អ្នកជំនាញជឿជាក់ថា តម្រូវការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនឹងបន្តកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ តែតម្លៃអាចនឹងមានការធ្លាក់ចុះបន្តិចដោយសារការប្រកួតប្រជែងច្រើន។សូមជម្រាបដែរថាការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានធ្វើឲ្យអាជីវកម្មតូចធំជាច្រើនដួលរំលំបិទទ្វារ និង ផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន មិនថាតែនៅកម្ពុជានោះទេ សូម្បីតែក្រុមហ៊ុនធំៗ ខ្នាតយក្សៗមួយចំនួននៅលើពិភពលោកក៏រងគ្រោះក្ស័យធនដោយសារតែវិបត្តិកូវីដ១៩នេះដែរ។
នៅប្រទេសកម្ពុជាបន្ទាប់ពីរាជរដ្ឋាភិបាលបានបើឲ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ឃើញមានអាជីវកម្ម ហាងតូចធំ ក្រុមហ៊ុនចាប់ផ្តើមដំណើរការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញផងដែរ។
កញ្ញា គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សានៃក្រុមហ៊ុន CBRE Cambodia កត់សម្គាល់ឃើញថា ចរន្តនៃការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនៅកម្ពុជាហាក់មានស្ថានភាពល្អប្រសើរឡើងវិញហើយនៅត្រីមាសទី១ឆ្នាំ២០២២ នេះ។ ប៉ុន្តែកំណើននៃការជួលនេះបានកើនឡើងភាគច្រើនលើបន្ទប់ការិយាល័យ និងផ្សារដែលមានទំហំតូចៗ ខណៈទីតាំងទំហំធំៗហាក់មិនសូវមានកំណើនគួរឲ្យកត់សម្គាល់នោះទេ។ កំណើននៃការជួលនេះ គឺបានកើនឡើងក្រោយកម្ពុជាបើកប្រទេសលើគ្រប់វិស័យឡើងវិញ គួបផ្សំកម្ពុជាមានភាពស៊ាំជាមួយជំងឺកូវីដ-១៩ ក្រោយប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់បានទទួលការចាក់វ៉ាក់សាំង។
តែយ៉ាងណាអ្នកជំនាញស្រាវជ្រាវរូបនេះអះអាងថា បើទោះបីទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបបច្ចុប្បន្នមានសកម្មភាពមមាញឹកជាងមុនក៏ដោយ តែចំនួននេះនៅមានកម្រិតទាបនៅឡើយបើធៀបត្រីមាសទី១កាលពីឆ្នាំ២០២១។ បើតាមកញ្ញា កេសា នៅត្រី១ឆ្នាំ២០២២ នេះ ការជួលអគារពាណិជ្ជកម្មមានត្រឹមតែ៦៧% នៃចំនួនផ្គត់ផ្គង់សរុប ធ្លាក់ចុះ១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមាន៦៨% ខណៈការជួលទីតាំងនៅតាមផ្សារទំនើបវិញមាន៦៦% នៃការផ្គត់ផ្គង់ ក៏មានការធ្លាក់ចុះ១% ផងដែរ។
ទោះបីយ៉ាងនេះក្តីអ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបនឹងបន្តមានកំណើនបន្ថែមទៀតនាពេលខាងមុខ ប៉ុន្តែតម្លៃអាចនឹងមានការធ្លាក់ចុះដោយសារការផ្គត់ផ្គង់លើវិស័យនេះនឹងមានការកើនឡើងក្រោយគម្រោងថ្មីៗត្រូវបានបញ្ចប់ការសាងសង់។
សូមជម្រាបដែរថាការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានធ្វើឲ្យអាជីវកម្មតូចធំជាច្រើនដួលរំលំបិទទ្វារ និង ផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន មិនថាតែនៅកម្ពុជានោះទេ សូម្បីតែក្រុមហ៊ុនធំៗ ខ្នាតយក្សៗមួយចំនួននៅលើពិភពលោកក៏រងគ្រោះក្ស័យធនដោយសារតែវិបត្តិកូវីដ១៩នេះដែរ។
ដោយឡែកនៅប្រទេសកម្ពុជាបន្ទាប់ពីរាជរដ្ឋាភិបាលបានបើឲ្យដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ឃើញមានអាជីវកម្ម ហាងតូចធំ ក្រុមហ៊ុនចាប់ផ្តើមដំណើរការស្តារអាជីវកម្មរបស់ខ្លួនឡើងវិញផងដែរ។
ជាក់ស្តែងជុំវិញការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើបបើកហាងលក់ដូរស្តារអាជីវកម្មឡើងវិញនេះដែរ លោក ចូហ្វ្រី តាន ប្រធានគ្រប់គ្រង The Bridge Mall របស់ក្រុមហ៊ុន World Bridge បានឲ្យដឹងថា ក្រោយពេលដែល រដ្ឋាភិបាល បើកដំណើរការ សេដ្ឋកិច្ច សង្គមឡើងវិញ ក្រុមហ៊ុនក៏ចាប់ផ្ដើមចុះកិច្ចសន្យាជួលថ្មីៗជាបណ្ដើរៗមកវិញហើយ ដោយក្នុងនោះមានទាំងហាង និង ផ្សារទំនើប ដែលកំពុងតែតុបតែង ដើម្បីដំណើរការអាជីវកម្ម របស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ។
ជាមួយគ្នានេះ លោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer កត់សម្គាល់ឃើញថា ចរន្តជួលអគារពាណិជ្ជកម្មនៅមួយរយៈចុងក្រោយនេះមានទីផ្សារល្អឡើងវិញហើយ ពោលគឺក្រុមហ៊ុនមួយចំនួន ដែលធ្លាប់ជួលការិយាល័យនៅតាមផ្ទះល្វែង និងវីឡាបាននាំគ្នាប្តូរទីតាំងទៅបើកការិយានៅអគាពាណិជ្ជកម្មផ្សេងៗ ដែលធ្វើតម្រូវការមានការកើនឡើង។
គួររំលឹកថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានដាំក្បាលចុះខ្លាំងកាលពីអំឡុងឆ្នាំ២០២១ ពោលគឺក្រោយពេលជំងឺកូវីដ-១៩ វាយលុកខ្លាំង និងមានវិធានការតឹងរ៉ឹង។ ប៉ុន្តែក្រោយស្ថានភាពនៃការឆ្លងជំងឺនេះ មានភាពធូរស្បើយបន្ទាប់ពីរាជរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស និងបើកសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងបន្ធូរបន្ថយវិធានការរឹតបន្តឹងកូវីដ-១៩ ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យបច្ចុប្បន្នហាក់មានចរន្តល្អប្រសើរឡើងវិញហើយ៕