ប្រទេសវៀតណាម ដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីរហូតជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ទោះបីជាពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពអាប់អួយ៉ាងក្ដី ប៉ុន្ដែ ការធ្វើពាណិជ្ជកម្មកម្ពុជានៅតែរក្សាបាននូវសញ្ញាណវិជ្ជមាន ជាមួយកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង ១២ពាន់លានដុល្លារអាមេរិក បានកើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ប្រទេសវៀតណាម បានឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មសរុបជាមួយកម្ពុជាច្រើនជាងគេរហូតជាង ៤ពាន់លានដុល្លារ មានកំណើន ២២% បើធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ មានទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ កើនឡើង ៣% ធៀបនឹងឆ្នាំ២០២១ ខណៈការនាំចូលពីវៀតណាម មានទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ មានកំណើន ៣៥%។
ដោយឡែក សម្រាប់ប្រទេសថៃ ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាទី២ មានទំហំពាណិជ្ជកម្មសរុប ជាង ៣ពាន់លានដុល្លារ មានកំណើន ២៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសថៃ មានទំហំទឹកប្រាក់ជាង ៦រយលានដុល្លារ កើនឡើង ៣៨% ធៀបនឹងឆ្នាំ២០២១។ ចំណែកឯ ការនាំចូលពីប្រទេសថៃវិញ មានទំហំទឹកប្រាក់រហូតជិត ៣ពាន់លានដុល្លារ ឯណោះ ដែលមានកំណើនចំនួន ២៥%។
លោក ច័ន្ទ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានកត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសផ្សេងៗ មានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុង រយៈពេល ៩ខែ ដំបូងឆ្នាំ២០២២។ បើទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ ក៏មើលឃើញថា មានសញ្ញាអវិជ្ជមានមួយចំនួន ដោយសារឥទ្ធិពលនៃការបញ្ជាទិញមានការថមថយ នៅប្រទេសចិន អាមេរិក និងទ្វីបអឺរ៉ុប។ បើតាមលោក ច័ន្ទ សុផល ឥទ្ធិពលនៃសង្គ្រាមរបស់រុស្សី-អ៊ុយក្រែន ពិតជាជិះឥទ្ធិពលអវិជ្ជមាន ពិសេសលើទំនិញកសិកម្ម មួយចំនួន ដូចជា ស្វាយចន្ទី កៅស៊ូ និងម្រេច ជាដើម បានធ្លាក់ចុះតម្លៃ ហើយបញ្ហានេះក៏ជិះផលអវិជ្ជមានខ្លះដែរ ដល់ទីផ្សារប្រទេសថៃ និងវៀតណាម។ ទោះយ៉ាងណា អ្នកជំនាញក្នុងវិស័យកសិកម្មរូបនេះ ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា ទីផ្សារកសិផលនឹងប្រសើរឡើងវិញ នៅរយៈពេលខាងមុខ ដោយសារនៅតែនៅលើពិភពលោកកំពុងមានតម្រូវការស្បៀងអាហារច្រើន។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករកម្ពុជា បានគូសបញ្ជាក់ថា ដ្បិតថា កម្ពុជាមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម ក៏ប៉ុន្តែ ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ពិតជាសំខាន់សម្រាប់កម្ពុជា ពិសេស ដូចជា ប្រទេសវៀតណាម និងប្រទេសថៃ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ វិស័យកសិកម្ម មិនត្រឹមតែរួមចំណែកសំខាន់ក្នុងការជំរុញការនាំចេញប៉ុណ្ណោះទេ តែក៏រួមចំណែកសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចដែរ ពិសេសក្នុងការបង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្ម តែម្ដង តាមរយៈការដោះដូរផលិតផលកសិកម្ម។ ដូច្នេះ សម្រាប់ឧកញ៉ា ហ៊ុន ឡាក់ ប្រទេសវៀតណាម និងប្រទេសថៃ សុទ្ធតែសំខាន់ដូចគ្នាសម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើពាណិជ្ជកម្ម។
សូមបញ្ជាក់ថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤១ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជាង១៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