សេដ្ឋកិច្ចរបស់សិង្ហបុរី បានកើនឡើងត្រឹម ៣,៨% ប៉ុណ្ណោះក្នុងឆ្នាំ២០២២ ពោលគឺយឺតជាងឆ្ងាយពីឆ្នាំ២០២១ ដែលកំណើនដល់ទៅ ៧,៦%។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ដែលបានប្រកាសនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចនេះគឺខ្ពស់ជាងការព្យាករលើកមុនដែលថា នឹងស្ថិតក្នុងរង្វង់ ៣,៥% ប៉ុណ្ណោះ នោះក៏ដោយសារតែសិង្ហបុរី មានការដកការរឹតត្បិតនៅតាមព្រំដែន និងការហូរចូលមកវិញនូវភ្ញៀវទេសចរបរទេស។
នៅក្នុងត្រីមាសទី៤ សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងត្រឹម ២,២% ប៉ុណ្ណោះ យឺតជាងត្រីមាសទី៣ ដែលកើនក្នុងរង្វង់ ៤,២%។ គ្រប់វិស័យទាំងអស់សុទ្ធតែមានកំណើន លើកលែងតែការផលិត ដែលធ្លាក់ចុះ ៣% ដូចជា គ្រឿងអេឡិចត្រូនិច ឧស្សាហកម្មគីមី និងជីវវេជ្ជសាស្រ្ត។ ដោយឡែក វិស័យសំណង់បានកើនឡើងដល់ជាង ១០% នៅត្រីមាសទី៤ កើនស្ទុះពី ៧,៨% ក្នុងត្រីមាសទី៣។
ក្នុងឆ្នាំ២០២២កន្លងទៅ បើទោះបីសិង្ហបុរីបានដកការរឹតត្បិតកូវីដ១៩ និងបើកឱ្យទ្វារទទួលស្វាគមន៍ក្តី ប៉ុន្តែប្រទេសដ៏តូចមួយនេះបានទទួលរងនូវឥទ្ធិពលវិបត្តិសាកលផងដែរ ជាពិសេសគឺសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបង្កអស្ថិរភាពភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មសាកល។ ជាមួយគ្នានោះ តម្លៃប្រេង និងស្បៀងអាហារបានកើនឡើង ព្រមទាំងបញ្ហាការដំឡើងអត្រាការប្រាក់គោល បានធ្វើឱ្យធនាគារកណ្តាលសិង្ហបុរី ត្រូវចាត់វិធានការរឹតត្បិតដោយការដាក់ចេញគោលនយោបាយរូបិយវត្ថុ។
សម្រាប់ឆ្នាំ២០២៣នេះ សេដ្ឋកិច្ចសិង្ហបុរី ក៏ទំនងបន្តជួបភាពអាប់អួរទៀត ដោយសារការនាំចេញនៅតែចុះខ្សោយ ជាពិសេសផលិតផលអេឡិចត្រូនិច ក៏ដូចជាការបន្តរងផលប៉ះពាល់ពីវិបត្តិសាកលនេះដដែល ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ឆ្នាំនេះនឹងជាឆ្នាំដ៏តានតឹងជាងឆ្នាំមុនសម្រាប់សេដ្ឋកិច្ចសាកល។
លោកស្រី Kristalina Georgieva អគ្គនាយិកា IMF បានលើកឡើងនៅដើមខែមករានេះថា សេដ្ឋកិច្ចពិភពលោកប្រមាណ ១ភាគ៣ នឹងធ្លាក់ចូលទៅក្នុងវិបត្តិ ដែលបណ្តាលមកពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចរបស់ប្រទេសយក្សៗដែលជាក្បាលម៉ាស៊ីនពិភពលោករួមមាន អាមេរិក ចិន និងសហភាពអឺរ៉ុបជាដើម៕
អត្ថបទ៖ នៅ សំភី