ស្ត្រីជនជាតិអាមេរិកាំង អាយុ ៨៣ឆ្នាំ គឺជាអ្នកដំណើរដំបូងគេបង្អស់ហើយនៃនាវាទេសចរណ៍ Westerdam គ្រប់គ្រងដោយក្រុមហ៊ុន Holland America Inc ដែលត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកកូរ៉ូណាវីរុស (ដែលមានឈ្មោះផ្លូវការ Covid-19)។
សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Holland America បាននិយាយថា "ខណៈដែលលទ្ធផលលើកទីមួយត្រូវបានគេរាយការណ៍ឲ្យដឹង វាជាលទ្ធផលបឋមនៅពេលនេះ ហើយយើងកំពុងរង់ចាំការធ្វើតេស្តលើកទីពីរ ដើម្បីបញ្ជាក់"។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានស្នើឲ្យអាជ្ញាធរម៉ាឡេស៊ីធ្វើការពិនិត្យឡើងវិញទៅលើលទ្ធផលតេស្តនោះផងដែរ។
ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់អះអាងថា ការធ្វើតេស្តរក Covid-19 ទៅលើអ្នកដំណើរពីនាវា Westerdam នៅកម្ពុជា ធ្វើឡើងដោយសហការជាមួយអង្គការសុខភាពពិភពលោក (WHO), និងមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក។
បើតាមក្រុមហ៊ុន Holland America នៅមានអ្នកដំណើរ ២៣៦នាក់ និងក្រុមនាវិក ៧៤៧នាក់ ទៀត ដែលស្ថិតនៅក្នុងនាវានេះនៅឡើយ ដែលកំពុងចតនៅកំពង់ផែព្រះសីហនុ ប្រទេសកម្ពុជា។
នាវា Westerdam បានមកដល់កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្ទុកអ្នកដំណើរ ១៤៥៥នាក់ និងសមាជិកនាវិក ៨០២នាក់។ នាវានេះបានចំណាយពេល ២សប្ដាហ៍នៅក្នុងសមុទ្រ បន្ទាប់ពីត្រូវប្រទេសជប៉ុន កោះតៃវ៉ាន់ កោះ Guam ប្រទេសហ្វ៊ីលីពីន និងប្រទេសថៃ មិនអនុញ្ញាតឲ្យចូលចត។
ក្រសួងសុខាភិបាលម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំនេះ បានធ្វើដំណើរតាមជើងយន្តហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ រួមជាមួយនឹងអ្នកដំណើរ ១៤៤នាក់ផ្សេងទៀត ពីនាវាទេសចរណ៍ Westerdam។ ស្វាមីរបស់ស្ត្រីរូបនេះ បានបង្ហាញរោគសញ្ញាដែរ ប៉ុន្តែ ធ្វើតេស្តរកមិនឃើញមានផ្ទុកមេរោគ Covid-19 ទេ។ ក្នុងចំណោម អ្នកដំណើរទាំង ១៤៥នាក់ មានតែប្ដីប្រពន្ធវ័យចំណាស់មួយគូនេះទេ ដែលបានបង្ហាញរោគសញ្ញា៕