វិបត្តិ EBA

ធនាគារពិភពលោក៖ បើគ្មាន EBA កម្ពុជា អាចបាត់ចំណូលនាំចេញ ជាង៦៥០ លានដុល្លារអាមេរិក


ធនាគារពិភពលោកនៅថ្ងៃទី ៦ ឧសភានេះ បានចេញរបាយការណ៍ថ្មីចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ បានប៉ាន់ប្រមាណថា កម្ពុជា អាចនឹងធ្លាក់ចុះចំណូលពីការនាំចេញប្រហែលជាង ៦៥០ លានដុល្លារអាមេរិក ប្រសិនបើសហភាពអឺរ៉ុប ពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។
ធនាគារពិភពលោក៖ បើគ្មាន EBA កម្ពុជា អាចបាត់ចំណូលនាំចេញ ជាង៦៥០ លានដុល្លារអាមេរិក
ដោយ

របាយការណ៍​របស់​ធនាគារ​ពិភពលោក បាន​គូសបញ្ជាក់ថា បើបូកសរុប​ទំនិញ​ដែលកម្ពុជា​បាននាំទៅអឺរ៉ុប ក្នុងឆ្នាំ ២០១៨ មាន​តម្លៃ​សរុប​ប្រមាណ ជាង ៤.៦០០ លាន​ដុល្លារអាមេរិក ដែលក្នុងនោះ ទំនិញដែល​កម្ពុជា​នាំទៅអឺរ៉ុប គឺមាន ​៨០ ភាគរយទៅហើយ គឺ​​ជាសម្លៀកបំពាក់ បន្ទាប់មក គឺផលិតផល​ស្បែកជើង កង់ និងអង្ករ។

តាម​ធនាគារ​ពិភពលោក​ដដែល ប្រសិនបើមានការ​ដក​EBA មែននោះ សហភាពអឺរ៉ុប អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​ដកហូតពន្ធគយលើទំនិញ​សម្លៀកបំពាក់ ក្នុងអត្រា ១២% ខណៈផលិតផល​ស្បែកជើង​ដកហូត​ពន្ធគយ ១៦% និងកង់ ១០%។ រីឯ អង្ករ​វិញ ត្រូវបាន​អឺរ៉ុប​ចាប់ផ្ដើម​យកពន្ធគយ​តាំងពី​ដើមឆ្នាំ ២០១៩​មកម្លេះ។

បើតាម​ការប៉ាន់ស្មាន របស់ធនាគារពិភពលោក បង្ហាញថា ប្រសិនបើ​អឺរ៉ុប អនុវត្ត​ដកហូតពន្ធលើ​ទំនិញ​សម្លៀកបំពាក់ ស្បែកជើង បូករួមទាំងការយកពន្ធអង្ករ​កាលពីពេលថ្មីៗនេះទៀតសោត នោះកម្ពុជា អាចនឹង​ធ្លាក់ចុះ​ចំណូល​ពីការ​នាំចេញ​ក្នុងទំហំទឹកប្រាក់​ប្រមាណ ៦៥៤ ដុល្លារអាមេរិក ដែលនេះ មិនទាន់​រាប់បញ្ជូល​ការដកហូតពន្ធ​ការនាំចូលកង់នៅឡើយ។ បើយើង​រាប់ទាំងផលិតផលកង់ទៀត នោះការ​ធ្លាក់ចុះនេះ អាចនឹងមាន​ច្រើនជាងនេះទៀត។

ធនាគារពិភពលោក បាន​កត់សម្គាល់ទៀតថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជា​បាននាំផលិតផល​សម្លៀក​ទៅអឺរ៉ុប មានជាង ៣ពាន់ ៦០០ លាន​ដុល្លារអាមេរិក ស្បែកជើង​មាន​ប្រមាណ ៥០០ លានដុល្លារ អង្ករ​មាន​ជាង ១៧៧ លាន​ដុល្លារ និងកង់​មានជាង ​៣៣១ លានដុល្លារអាមេរិក។

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ​នៃធនាគារ​ពិភពលោកប្រចាំកម្ពុជា​បាន​លើកឡើងថា ការបាត់បង់​ចំណូល​ជាង ៦០០ លាន​ដុល្លារអាមេរិក បើ​EBA ពិតជាត្រូវបានដកនេះ គឺយើ់ងមិនទាន់​ដឹងនៅឡើយ​ទេ ថា​ក្រុមហ៊ុន​រកស៊ី​នៅក្នុងវិស័យនេះ នឹង​ទម្លាក់​ការ​ខាតបង់នោះ ទៅអ្នកទិញ ឬយ៉ាងណា ប៉ុន្ដែ បើ​ក្រុមហ៊ុន​ធ្វើបែបនេះ លោកថា ផលិតផល​នាំចេញទៅ នឹងមានតម្លៃកាន់តែ​ខ្ពស់​ ដែលវានឹង​ប៉ះពាល់​ដល់​បរិមាណ​នាំចេញ។

