គិតត្រឹមខែកក្កដាឆ្នាំ២០២២ ការធ្លាក់ថ្លៃនៃអត្រាប្តូរប្រាក់ រួមផ្សំនឹងឧបសគ្គនៃការដឹកជញ្ជូន បានជម្រុញឲ្យតម្លៃទំនិញនៅប្រទេសម៉យ៉ាន់ម៉ាមានការកើនឡើងខ្លាំង ដែលបណ្ដាលឲ្យអត្រាអតិផរណាកើនឡើងដល់ជិត ២០% រហូតដល់ដាច់មួយឆ្នាំ។ បន្ថែមពីនេះ ការឡើងថ្លៃនៃតម្លៃសាងសង់សំណង់នានា ការខ្វះខាតអគ្គិសនី និងបទប្បញ្ញត្តិរបស់របបគ្រប់គ្រងដោយយោធានេះ ក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។
យោងតាមរបាយការណ៍មួយ ដែលមានឈ្មោះថា អ្នកត្រួតពិនិត្យសេដ្ឋកិច្ចមីយ៉ាន់ម៉ា បានបង្ហាញថា កាលពីឆ្នាំ២០២១ សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានធ្លាក់ចុះក្នុងរង្វង់-១៨% ប៉ុន្តែបានងើបឡើងវិញក្នុងរង្វង់ ៣% កាលពីឆ្នាំ២០២២។ ហើយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានប្រហែល១៣% ទាបជាងកម្រិតមុនមានជំងឺ COVID-19។ ការព្យាករណ៍បែបនេះគឺផ្ទុយស្រឡះពីប្រទេសភាគច្រើន ផ្សេងទៀត ដែលផលិតផលក្នុងស្រុកសរុបរបស់ពួកគេបានងើបឡើងវិញដល់កម្រិតខ្ពស់ជាង ឆ្នាំ២០១៩ អស់ហើយ។
លោក Mariam Sherman នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា សក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានថមថយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ចំណែកបរិយាកាសអាជីវកម្ម នៅតែមិនទាន់ល្អប្រសើរ ដោយសារវិបត្តិនយោបាយ ការរឹតបន្តឹងការនាំចូល និងការកាត់ផ្ដាច់ថាមពលជាដើម។ ទាំងអស់នេះបានឆ្លុះបញ្ចាំងពីភាពបរាជ័យ របស់យោធាក្នុងការគ្រប់គ្រងប្រទេស និងការធ្វើពាណិជ្ជកម្ម។ លើសពីនេះអ្នកដឹកនាំរបបនេះ បានស្នើឱ្យរុស្ស៊ីធ្វើវិនិយោគនៅក្នុងតំបន់ឧស្សាហកម្ម និងថាមពល ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនទទួលបានផ្លែផ្កានោះទេ។
សូមជម្រាបថា ដើម្បីគ្រប់គ្រងអត្រាប្តូរប្រាក់បរទេស ធនាគារកណ្តាលប្រចាំនៅមីយ៉ាន់ម៉ាបានកំណត់ប្រាក់ដុល្លារអាមេរិក១ដុល្លាឲ្យស្មើនឹងតម្លៃ ១៨៥០ក្យ៉ាត់(kyat) ក្នុងខែមេសាឆ្នាំ២០២២។ ប៉ុន្តែវិធានការគ្មានប្រសិទ្ធិភាណឡើយ ដោយប្រាក់ដុល្លារបានឡើងថ្លៃខ្ពស់បំផុតដល់ ៤២០០ kyat កាលពីខែកញ្ញាឆ្នាំមុន។
ចំពោះបញ្ហានេះ ធនាគារពិភពលោកបាននិយាយថា ការរឹតបន្តឹងលើការអត្រា រូបិយប័ណ្ណបរទេសបានបណ្តាលឱ្យមានការខ្វះខាតនៃរូបិយប័ណ្ណបរទេស ដែលជាការបន្ថែមសម្ពាធដល់អតិផរណា។ ប៉ុន្តែនាពេលថ្មីៗនេះ គេបានបន្ធូរបន្ថយការដាក់សម្ពាធនេះហើយ ថែមទាំងបានបន្តដាក់ពន្ធយ៉ាងច្រើនលើក្រុមហ៊ុននាំចេញទៀតផង ដើម្បីបង្កើនចំណូលរដ្ឋ។
ដោយឡែក ចំណុចវិជ្ជមានមួយដែលធនាគារកណ្ដាលបានរាយការណ៍នោះគឺ ស្ថានភាពវិស័យកសិកម្មហាក់ដូចជាមានភាពប្រសើរឡើងវិញហើយ ទោះបីជាតម្លៃនៃការដាំដុះខ្ពស់ក៏ដោយ។
ទោះជាយ៉ាងណា វិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យផងដែរ។ ជាក់ស្ដែង ទិន្នន័យស្ទង់មតិរបស់ធនាគារពិភពលោក បានបង្ហាញពីភាពចម្រូងចម្រាសរបស់ក្រុមហ៊ុនកសិកម្មដែលបញ្ហាប្រឈមរបស់ពួកគេមានខ្ពស់ខ្លាំងក្នុងការរកស៊ីនៅមីយ៉ាន់ម៉ា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២២៕