ស្ថិតិបានប៉ាន់ប្រមាណថា នៅក្នុងមួយឆ្នាំផលិតកម្មបសុសត្វវៀតណាមកើនឡើងពី៤ទៅ៦ភាគរយ។
តាមឯកសារមួយដែលនិយាយអំពីវិស័យផលិតកម្មបសុសត្វវៀតណាមបានអះអាងថា នៅក្នុងមួយឆ្នាំផលិតកម្មបសុសត្វវៀតណាមអាចផលិតសាច់ និងស៊ុតផ្គត់ផ្គង់ទីផ្សារសរុបប្រមាណជា៤ពាន់លានតោននៅក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃសរុបប្រមាណជា២៤ពាន់លានដុល្លារ។ ផលិតកម្មបសុសត្វនៅប្រទេសវៀតណាមជាទូទៅអាចផលិតបានសាច់ជាច្រើនប្រភេទ រាប់តាំងពីសាច់ជ្រូក បសុបក្សី និងស៊ុត សាច់គោ និងទឹកដោះគោ ប៉ុន្តែគេដឹងថា សាច់ជ្រូក និងបសុបក្សី គឺជាផលិតផលដ៏ពេញនិយមបំផុតនៅក្នុងប្រទេសវៀតណាម ដោយសារតម្លៃសមរម្យ និងមានទីផ្សារយ៉ាងទូលំទូលាយ ហើយវាមានបរិមាណលើសលុបនៅក្នុងចំណែកទីផ្សារ។
ផលិតកម្មនេះជាឧស្សាហកម្មមួយនៅវៀតណាម ដោយវាបាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្មរបស់ប្រទេសសង្គមនិយមមួយនេះ។ ផលិតកម្មចេញពីវិស័យនេះ បានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការងារនៅក្នុងប្រទេស។ ផលិតកម្មពីបសុសត្វមានទំហំប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់វិស័យកសិកម្មជាមួយនឹងកំណើនប្រចាំឆ្នាំចាប់ពី៤ទៅ៦ភាគរយ។
ដោយសារតែវាជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេស រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅជំរុញកំណើនឧស្សាហកម្មនេះពី៤ទៅ៥ ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៥ ហើយនឹងបន្តជំរុញកំណើនពី៣ទៅ៤ភាគរយពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។
ក្នុងការប៉ុនប៉ងដើម្បីសម្រេចបាននូវគោលដៅនេះ ផលិតកម្មបសុសត្វរបស់វៀតណាមកំពុងចាប់ផ្តើមងាកចេញពីផលិតកម្មខ្នាតតូចតាមបែបគ្រួសារមកអភិវឌ្ឍន៍ជាឧស្សាហកម្ម និង ជំរុញការកែច្នៃតាមបែបឧស្សាហកម្មខ្នាតធំ និងទំនើបដោយប្រើប្រាស់ កម្មវិធីបច្ចេកវិទ្យាខ្ពស់ និងខ្សែច្រវាក់ផលិតកម្មដ៏គត់មត់មួយច្បាស់លាស់ ដែលបានមកពីចិន ជប៉ុន ហ្វាំងឡង់ និង ហូឡង់ជាដើម ។
អនុវត្តតាមផែនការនេះ ផលិតកម្មបសុសត្វរបស់ប្រទេសនេះមានវិសាលភាពធំធេង ដើម្បីបំពេញតម្រូវការពិភពលោក ប៉ុន្តែនៅក្នុងអំឡុងពេល ដែលពិភពលោកកំពុងតែជួបបញ្ហាដោយកូវីដផង និងដោយសង្រ្គាមរវាងរុស៊្សី និងអ៊ុយក្រែនផងនោះ ទីផ្សារនៃផលិតកម្មពីបសុសត្វវៀតណាមអាចមានបញ្ហា ដូច្នេះហើយបានជាមានការខិតខំបង្វែរទីផ្សារទៅកាន់ទិសដៅផ្សេងៗ ដែលផលិតករអាចរកបាន។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ផលិតកម្មបសុសត្វវៀតណាមអាចទាក់ទាញតែ ក្រុមហ៊ុន CP Group របស់ប្រទេសថៃមួយទេឲ្យចូលមកប្រទេសវៀតណាម ហើយដល់ឆ្នាំ២០២០ ផលិតកម្មក្រុមហ៊ុននេះបានពង្រីកផលិតកម្មតាមការវិនិយោគដល់ទៅ២៥០លានដុល្លា ដើម្បីសាងសង់រោងចក្រកែច្នៃសាច់នៅក្នុងខេត្ត ប៊ិញ ភូក ដែលធំជាងគេ និងទំនើបបំផុតនៅអាស៊ីអាគ្នេយ៍នៅពេលនោះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលលេចធ្លោជាងគេនៅក្នុងទីផ្សារបសុសត្វរបស់វៀតណាម ដែលស្មើនឹងជិត២០ភាគរយ នៃផលិតកម្មសាច់ជ្រូកសរុបរបស់ប្រទេសវៀតណាម។
ក្រោយមក ក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន New Hope Group ដែលជាសហគ្រាសកសិពាណិជ្ជកម្មកំពូលរបស់ចិនបានចូលមកវៀតណាមដោយបង្កើតក្រុមហ៊ុន New Hope Binh Phuoc Livestock Co., Ltd ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានវិនិយោគលើគម្រោងជាច្រើននៅវៀតណាម ហើយក្រុមហ៊ុនបានបង្កើនសមត្ថភាពផលិតរបស់ខ្លួនដូចជាសត្វ ជ្រូករហូតដល់ទៅ៤ម៉ឺន៨ពាន់ក្បាលក្នុងមួយឆ្នាំ៕
ដោយៈ សរ សុជាតិ