មន្ត្រីប៉ាឡេស្ទីន បាននិយាយថា កងទ័ពរបស់អ៊ីស្រាអែល គឺជាអ្នកវាយប្រហារទៅលើមន្ទីរពេទ្យ អាល់ អាលី អាល់អារ៉ាប៊ី នៅក្នុងទីក្រុងហ្កាហ្សា ដោយបានសម្លាប់មនុស្សប្រហែល៥០០នាក់ ហើយរដ្ឋមន្ត្រីសុខាភិបាលរបស់អាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ថា បានបង្ក«ការសម្លាប់រង្គាល» ប៉ុន្តែប្រទេសអ៊ីស្រាអែល បានបដិសេធចំពោះការវាយប្រហារទៅលើមន្ទីរពេទ្យនេះដោយបានចោទក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនថា បានវាយប្រហារខុសគោលដៅទៅលើមន្ទីរពេទ្យនេះ។
ថ្លែងនៅក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំង លោក ហ្គូធឺរ៉េស បានថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយលោកបានអំពាវនាវឱ្យមានបទឈប់បាញ់ បើកជំនួយសម្រាប់មនុស្សធម៌ជាបន្ទាន់ និងសូមឱ្យភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើការ«បន្ធូរបន្ថយទុក្ខលំបាករបស់មនុស្ស»។
ហើយមុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង លោក ហ្គូធឺរ៉េស ក៏បានអំពាវនាវដល់ក្រុមហាម៉ាសឱ្យដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងសូមឱ្យអ៊ីស្រាអែលបើកផ្លូវសម្រាប់ការនាំយកជំនួយមនុស្សធម៌ភ្លាមៗទៅកាន់តំបន់ហ្គាហ្សាផងដែរ។
ការវាយប្រហារមន្ទីរពេទ្យនេះបានកើតឡើងនៅមុនពេលមួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដែលគ្រោងនឹងទៅដល់ទឹកដីអ៊ីស្រាអែល កាលពីថ្ងៃពុធ ហើយលោក បៃដិន ក៏បាននិយាយនៅមុននេះដែរថា លោកខឹងសម្បារ និងសោកស្ដាយយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយលោកបានប្រាប់ឱ្យក្រុមសន្តិសុខជាតិរបស់លោកប្រមូលព័ត៌មាន ដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។
ចំណែកប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ះមូត អាបាស បានហៅការបំផ្ទុះនេះថា ជា«ឧក្រិដ្ឋកម្មសង្គ្រាម និងការសម្លាប់រង្គាល»។ ចំណែក លោក រីយ៉ាត ម៉ាន់សួរ (Riyad Mansour) តំណាងប៉ាឡេស្ទីនប្រចាំសហប្រជាជាតិ បានជំរុញឱ្យលោក បៃដិន ប្រាប់អ៊ីស្រាអែលថា«ល្មមគ្រប់គ្រាន់ហើយ» និងជំរុញឱ្យបញ្ឈប់«ការសម្លាប់រង្គាលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន»តទៅទៀត។
លោក ម៉ាន់សួរ បានបន្ថែមថា ប្រទេសហ្ស៊កដានី បានលុបចោលកិច្ចប្រជុំកំពូលដែលគ្រោងនឹងធ្វើនៅទីក្រុងអាម៉ាន់ កាលពីថ្ងៃពុធជាមួយលោក បៃដិន និងមេដឹកនាំរបស់អេហ្ស៊ីប និងប៉ាឡេស្ទីន ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា។
សូមបញ្ជាក់ថា មកដល់ពេលនេះពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច៣ពាន់នាក់ បានស្លាប់ដោយសារតែជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ប៉ាឡេស្ទីន ក្នុងរយៈពេល១១ថ្ងៃមកនេះ ខណៈដែលខាងអ៊ីស្រាអែលវិញស្លាប់ជាង១ពាន់៣រយនាក់៕
អត្ថបទ៖ សុខ ជា