណាមម្នាក់ៗ នឹងកើនដល់ ១ម៉ឺន ១ពាន់ដុល្លារអាមេរិក។របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា បើសិនជា ករណីឆ្លងមេរោគកូវីដ កាន់តែធ្ងន់ធ្ងរទៅ វានឹងប៉ះពាល់ខ្លាំងដល់ សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ការធ្វើជំនួញពាណិជ្ជកម្ម និងប៉ះពាល់ដល់វិស័យជាច្រើនទៀត ដែលបង្អាក់ដល់ដំណើរការលូតលាស់សេដ្ឋកិច្ច រយៈពេលមធ្យម។
សូមជម្រាបផងដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានព្យាករអំពី សេដ្ឋកិច្ចប្រទេសវៀតណាម ថា អាចនឹងមានកំណើន ២,៣% ក្នុងឆ្នាំ ២០២០នេះ ហើយនឹងកើនដល់ទៅ ៦% នៅក្នុងឆ្នាំ ២០២១ខាងមុខ៕