
ទិន្នន័យពីការិយាល័យស្ថិតិវៀតណាមបានបង្ហាញទៀតថា ការនាំចេញ របស់វៀតណាម នៅរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២០នេះ មានទំហំជាទឹកប្រាក់នាំចេញសរុបប្រមាណ ២៣០ពាន់លានដុល្លារ បានកើនឡើង៤,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មុខផលិតផល ដែលមានការនាំចេញមិនក្រោម១០ពាន់លានដុល្លារអាមេរិក ក្នុងមួយមុខៗនោះ រួមមាន ទូរស័ព្ទ Smartphone, កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក, ផលិតផលវាយនភណ្ឌកាត់ដេរ, សម្ភារគ្រឿងម៉ាស៊ីន និងស្បែកជើងជាដើម។ ក្នុងនោះដែរ ចំពោះផលិតផលវាយនភ័ណ្ឌ និងស្បែកជើង មានការនាំចេញធ្លាក់ចុះ ៩% ដោយសារតែ ប្រទេសអ្នកបញ្ជាទិញធំៗដូចជា អាមេរិក និងអឺរ៉ុប បានពន្យារពេល និងមានការលុបចោលការបញ្ជាទិញ នៅពេលមានមេរោគរាតត្បាតកូវីដ-១៩។
សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបំផុតរបស់វៀតណាម ដោយមានការនាំចេញកើនឡើង ២៤% ក្នុងទំហំទឹកប្រាក់នាំចេញសរុបជាង ៦២ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសចិន និងអឺរ៉ុប។
ដោយឡែក ការនាំចូលរបស់វៀតណាម នៅរយៈពេល ១០ ខែមកនេះ គឺំមានការកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការកើនឡើងដល់ទៅ ៧,៨%។ ទំហំនៃការនាំចូលរបស់វៀតណាម នៅ១០ខែមកនេះ មានជាង ២១០ ពាន់លានដុល្លារ ដោយការនាំចូលផលិតផលដូចជា កាត់ដេរ ដែក និងដែកថែប និងផ្លាស្ទិក សុទ្ធតែមានការធ្លាក់ចុះក្នុងអត្រាតួលេខ២ខ្ទង់។
ប្រទេសចិន នៅតែជាទីផ្សារនាំចូលធំជាងគេបំផុតរបស់វៀតណាម ដោយរយៈពេល ១០ ខែមកនេះ វៀតណាមនាំចូលពីចិនមានការកើនឡើងដល់ទៅ ជាង ៦% ក្នុងទំហំទឹកប្រាក់សរុប ជិត ៦៦ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រទេសកូរ៉េខាងត្បូង និងអាស៊ាន។
ការិយាល័យស្ថិតិទូទៅវៀតណាម បានបញ្ជាក់ថា តាំងពីការីករាលដាលនៃមេរោគត្រូវបានគ្រប់គ្រងបានយ៉ាងល្អនៅក្នុងប្រទេសវៀតណាម វិស័យសំខាន់ៗភាគច្រើន គឺំមានការងើបឡើងវិញ ដូចជា វិស័យផលិតកម្ម ត្រូវបានគេវាស់វែងឃើញថា បានសម្រេចបានកំណើនប្រចាំឆ្នាំជាង ៨% នៅក្នុងខែតុលាកន្លងទៅនេះ៕