យោងតាមទិន្នន័យរបស់សមាគមឧស្សាហកម្មបន្ទះសៀគ្វីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឱ្យដឹងថា ការលក់បន្ទះឈីបនៅទូទាំងពិភពលោក ក្នុងខែកញ្ញាកន្លងទៅ បានធ្លាក់ចុះ ០,៥% បើធៀបនឹងខែសីហា និងធ្លាក់ចុះ ៣% បើធៀបនឹងខែកញ្ញា ឆ្នាំមុន។
របាយកការណ៍ដដែលបន្តថា ការលក់បន្ទះឈីបនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ មានចំនួនសរុប ១៤១ពាន់លានដុល្លារ ថយចុះ ៣% ផងដែរ បើប្រៀបធៀបនឹងត្រីមាសទី៣នៃឆ្នាំ២០២១ ហើយទាបជាង ៦,៣% នៃត្រីមាសទី២ ឆ្នាំ២០២២។
លោក John Neuffer ប្រធានសមាគមឧស្សាហកម្មបន្ទះសៀគ្វី បាននិយាយថា ក្រោយមានកំណើនដ៏ខ្លាំងកាលពីពាក់កណ្តាលឆ្នាំ២០២២ ការលក់បន្ទះឈីបស្រាប់តែបានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែវិបត្តិសេដ្ឋកិច្ចសាកល។ ទោះជាយ៉ាងណា លោករំពឹងថា ទីផ្សារឈីបនេះនឹងងើបរឹងមាំឡើងវិញ ដោយសារតែវានឹងដើរតួនាទីកាន់តែសំខាន់ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលនេះ។
ស្របគ្នាជាមួយទិន្នន័យខាងលើនេះ ក្រុមហ៊ុនឈីបធំៗមួយចំនួន បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនផងដែរ។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនឈីបកូរ៉េខាងត្បូង SK Hynix ក្នុងរយៈពេល៣ខែ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួនសរុបជិត ១ពាន់២រយលានដុល្លារ ធ្លាក់ចុះពីចំនួនជិត ២ពាន់៣រយលានដុល្លារកាលពីឆ្នាំមុន។
ក្រុមហ៊ុនអាមេរិក Intel បានប្រកាសកាលពីសប្តាហ៍មុនថា ចំណូលសុទ្ធរបស់ខ្លួននៅត្រីមាសទី៣បានធ្លាក់ចុះរហូតដល់ ៨៥% បើធៀបនឹងឆ្នាំមុន។ ចំណែកក្រុមហ៊ុន Samsung ក៏មានប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះ ៤៩% ក្នុងផ្នែកបន្ទះឈីបនេះផងដែរ។
យោងតាមការិយាល័យស្ថិតិជាតិរបស់កូរ៉េខាងត្បូង បានបង្ហាញថា ការផលិតឈីបរបស់ក្រុមហ៊ុនកូរ៉េនៅខែកញ្ញា ឆ្នាំ២០២២ បានធ្លាក់ចុះ ៣,៥% បើធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ០,១% ធៀបនឹងខែសីហា។
ក្រៅពីនេះ ក្រុមហ៊ុនឈីបខ្លះទៀត ក៏បានព្រមានពីការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួននាពេលខាងមុខនេះ ដោយសារតែការដាក់វិធានការរបស់រដ្ឋាភិបាលអាមេរិក ក្នុងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនផងដែរ។ ក្រុមហ៊ុន KLA ដែលជាអ្នកនាំមុខផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតឈីប បានព្រមានពីផលប៉ះពាល់ចំណូលរបស់ខ្លួនដល់ ៩០០លានដុល្លារនៅឆ្នាំក្រោយ ដោយសារតែការរឹតត្បិតនេះ។ រីឯក្រុមហ៊ុន LAM ក៏ប៉ាន់ស្មានថា ខ្លួននឹងទទួលរងផលប៉ះពាល់ប្រាក់ចំណូលដល់ជាង ២ពាន់លានដុល្លារផងដែរ៕
អត្ថបទ៖ នៅ សំភី