អ្នកចរចាទាំងអស់ក៏បានមូលមតិគ្នាពិភាក្សាលើបញ្ចាចម្រូងចម្រាសមួយចំនួន ក៏ដូចជាអនុញ្ញាតឲ្យភាគីពាក់ព័ន្ធទាំងអស់ អាចឈានទៅសម្រេចការចរចាជាកញ្ចប់ចុងក្រោយ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade) ដែលមានការអនុគ្រោះលើពន្ធជាច្រើនប្រភេទ។ កិច្ចព្រមព្រៀងនេះ ធ្លាប់ត្រូវបានចុះហត្ថលេខាព្រមព្រៀងដោយ ១២ប្រទេស រួមមាន សហរដ្ឋអាមេរិក កាណាដា ម៉ិចស៊ីកូ ប៉េរូ ឈីលី ញ៉ូសេឡែន អូស្រ្តាលី ជប៉ុន សាំងហ្គាពួរ ប្រុយនេ ម៉ាឡេស៊ី និងវៀតណាម។
យ៉ាងណាក៏ដោយ ក្រោយពីចូលកាន់តំណែងជាប្រធានធិបតីអាមេរិកភ្លាម នៅដើមខែមករា ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានសម្រេចដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ដោយទុកឲ្យសមាជិកផ្សេងៗទៀតនៅតែស្ទាក់ស្ទើរក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងនេះ ដោយសារតែគ្មានបងធំអាមេរិកជាខ្នងបង្អែក។
ត្បិតថា កិច្ចព្រមព្រៀងនេះនៅតែបន្តអូសបន្លាយមកទល់ពេលនេះក៏ដោយ ប៉ុន្ដែ វៀតណាមនៅតែមានជំនឿ និងបន្តជំរុញកិច្ចការងារនេះ និងជំរុញឲ្យប្រទេសជាសមាជិកដែលនៅសល់ បន្តធ្វើការងារនេះទៅមុខទៀត ទោះបីជាគ្មានអាមេរិកក៏ដោយ។
យ៉ាងណាក៏ដោយ នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ មកកាន់ទឹកដីអាស៊ី ក៏មានគម្រោងមកទស្សនកិច្ចនៅវៀតណាមដែរ។ ប៉ុន្ដែ មិនទាន់ដឹងថា តើអាមេរិកនឹងយករឿងអ្វី មកនិយាយជាមួយនឹងវៀតណាម និងឈានទៅសម្រេចកិច្ចព្រមព្រៀងអ្វីខ្លះនោះទេ៕