នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានវាយតម្លៃខ្ពស់ និងសរសើរកិច្ចប្រជុំកំពូលនេះថា ជាការចាប់ផ្តើមឡើងវិញក្នុងទំនាក់ទំនងជាមួយជប៉ុន និងកូរ៉េខាងត្បូង ដែលសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ហើយនេះបង្ហាញពីការខិតខំស្តារឡើងវិញនូវកិច្ចសន្ទនាពាណិជ្ជកម្ម និងសន្តិសុខផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ។
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ស្របពេលការចាប់ផ្ដើមឡើងវិញនូវការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រីភាគី (FTA) ដែលបានជាប់គាំងចាប់តាំងពីឆ្នាំ២០១៩ បានក្លាយជារបៀបវារៈកំពូលនៃកិច្ចប្រជុំកំពូលនេះ។
នៅពេលកិច្ចប្រជុំកំពូលនេះចាប់ផ្ដើម លោក លី ឈាង បានលើកឡើងថា កិច្ចពិភាក្សានេះបង្ហាញទាំងការចាប់ផ្តើមឡើងវិញ និងការចាប់ផ្តើមថ្មីព្រមគ្នា ហើយបានអំពាវនាវឱ្យមានការបន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំង៣ ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា។
ទោះជាយ៉ាងណាលោក លី ឈាង បានលើកឡើងថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទូលំទូលាយកើតឡើងទៅបាន លុះត្រាតែមានការបែងចែកគ្នាឱ្យដាច់រវាងបញ្ហាសេដ្ឋកិច្ច និងបញ្ហានយោបាយ ហើយលោកបានអំពាវនាវឱ្យបញ្ចប់នូវគោលនយោបាយគាំពារនិយម របាំងពាណិជ្ជកម្ម និងការកាត់ផ្ដាច់ខ្សែច្រវាក់ផ្គត់ផ្គង់។
លោក លី ឈាង បានគូសបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន នឹងមិនផ្លាស់ប្តូរឡើយ ស្មារតីនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានតាមរយៈការឆ្លើយតបទៅនឹងវិបត្តិក៏នឹងមិនផ្លាស់ប្តូរ ហើយបេសកកម្មរបស់ប្រទេសទាំង៣ក្នុងការការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ក៏នឹងមិនផ្លាស់ប្តូរនោះដែរ៕
ដោយ: តែម សុខុម