រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីដំបូងគេបំផុតរបស់វៀតណាមមួយនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ទុករបស់ក្រុមហ៊ុន Vingroup ផ្ទាល់ ដោយមានការអភិវឌ្ឍលើផ្ទៃដី ៨ ហិកតាក្នុងដំណាក់កាលដំបូង ដែលវានឹងផលិតអាគុយលីចូមសម្រាប់រថយន្តអគ្គិសនី និងរថយន្តក្រុងជាដើម ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam Plus។
ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់រោងចក្រ រួមទាំងផ្នែកពង្រាវលោហធាតុ ផ្នែកផ្សារដែក និងផ្នែកដំឡើង ត្រូវបានរចនាឡើងក្នុងគោលបំណង ដើម្បីផលិតកញ្ចប់ថ្មឱ្យបាន ១០ម៉ឺនដុំអាគុយក្នុងមួយឆ្នាំ។ ខណៈដំណាក់កាលទីពីរ រោងចក្រនឹងពង្រីកការផលិត ដើម្បីរួមបញ្ចូលការផលិតកោសិកាថ្ម និងបង្កើនសមត្ថភាពផលិតឱ្យបាន ១ លានដុំអាគុយក្នុងមួយឆ្នាំ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង បានសរសើរ ដល់ការកែសម្រួលយុទ្ធសាស្រ្តប្រតិបត្តិការរបស់ក្រុមហ៊ុន Vingroup ដែលបានផ្លាស់ប្តូរពីវិស័យវិនិយោគ និងពាណិជ្ជកម្មអចលនទ្រព្យទៅជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងសេវាកម្មវិញ។ លោកបានបន្តថា ការចាប់យក និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយរថយន្ត គឺជាធាតុផ្សំដ៏សំខាន់ដើម្បីជួយឲ្យក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធរបស់ Vingroup ឱអាចសម្រេចបានយ៉ាងឆាប់រហ័សនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃលំដាប់ពិភពលោក។
ការផលិតអាគុយរថយន្ដដោយខ្លួនឯង នឹងធានាបាននូវការផ្គត់ផ្គង់អាគុយចម្រុះ និងតម្លៃសមរម្យសម្រាប់ការផលិតរថយន្តអគ្គិសនី VinFast ហើយអាចបំពេញតម្រូវការទីផ្សារអាគុយរថយន្តអគ្គិសនីក្នុងស្រុក និងអន្តរជាតិបានកាន់តែប្រសើរជាងមុន ដែលនឹងរួមចំណែកដល់បដិវត្តរថយន្តអគ្គិសនីសកលផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Vingroup បាននិងកំពុងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូដ៏មានកិត្យានុភាពជាច្រើនជុំវិញពិភពលោក រួមទាំងក្រុមហ៊ុននៅសហរដ្ឋអាមេរិក អ៊ីស្រាអែល តៃវ៉ាន់ និងចិនដីគោក ដើម្បីស្រាវជ្រាវ អភិវឌ្ឍន៍ និងអនុវត្តបច្ចេកវិទ្យាអាគុយរថយន្ដអគ្គិសនីទំនើបៗ៕