ការចាប់ខ្លួនអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននេះ បានធ្វើឡើងកាលពីថ្ងៃពុធ ដោយក្រុមអ្នកស៊ើបអង្កេតមកពីក្រសួងសន្តិសុខសាធារណៈ ។
នៅថ្ងៃជាមួយគ្នានេះដែរ មន្ត្រីពីរនាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ គឺម្នាក់ជាប្រធានស្ដីទីនាយកដ្ឋានហិរញ្ញវត្ថុដែលស្ថិតក្រោមចំណុះក្រសួងដឹកជញ្ជូន និងម្នាក់ទៀតជាមន្ត្រីធម្មតានៃនាយកដ្ឋាននេះ ។
អ្នកទាំងបីខាងលើ រួមទាំងលោក Dinh La Thang ជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរដ្ឋ Petrovietnam កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទរំលោភបទប្បញ្ញត្តិស្ដីពីការគ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលបណ្ដាលឲ្យមានការខាតបង់និងការខ្ជះខ្ជាយ ។ លោក Thang កំពុងជាប់ក្នុងពន្ធនាគារពីបទប្រព្រឹត្តកំហុសនៅក្នុងក្រុមហ៊ុន Petrovietnam ។
អាជ្ញាធរកំពុងបើកការស៊ើបអង្កេតទៅលើបទល្មើសដែលទាក់ទងនឹងការដេញថ្លៃនិងការប្រមូលថ្លៃប្រើប្រាស់ផ្លូវលឿន HCMC-Trung Luong ដែលបើកឲ្យប្រើប្រាស់ផ្លូវការកាលពីឆ្នាំ២០១០ និងជាផ្លូវលឿនតែមួយគត់ដែលតភ្ជាប់ទីក្រុងហូជីមិញ និងតំបន់ដីសណ្ដមេគង្គ ។
ការពន្យល់លម្អិតអំពីកំហុសឆ្គងរបស់មន្ត្រីខាងលើដែលត្រូវបានចាប់ខ្លួន មិនទាន់ត្រូវបានគេបញ្ចេញឲ្យដឹងនៅឡើយទេ ។
យុទ្ធនាការបង្ក្រាបអំពើពុករលួយនៅវៀតណាម ដែលដឹកនាំដោយប្រធានបក្ស និងជាប្រធានាធិបតី លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានបង្កើនកម្ដៅចាប់តាំងពីឆ្នាំ២០១៧មក ដោយគិតមកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល មន្ត្រីយោធាគ្រាក់ៗ និងអ្នកជំនួញធំៗជាច្រើននាក់ បានត្រូវស្ថិតក្រោមការស៊ើបអង្កេត និងការផ្ដន្ទាទោសដាក់ពន្ធនាគារ ៕ (ប្រភព៖ VN Express)