លោក លី សូដេត បាន​និយាយយ៉ាង​ដូច្នេះថា «បើយើង​បាត់បង់​ EBA គឺយើង​នឹងត្រូវបង់ពន្ធគយ (Tariff) ប្រហែលជា ១២ ភាគរយ។ នៅពេល​ដែលយើង​នាំចេញ​បង់ពន្ធគយ [តម្លៃ] ផលិតផលយើង​នឹងត្រូវកើន បានន័យថា បើ​អ្នកនាំចូលហ្នឹង គាត់​បញ្ជូន​អា ១២ភាគរយ [អត្រាពន្ធគយ] ហ្នឹង ទៅអ្នកប្រើប្រាស់​ នោះតម្លៃផលិតផល​របស់យើង​នឹងឡើងថ្លៃ ១២ភាគរយ។ ឡើងថ្លៃ ១២ ភាគរយនោះ​ហើយ ដែលយើងគិតតាម​ភាពយឺត អញ្ចឹងអាចថា ផលិតផលយើង​លក់ចេញ​ទៅ គឺថ្លៃជាងគេ ដូច្នេះអាចនឹងបាត់បង់​ចំណូល​ជាង ៦០០ លានដុល្លារ»។

យ៉ាងណាក៏ដោយចុះ ធនាគារពិភពលោក បាន​គូសបញ្ជាក់ដែរថា ប្រសិនបើ​សហភាពអឺរ៉ុប ពិតជា​ព្យួរមែន EBA ពីកម្ពុជា​ក៏ដោយ ប៉ុន្ដែ កម្ពុជា​អាចមានផ្លូវ​ក្នុងការសម្រាល​ផលប៉ះទង្គិច​ពីការព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ EBA បាន​ដោយ​ត្រូវ​កាត់បន្ថយ​ថ្លៃចំណាយ​លើ​ផលិតកម្ម និងលើបែបបទ​សម្រាប់​ការនាំចេញនានា។ 

ទាក់ទង​នឹង​នឹង​រឿងនេះដែរ រាជរដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗនេះ ក៏បាន​ធ្វើកំណែទម្រង់​ជាច្រើនណាស់​ដែរ សំដៅ ដល់​ការកាត់បន្ថយ​ចំណាយ​របស់​វិស័យ​ឯកជន ដូចជា​ការ​ដកកាំកុងត្រូល​ចេញពីមាត់ច្រក​ព្រំដែន រំលាយអង្គភាពកាំសាប និង​សម្រួលដល់​សេវា​ដឹកជញ្ជូន​ក៏ដូចជា​សេវានាំចេញ​ជាច្រើនទៀត។

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច តេជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​នៅក្នុង ថ្លែងក្នុងវេទិកា​រាជរដ្ឋាភិបាល វិស័យឯកជន លើកទី ១៨ កាលពីចុង​ខែមីនា ឆ្នាំ២០១៩ នេះ ថា សម្រាប់​ការធ្វើ​កំណែ​ទម្រង់ជំហាន​ដំបូងនេះ វិស័យឯកជន នឹងចំណេញ​ប្រមាណ ៤០០ លាន​ដុល្លារអាមេរិកឯណោះ។

អ្វីដែល គួរឲ្យចាប់អារម្មណ៍​ជាងនេះទៀតនោះ គេនៅចាំបាន​ថា នៅក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី២ នៅប្រទេស​ចិន ដែលទើបតែ​បិទបញ្ចប់​ថ្មីៗ​នេះ មហាមិត្ត​ដែកថែប ចិន បាន​បោះសម្ដី​ប្រកាស​ជំហរ​របស់ខ្លួន​នៅមុខ​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជាថា ភាគីចិន បាន​សិក្សា​ពីផលប៉ះពាល់​នៃការដក EBA របស់​សហភាពអឺរ៉ុប​ពីប្រទេស​កម្ពុជា​ហើយ តែរកមិន​ឃើញមាន​ការប៉ះពាល់​ធ្ងន់ធ្ងរទេ ហើយចិន​នឹងរិះរក​វិធីផ្សេងៗ​ជួយដល់​កម្ពុជា​ពីការបាត់បង់​ផល​ប្រយោជន៍​ធំនេះ។

ទោះជាយ៉ាងនេះក្ដី កាលពីថ្ងៃទី ០២ ឧសភា កន្លងទៅថ្មីៗនេះ មាន​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​២០ ​ដែល​បញ្ជា​ទិញ​ទំនិញវាយនភណ្ឌ​ពី​កម្ពុជា បាន​សរសេរ​លិខិត​មួយ​ជូន​សម្ដេច ហ៊ុន សែន ដោយបាន​លើកឡើង ពីក្ដី​បារម្ភ​អំពី​គម្រោង​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ EBA និង​សហរដ្ឋ​អាមេរិក GSP ​ពី​ប្រទេស​កម្ពុជា។

