
ការិយាល័យស្ថិតិជាតិរបស់វៀតណាម បាននិយាយក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ថា វៀតណាម សម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៦,៩% នៅត្រីមាសដំបូងឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបើធៀបនឹងត្រីមាសចុងក្រោយកាលពីឆ្នាំ២០២៤ ដែលសម្រេចបានក្នុងរង្វង់៧,៥%។
ការនាំចេញ និងការវិនិយោគបរទេសលើវិស័យផលិតកម្មជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ប៉ុន្តែវិស័យនេះអាចនឹងរងសម្ពាធបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធ៤៦% លើការនាំចេញរបស់វៀតណាម ទៅកាន់អាម៉េរិក។
បើតាមការិយាល័យស្ថិតិនេះ ផលិតកម្មឧស្សាហកម្មមានកំណើន៧,៨% នៅក្នុងត្រីមាសដំបូងឆ្នាំនេះ ដោយបានធ្លាក់ចុះទាបជាងត្រីមាសដែលបានបិទបញ្ចប់ក្នុងខែធ្នូឆ្នាំមុន ជាមួយនឹងអត្រាកំណើន១១,៥%។ ចំណែកការនាំចេញមានកំណើន១០,៦% នៅក្នុងត្រីមាសដំបូងឆ្នាំនេះមានការកើនឡើងពីអត្រាកំណើនជិត៨% នៅក្នុងត្រីមាសចុងក្រោយឆ្នាំមុន។
ទោះបីសហរដ្ឋអាម៉េរិក ប្រកាសដាក់ពន្ធលើទំនិញវៀតណាម រហូតដល់៤៦% តែនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញឈិញ (Pham Minh Chinh) នៅតែរក្សាគោលដៅជំរុញកំណើនសេដ្ឋកិច្ចឱ្យសម្រេចបានយ៉ាងយ៉ាងតិច៨% នៅឆ្នាំនេះ។
តែយ៉ាងណា បើតាមការវាយតម្លៃរបស់ក្រុមហ៊ុនស្រាវជ្រាវ BMI អត្រាពន្ធ៤៦% របស់សហរដ្ឋអាម៉េរិក លើវៀតណាមអាចនឹងមានផលលំបាកខ្លាំងជាងការរំពឹងទុកទៅទៀត និងអាចធ្វើឱ្យវៀតណាម សម្រេចបានកំណើនសេដ្ឋកិច្ចទាបជាងការរំពឹងទុក។ បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការនាំចេញរបស់វៀតណាម ដែលពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាម៉េរិក។ ជាធម្មតាកំណើនសេដ្ឋកិច្ចរបស់វៀតណាម តែងតែមានការធ្លាក់ចុះនៅត្រីមាសដំបូងនៃឆ្នាំនីមួយៗ ដោយសាររងការរំខានពីការរៀបចំពិធីបុណ្យចូលឆ្នាំរបស់ខ្លួន៕
អត្ថបទ៖ សុខ មង្គល