យោងតាមគេហទំព័ររដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្ត្រី ផាម មីញជីញ បានអនុម័តផែនការសាកល្បងបើកកោះត្រល់ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចនៅក្នុងខែវិច្ឆិកាខាងមុខនេះ ហើយវៀតណាមក៏រំពឹងនឹងអាចឈានជើងទៅបើកដំណើរការតំបន់ទេសចរណ៍ផ្សេងទៀតជាបន្ដបន្ទាប់ផងដែរ។ ទន្ទឹមនេះ ផែនការបើកកោះត្រល់ ដែលស្ថិតក្នុងខេត្ត ពាម ឬកៀនយ៉ាង (Kien Giang) ក្នុងជំហានដំបូងនេះ ត្រូវបានគេរំពឹងថា អាចនឹងជួយស្តារឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសនេះឡើងវិញក្នុងពេលឆាប់ៗ។
តើវៀតណាមមានការកំណត់លក្ខខណ្ឌតម្រូវអ្វីខ្លះសម្រាប់ទេសចរអន្តរជាតិដែលចូលមកកោះត្រល់ ឬកោះភូកុក?
ភ្ញៀវទេសចរបរទេស ដែលអាចចូលទៅកម្សាន្ដនៅកោះត្រល់បាន ត្រូវតែជាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ហើយការចាក់ដូសទី២របស់ពួកគេ គឺត្រូវមានរយៈពេលយ៉ាងហោចណាស់ ១៤ ថ្ងៃមុនពេលធ្វើដំណើរទៅកាន់កោះនេះ ហើយមិនលើសពី ១២ ខែមុនពេលមកដល់កោះនេះ។ សូមបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិត្រូវតែចុះឈ្មោះក្នុងបញ្ជីអវិជ្ជមានកូវីដ-១៩របស់អាជ្ញាធរដែលបានកំណត់ ជាមួយនឹងការធ្វើតេស្តកូវីដ ក្នុងរយៈពេល ៧២ ម៉ោងមុនពេលចេញដំណើរមកកាន់វៀតណាម។
គួរដឹងថា យោងតាមក្រសួងសុខាភិបាលវៀតណាម ខេត្ត កៀនយ៉ាង (Kien Giang) បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូសជូនដល់ពលរដ្ឋ ទើបតែបាន ជាង២៣% នៃពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជិញ បានរំពឹងថា ផែនការបើកកោះត្រល់សាកល្បងនេះ អាចទាក់ទាញភ្ញៀវទេសចរពី ២ ទៅ ៣ លាននាក់ មកកាន់កោះទេសចរណ៍មួយនេះ គិតចាប់ពីថ្ងៃបើករហូតដល់ដំណាច់ឆ្នាំ ២០២១ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ប្រទេសវៀតណាមបានកត់ត្រាការធ្លាក់ចុះចំនួនភ្ញៀវអន្តរជាតិយ៉ាងគំហុកនៅក្នុងឆ្នាំនេះ ដោយសារវិធានការរឹតត្បិតការធ្វើដំណើរចំពេលមានជំងឺរាតត្បាត ហើយរដ្ឋាភិបាលវៀតណាមក៏បានបិទព្រំដែន និងលុបចោលជើងហោះហើរអន្តរជាតិទាំងអស់ផងដែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ៕
អត្ថបទ៖ ស៊ើង និមល់