បន្ទាប់ពីដាក់ខ្លួនឲ្យនៅឯកោអស់រយៈពេលប្រមាណជា៣ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ និង រងឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកនោះ នៅពេលនេះ ប្រទេសចិនត្រូវបានគេមើលឃើញនិងអះអាងថា កំពុងតែបង្កើនការវាយលុកនិងពង្រឹងជំហរផ្នែកការទូតរបស់ខ្លួនឡើងវិញ ដើម្បីទប់ទល់នឹងការដាក់សម្ពាធពីសហរដ្ឋអាមេរិក។ តើចិនបង្កើនការវាយលុក និងពង្រឹងជំហរផ្នែកការទូត របស់ខ្លួនយ៉ាងណាខ្លះដើម្បីទប់ទល់ជាមួយនឹងមហាយក្សសេដ្ឋកិច្ចលេខ១លើលោកសហរដ្ឋអាមេរិកនោះ ?
លោក ជីង កាង (Qin Gang) រដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិនកាលពីថ្ងៃអង្គារបានប្រកាសថា ប្រទេសចិនកំពុងមានគោលបំណងបង្កើនការវាយលុកផ្នែកការទូតដ៏ស្រួចស្រាល់របស់ខ្លួនឡើងវិញហើយ ។
លោករដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិនដដែលបានបញ្ជាក់ថា នយោបាយការទូតរបស់ចិនត្រូវបានចុចប៊ូតុងបញ្ជាឲ្យបង្កើនល្បឿនឡើងវិញហើយ បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ១៩ បូកផ្សំនឹងរបត់នយោបាយអន្តរជាតិថ្មីៗនៅលើពិភពលោកនាពេលចុងក្រោយនេះមានភាពស្មុគស្មាញ និង ផុយស្រួយ។
គេដឹងថា នៅពេលដែលចិន និងពិភពលោក រងគ្រោះដោយសារតែការរីករាលដាលនៃមេរោគ កូវីដ ១៩ លុយសម្រាប់ការចំណាយទៅលើវិស័យការទូតរបស់ចិននៅក្នុងឆ្នាំ២០២០ ត្រូវបានកាត់ បន្ថយរហូតដល់ជិត ១២% ហើយនៅក្នុងឆ្នាំ២០២២ ថវិកាសម្រាប់ចំណាយលើវិស័យការទូតចិន ត្រូវបានបង្កើនឡើង ២,៤%មកវិញ ប៉ុន្តែនៅឆ្នាំ២០២៣ នេះ ចិនបានសម្រេចបង្កើនថវិកាសម្រាប់ចំណាយកើនឡើងដល់ទៅជាង ១២%បន្ថែមទៀត ។
តាមរបាយការណ៍ដែលបានទទួលដោយបណ្តាសា្ថប័នសារព័ត៌មានធំៗបានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ នេះ ថវិកាសម្រាប់ការចំណាយទៅលើវិស័យការទូតរបស់ចិនត្រូវបានបង្កើនដល់ទៅ ៨ ពាន់លានដុល្លារ។ នេះគឺជាកញ្ចប់ថវិកាជាតិរបស់ចិនសម្រាប់ចំណាយដោយគ្របដណ្តប់ទៅលើថវិការបស់ក្រសួងបរទេស ស្ថានទូត និង ស្ថានអគ្គកុងស៊ុលចិន នៅក្រៅប្រទេស រហូតដល់ការចំណាយរបស់ចិននៅក្នុងអង្គការអន្តរជាតិ ជំនួយបរទេស និង ការឃោសនាខាងក្រៅផងដែរ ។
ទាំងនេះគឺជាផែនការចំណាយរបស់ចិននៅក្នុងវិស័យការទូតក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែទំហំនៃការចំណាយនេះ គឺអាចខុសគ្នាឆ្ងាយណាស់ជាមួយនឹងសហអាមេរិក ។
តាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ CNN បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៣ នេះ អាមេរិកបានស្នើកញ្ចប់ថវិកាសម្រាប់ការចំណាយទៅលើកិច្ចការទូតអន្តរជាតិសរុបរហូតដល់ទៅ ៦៧ ពាន់លានដុល្លារឯណោះ ពោលគឺមានច្រើនជាងចិនដល់ទៅ ៨ដងឯណោះ៕
អត្ថបទ៖ សរ សុជាតិ