ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា សម្រាប់ការចេញប្រតិបត្តិការសម្អាតម្ដងៗ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ហើយកម្មករសម្អាតទាំងនោះ នឹងប្រមូលសំរាមដែលរសាត់អណ្ដែតនៅលើផ្ទៃទឹកប្រឡាយទាំងនោះ ជាមធ្យម ប្រមាណ៣៥ តោនក្នុងមួយថ្ងៃ។
បើតាមនាយកដ្ឋានធនធានធម្មជាតិនិងបរិស្ថាន មាន៧០ ភាគរយ នៃកាកសំណល់ដែលមានតាមប្រឡាយទឹកទាំងនោះ គឺជាវត្ថុប្រើប្រាស់ធ្វើស្នោរ ក្រណាត់លីឡុង បំណែកនៃសម្ភារគ្រឿងសង្ហារឹមចាស់ៗ និងគ្រោងឆ្អឹងសាកសពសត្វជាដើម។ រីឯ ៣០ ភាគរយផ្សេងទៀត គឺជាស្មៅ និងរុក្ខជាតិដុះលើទឹក។
ប្រភព័ត៌មានវៀតណាម ដដែលបានឲ្យដឹងទៀតថា ទីក្រុងហូជីមិញ បច្ចុប្បន្នមានប្រឡាយទឹកចំនួន១៧០ ស្មើនឹងប្រវែងជិត៧០០ គីឡូម៉ែត្រ ដែលត្រូវបានគ្របដណ្ដប់ដោយរុក្ខជាតិម្យ៉ាងឈ្មោះ Hyacinth ដែលវាបានធ្វើឲ្យទឹកប្រឡាយស្ទះមិនសូវហូរលឿន ហើយក៏បានបំពុលបរិស្ថានក្នុងទីក្រុង ក៏ដូចជាបង្កើតឲ្យមានជំងឺផ្សេងៗផងដែរ។
ជាមួយគ្នានេះដែរ បើតាមនាយកដ្ឋានហិរញ្ញវត្ថុក្រុងរបស់វៀតណាម បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ រដ្ឋបានរៀបចំកញ្ចប់ថវិកាប្រមាណ៤៧,៤ លានដុល្លារអាមេរិក សម្រាប់ការថែទាំប្រព័ន្ធបង្ហូរទឹក និងថវិកាប្រមាណ ១២០ លានដុល្លារអាមេរិកផ្សេងទៀតសម្រាប់ការប្រមូលសំរាម៕