ទាក់ទងនឹងបច្ចុប្បន្នភាព​នៃដំណើរការ​ព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមអឺរ៉ុបវិញ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានគូស​បញ្ជាក់ថា ពិតណាស់ វានៅតែជា​បញ្ហាប្រឈម និងជាការគំរាម​កំហែង​ធំមួយរបស់​វិស័យកាត់ដេរ​នៅកម្ពុជា ប៉ុន្ដែ លោកជឿងជាក់ថា តាមរយៈកិច្ចសហការ​យ៉ាងជិត​ស្និទ្ធជាមួយនឹង​អង្គការ ILO ជាង២០ ឆ្នាំ​ក្នុងការអភិវឌ្ឍ​វិស័យកាត់ដេរ កម្ពុជា ជាមួយសិទ្ធិការងារ និងលក្ខខណ្ឌការងារល្អ នាពេលកន្លងមក ព្រមជាមួយនឹង ការកែប្រែច្បាប់​សហជីព​ឲ្យកាន់តែ​ប្រសើរ​ឡើង ពីសំណាក់​រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ វានឹងធ្វើឲ្យ​សហភាព​អឺរ៉ុបនឹងពិចារណា​ឡើងវិញ ពីការសម្រេច​ព្យូរប្រព័ន្ធ​អនុគ្រោះពន្ធ EBAនេះ ជាក់ជាពុំខាន។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានមាន​ប្រសាសន៍​យ៉ាងដូច្នេះថា «បើថា គាត់ (EU) លើក អា EBA ហ្នឹង ឲ្យគាត់​ពិចារណា​ឲ្យច្បាស់ ពីព្រោះ Effect ប៉ះពាល់​រោងចក្រ កម្មករ​យើង​ខ្លាំងណាស់។ អា Trade EBA (ពាណិជ្ជកម្ម​ដែលមាន​ការអនុគ្រោះពន្ធ អ្វីគ្រប់យ៉ាង លើកលែង​តែអាវុធ) ហ្នឹង ជួយបាន​មែនទែន​កម្មករយើង! ... បើថា លុបចោលទៅ វា Effect Contribution That European has helped Cambodia (ប៉ះពាល់​ដល់​អ្វីដែល​អឺរ៉ុប​បាន​ខំ​ជួយ​កម្ពុជា​នាពេលកន្លងមក) ហើយខ្ញុំសង្ឃឹមថា គេនឹង​ Consider (ពិចារណា) អាហ្នឹង​ខ្លាំងណាស់»។

មែនទែនទៅ វិស័យកាត់ដេរ​សម្លៀកបំពាក់ និងស្បែកជើង របស់កម្ពុជា ពិតណាស់ គឺ​បានទទួល​អត្ថ​ប្រយោជន៍​ច្រើន​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ពីសហគមអឺរ៉ុបនេះ ជាច្រើនឆ្នាំណាស់​មកហើយ។ ប៉ុន្ដែ បើតាម​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាលធ្លាប់​​បាន​អះអាងថា កម្ពុជាយើង​ត្រូវ​ដឹងខ្លួនឯងថា EBAនេះ គឺមិនអាចស្ថិត​នៅជាមួយ​កម្ពុជា បានរហូតនោះទេ វា ព្រោះវា​មានសម្រាប់​តែ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែ​ល កម្ពុជាឈានជើង​ផុត​ពី​ឋានៈប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​នេះ នោះ EBA គឺ​នឹង​ត្រូវ​បាត់បង់​ពីកម្ពុជា​ដោយស្វ័យប្រវត្តិ។

បើតាម​ការបញ្ជាក់​របស់​ពីអ្នកជំនាញ បាន​ឲ្យដឹងថា លទ្ធផលសម្រេចពី​សហភាពអឺរ៉ុប ថា​ដក ឬមិនដក​ EBA គឺនឹងត្រូវ​សម្រេច​ចុងក្រោយ​នៅ​ខែ សីហា ឆ្នាំ២០២០ ឯណោះ ដូច្នេះ កម្ពុជា​នៅមានពេលវេលា​សមគួរ ក្នុងការ​ត្រៀមខ្លួន ដើម្បីទប់ទល់​នឹង​ផលប៉ះពាល់នានា ប្រសិនបើ​ EBA ពិតជា​ត្រូវបានដកមែន៕ 

None



អត្ថបទបន្ទាប់


វិស័យ​នាំ​ចេញ​កង់​របស់​កម្ពុជា ប្រឈម​ហានិភ័យ​ពី​ភាព​មិន​ច្បាស់លាស់នៃ​ពាណិជ្ជកម្ម?

ការវិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​ផលិត​និង​នាំ​កង់​ចេញ​របស់​កម្ពុជា​​ដែលកំពុង​តែ​លូតលាស់ កំពុងត្រូវបាន​បន្ទច់​បង្អាក់​ដោយសារតែភាព​មិនច្បា…

អ្នកជំនាញអចលនទ្រព្យ អះអាងថា ការរស់នៅខុនដូ នឹងមានកំណើនកាន់តែខ្លាំងនៅ១០ ឆ្នាំខាងមុខ

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ២០១៩ នេះចំនួននៃការស្នើសុំចុះបញ្ជីសាងសង់អគារខុនដូមានការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