សារព័ត៌មាន Vietnam Express បានឲ្យដឹងថា ការចំណាយរបស់ប្រទេសវៀតណាម ត្រូវបានគេកំណត់ថា នឹងមានលើទំហំផលិតផលក្នុងស្រុកសរុប ជាង៣,៤៤ % នៅឆ្នាំក្រោយ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០ ពាន់លានដុល្លារអាមេរិក។
រដ្ឋាភិបាលវៀតណាមរំពឹងថា ការដំឡើងអត្រាការប្រាក់ទៅលើកម្ចីពីបរទេស នឹងមានអត្រាការប្រាក់កើនឡើងពី ៨,៨% នៃប្រាក់កម្ចីបរទេសកាលពីឆ្នាំ២០១៥ ទៅដល់ ១១,៤% នៅក្នុងឆ្នាំនេះ។ ដែលនេះ វាមានន័យថា ចំនួននៃការសងត្រឡប់របស់រដ្ឋាភិបាលទៅលើបំណុលទាំងនោះ នឹងកើនឡើងដែរ។
របាយការណ៍រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានពឹងផ្អែកខ្លាំងទៅលើប្រាក់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដោយមានអត្រាការប្រាក់អនុគ្រោះ ប៉ុន្ដែ អ្នកផ្ដល់កម្ចី កំពុងបង្កើនអត្រាការប្រាក់ខ្ពស់ ដែលវាកំពុងបង្កើននូវបន្ទុកបំណុលសម្រាប់រដ្ឋាភិបាលវៀតណាម។
នៅជាង៥ឆ្នាំខាងមុខនេះ ប្រាក់កម្ចីជំនួយអភិវឌ្ឍន៍ផ្លូវការ ODA នឹងកាត់បន្ថយជាលំដាប់ រហូតដល់ទាល់តែអស់តែម្ដង ដែលវានាំឲ្យវៀតណាម មានកង្វះខាតប្រាក់កម្ចីសម្រាប់រយៈពេលវែង និងការលើកទឹកចិត្តការវិនិយោគ។ រដ្ឋាភិបាល នឹងត្រូវប្រមែរប្រមូលប្រាក់កម្ចីថ្មីៗ ក្នុងពេលដែលលក្ខខណ្ឌមិនសូវអំណោយផល។ នេះបើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍។
បើទោះបីជា សមាមាត្រ នៃកញ្ចប់ថវិកាចំណាយទៅនឹងផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅឆ្នាំក្រោយនេះ នឹងនៅតែមានដូចឆ្នាំ ២០១៩ក៏ដោយ ក៏តួលេខចំណាយជាក់ស្ដែងនៅឆ្នាំក្រោយ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងឆ្នាំនេះ ប្រមាណជាង៥៥០ លានដុល្លារមេរិក។
បំណុលសាធារណៈរបស់វៀតណាម ត្រូវបានគេរំពឹងថា អាចកើនឡើងដល់ជាង ៥៤,៣% នៃផលិតផលក្នុងស្រុកសរុប គិតនៅចុងឆ្នាំក្រោយ ដែលវានៅតិចជាងព្យាករណ៍កាលពីមុន ដែលថា មាន៥៦,១%។
ដោយឡែក សម្រាប់ចំណូលថវិការដ្ឋវៀតណាម នៅឆ្នាំនេះ ត្រូវបានគេកំណត់ថា នឹងកើនឡើង៣,៣% លើសការប៉ាន់ស្មានពីមុន។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៩នេះ បើតាមការស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចវៀតណាម បានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមឆ្នាំនេះ អាចនឹងកើនឡើងដល់ទៅ ៧,០៥% ដែលមានលើសការគ្រោងទុក ដែលធ្លាប់រំពឹងថា មានត្រឹមតែ ៦,៦% ទៅ៦,៨% ប៉ុណ្ណោះ។ រីឯ នៅឆ្នាំ២០២០វិញ វៀតណាមរំពឹងថា នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦,៨% ៕