កន្លងមកអាមេរិក និងអឺរ៉ុបសង្ឃឹមថា សម្ពាធសេដ្ឋកិច្ច ការទូត នឹងអាចបង្ខំឱ្យរបបសឹកមីយ៉ាន់ម៉ាចុះចេញពីតំណែង និងប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិល។ ផ្ទុយទៅវិញ មេដឹកនាំរបបសឹកដឹងយ៉ាងច្បាស់ថា ភាពវឹងវរ និងរង្គោះរង្គើរបស់ពិភពលោកដែលបង្កមកពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អាចជាផ្លូវមួយសម្រាប់ពួកគេក្នុងការបន្តក្តោបក្តាប់អំណាច និងគ្រប់គ្រង់ប្រទេសតទៅមុខទៀត។
បស្ចិមលោកបានដាក់ទណ្ឌកម្មលើមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ា និងក្រុមហ៊ុនពាក់ព័ន្ធនឹងយោធាបន្ទាប់ ពីរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ២០២១ ហើយទ្រព្យសម្បត្តិរបស់មន្ត្រីគ្រាក់ៗនៃរបបយោធា រួមទាំងទ្រព្យរបស់កូនៗរបស់លោក Min Aung Hlaingផងនោះ ក៏ត្រូវបានបង្កកនៅសហរដ្ឋអាមេរិកទាំងអស់ដែរ។ ជាមួយគ្នានេះ ប្រទេសជាច្រើនបានទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយមីយ៉ាន់ម៉ាដូចគ្នា។ បើតាមបណ្ឌិត្យសភាការពារជាតិនៃប្រទេសជប៉ុនមួយរូបបានឱ្យដឹងថា ខ្លួននឹងបញ្ឈប់ការទទួលយកសិក្ខាមមន្ត្រីយោធាពីប្រទេសមីយ៉ាន់ម៉ាតទៅទៀតហើយគិតក្នុងឆ្នាំសារពើពន្ធ២០២៣នេះ។
យ៉ាងណាមិញ យោធាមីយ៉ាន់ម៉ាបានរិះគន់ទង្វើទាំងនេះថា ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ មែនទែនទៅ គំនាបទាំងអស់នេះ ហាក់មានឥទ្ធិពលតិចតួចណាស់លើប្រទេសគ្រប់គ្រង់ដោយរបបយោធានេះ ស្របពេលទំនាក់ទំនងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាជាមួយប្រទេសចិន និងរុស្ស៊ីកំពុងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ហើយបុគ្គលដែលមានទំនាក់ទំនងនឹងរបបយោធាភាគច្រើន ដូចជាកូនរបស់មេដឹកនាំរបបសឹកលោក Min Aung Hlaing ក៏ត្រូវបានគេជឿជាក់ថា បាននិងកំពុងកាន់កាប់ទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសទាំងនោះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មីយ៉ាន់ម៉ានៅតែបន្តធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងមួយចំនួន។ ជាក់ស្តែងប្រទេសចិន ឥណ្ឌា និងថៃរួមគ្នាទៅ មានចំនួនជាងពាក់កណ្តាលនៃពាណិជ្ជកម្មសរុបរបស់មីយ៉ាន់ម៉ា។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មានត្រឹមតែ ១៤% ប៉ុណ្ណោះ។
គេអាចនិយាយបានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ននេះ គឺមានស្ថិរភាព តែមិនប្រាកដថា នឹងមានភាពល្អប្រសើរនាពេលអនាគតនោះទេ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសមីយ៉ាន់ម៉ា នឹងកើនឡើងជាង ៣% នៅក្នុងសារពើពន្ធឆ្នាំ ២០២៣ ដោយបានងើបឡើងវិញពីការធ្លាក់ចុះ -១៨% កាលសារពើពន្ធឆ្នាំ២០២១។
ស្ថិរភាពសេដ្ឋកិច្ចនេះហើយបានអនុញ្ញាតឱ្យរបបយោធាចាប់ផ្តើមរៀបចំសម្រាប់ការបោះឆ្នោតសកលនៅដើមខែសីហាខាងមុខនេះ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានហៅការបោះឆ្នោតនេះថា ជាការបោកប្រាស់ដែលមិនអាចទៅធ្វើទៅរួចឡើយក្នុងន័យសេរី និងយុត្តិធម៌នោះ។
ទោះជាយ៉ាងណា របបយោធាមីយ៉ាន់ម៉ាកំពុងរីកចម្រើនជាលំដាប់មិនថាតែផ្នែកសេដ្ឋកិច្ចនោះទេ។ ដោយកាលពីដើមខែមករាកន្លងទៅ មេដឹកនាំរបបយោធាបានធ្វើការសម្រុះសម្រួលជាមួយក្រុមតស៊ូប្រដាប់អាវុធមួយចំនួននៅក្នុងប្រទេស ដើម្បីបើកផ្លូវក្នុងការរៀបចំការបោះឆ្នោតទូទាំងប្រទេសផងដែរ។
ទន្ទឹមនឹងគ្នានេះ មីយ៉ាន់ម៉ាក៏កំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី និងចិន ខណៈទីក្រុងម៉ូស្គូកំពុងមានជម្លោះជាមួយប្រទេសលោកខាងលិចជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ រីឯសម្រាប់ប្រទេសចិន មីយ៉ាន់ម៉ាគឺជាច្រកសេដ្ឋកិច្ចមួយដ៏ធំ និងមិនខ្វះបានឡើយ។ សម្រាប់យោធាមីយ៉ាន់ម៉ា អត្ថប្រយោជន៍មួយជាគន្លឹះនៃទំនាក់ទំនងជាមួយរុស្ស៊ី និងចិន គឺពួកគេមិនខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្សដូចប្រទេសផ្សេងទៀត ដូចជាអាមេរិកនោះទេ៕