ការឈានដល់ការប្រមូលយករថយន្ដប្រមាណ ១ពាន់គ្រឿងរបស់ក្រុមហ៊ុន VinFast ត្រឡប់មកវិញនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវថ្នាល់ជាតិសហរដ្ឋអាមេរិក បានអះអាងថា រថយន្ដសេរី VF 8 របស់ក្រុមហ៊ុន VinFast ទាំង ៩៩៩គ្រឿង ដែលបានដឹកមកកាន់ទីផ្សារអាមេរិកលើកដំបូងនោះ គឺមានបញ្ហាកំហុសកម្មវិធី (Softwar Error) សម្រាប់ប្រើប្រាស់នៅក្នុងរថយន្ដ ដែលវារារាំងដល់ការបង្ហាញនូវព័ត៌មានសុវត្ថិភាពសំខាន់ៗ ហើយវាអាចនឹងបង្កើនហានិភ័យគ្រោះថ្នាក់បុកប៉ះពារនានា។
គេនៅចាំបានថា វៀតណាមបានដឹកជញ្ជូនរថយន្ដម៉ាក VinFast របស់ខ្លួនចំនួន២ជើងរួចហើយទៅកាន់ទឹកដីអាមេរិក ដោយជើងទី១ ដែលមានចំនួនរថយន្ដ ៩៩៩គ្រឿង បានដឹកទៅដល់នៅអំឡុងខែធ្នូឆ្នាំ២០២២ និងជើងទី២ មានចំនួន ១ ៨៧៩ គ្រឿង បានដឹកទៅដល់នៅក្នុងខែឧសភានេះ។
យ៉ាងណាមិញ សម្រាប់រថយន្ដជើងដំបូង ៩៩៩ គ្រឿង ដែលត្រូវបានប្រមូលមកវិញនោះ មាន៧០០គ្រឿង គឺកំពុងស្ថិតក្នុងដៃក្រុមហ៊ុន VinFast នៅឡើយ ដោយមិនទាន់បានបញ្ជូនទៅឲ្យអតិថិជននៅឡើយ។ នេះបើតាមការប៉ាន់ប្រមាណដោយអាជ្ញាធរសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់ជាតិរបស់អាមេរិក។
សូមបញ្ជាក់ថា ការចេញនូវសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន VinFast អំពីការប្រមូលយករថយន្ដត្រឡប់មកវិញដោយសារតែមានបញ្ហាសុវត្ថិភាពនេះ បានកើតឡើងមិនដល់២សប្ដាហ៍ផង បន្ទាប់ពី ក្រុមហ៊ុននេះ បានប្រកាសអំពីការចុះបញ្ចីបោះផ្សាយលក់ភាគហ៊ុននៅអាមេរិក តាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition Co ដើម្បីឲ្យជួយបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលបត្ររបស់ខ្លួន។
ក្រុមហ៊ុនទាំងពីរនេះ បានប៉ាន់ប្រមាណថា ការរួមបញ្ចូលគ្នានេះ នឹងធ្វើឲ្យសក្ដានុពលតម្លៃភាគហ៊ុនរបស់ពួកគេនឹងមានដល់ ២៣ពាន់លានដុល្លារ៕