ក្នុងចំណោមអ្នកមានវិជ្ជមានកូវីដ-១៩ ដែលជាករណីនាំចូលទាំង ៤នាក់នោះ គឺមានម្នាក់ជាបុរសវៀតណាម វ័យ ៣៩ឆ្នាំ រស់នៅក្នុងស្រុក Tan Chau ក្នុងខេត្តTay Ninh ជាប់នឹងព្រំប្រទល់ប្រទេសកម្ពុជា។ ប្រភព័ត៌មានវៀតណាម បានឲ្យដឹងទៀតថា បុរសវៀតណាមរូបនេះ បានធ្វើដំណើរពីផ្ទះរបស់ខ្លួនតាមរថយន្ដក្រុង ទៅកាន់ខេត្តសៀមរាប នៅថ្ងៃទី ១០ ខែមករា។ បន្ទាប់មក គាត់បានវិលត្រឡប់ចូលទៅកាន់ប្រទេសវៀតណាមវិញដោយខុសច្បាប់នៅថ្ងៃទី ២ ខែឧសភា។
ប្រភពព័ត៌មានវៀតណាមបន្ថែមថា ប្រទេសវៀតណាម បានបិទព្រំដែនភាគនិរតីជាមួយកម្ពុជា ហើយបានផ្អាកការចូល ក៏ដូចជាសកម្មភាពឆ្លងកាត់ព្រំដែនទាំងអស់ ចាប់តាំងពីខែមេសា មកម្ល៉េះ។
ក្រសួងសុខាភិបាលប្រទេសកម្ពុជា បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា អ្នកជំងឺកូវីដ-១៩ ចុងក្រោយម្នាក់របស់ខ្លួន គឺត្រូវបានព្យាបាលជាសះស្បើយហើយ ពោលគឺក្នុងករណីឆ្លងសរុប១២២នាក់ គឺបានជាសះស្បើយជាបន្តបន្ទាប់រហូតដល់អស់គ្មានសល់ គិតនៅត្រឹមថ្ងៃទី ១៧ ខែឧសភា។
សារព័ត៌មាន VN Express បានគូសបញ្ជាក់ទៀតថា បុរសវៀតណាមដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីទើបត្រឡប់មកពីកម្ពុជានោះ គឺបានជិះម៉ូតូឌុប ដែលបើកបរដោយជនជាតិខ្មែរម្នាក់ ដើម្បីឆ្ពោះទៅកាន់ផ្ទះ ម្ដាយមីងរបស់គាត់នៅក្នុងស្រុក Tan Chau។ ដោយសារតែ មានការស្នើសុំពីម្ដាយមីងរបស់គាត់ គាត់បានវិលត្រឡប់ទៅកាន់ស្ថានីយ៍ប៉ូលីសក្បែរនោះ ហើយត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក នៅថ្ងៃទី ៣ ខែឧសភា។ នៅថ្ងៃទី ៥ ខែឧសភា បុគ្គលិកពេទ្យបានយកឈាមរបស់គាត់ទៅធ្វើតេស្ដ ហើយលទ្ធផលគាត់មានអវិជ្ជមានកូវីដ-១៩។ ប៉ុន្ដែ នៅថ្ងៃសុក្រទី ១៥ ខែឧសភា គាត់ត្រូវបានធ្វើតេស្ដជាលើកទី២ ហើយលទ្ធផលបង្ហាញថា គាត់មានវិជ្ជមានកូវីដ-១៩។ បុរសវៀតណាមរូបនេះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យទូទៅ Tay Ninh។
ខាងក្រសួងសុខាភិបាលវៀតណាម និយាយថា មានមនុស្ស ១៧នាក់ គឺមានការប៉ះពាល់ជិតស្និទ្ធជាមួយនឹងបុរសវៀតណាមមានវិជ្ជមានកូវីដ-១៩រូបនោះ ហើយពួកគេទាំងនោះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីតាមដាន ។
ក្រៅពីនេះ មានករណីកូវីដ-១៩ នាំចូលចំនួនមួយករណីទៀត គឺ កើតឡើងលើយុវជនវៀតណាមវ័យ១៩ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងដាណាង និងទើបត្រឡប់មកពីប្រទេសហ្វីលីពីនតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways។
រីឯ ករណីកូវីដ-១៩ នាំចូលចំនួន ២ទៀត គឺកើតឡើងលើបុរសវ័យ២៩ឆ្នាំ រស់នៅក្នុងខេត្ត Khanh Hoa និងស្ត្រីវ័យ៤១ឆ្នាំ រស់នៅក្នុងខេត្ត Tanh Hoa។ ពួកគេទាំងពីរនាក់នេះ គឺបានធ្វើំដំណើរត្រឡប់មកពីប្រទេសរុស្ស៊ី តាមជើងហោះហើរ Vietam Airline ដែលបានចុះចតកាលនៅវៀតណាមពីថ្ងៃទី ១៣ ខែឧសភា។
គិតមកត្រឹមថ្ងៃទី ១៦ ខែឧសភា គឺមានរយៈពេល៣០ថ្ងៃមកហើយ ដែលវៀតណាម មិនមានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មី នៅក្នុងការចម្លងជាសហគមន៍។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បាននិយាយថា ប្រទេសវៀតនាម នឹងផ្ដោតលើការការពារប្រភពចម្លងពីក្រៅប្រទេស ហើយវានឹងបន្តបិទទ្វារជើងហោះហើរលក្ខណៈពាណិជ្ជកម្ម និងទេសចរបរទេស៕