ប្រទេសណាខ្លះហើយដែលបានប្រកាសបិទខ្ទប់ជើងហោះហើរពីរុស្ស៊ី?

តើមកទល់ពេលនេះ ប្រទេសណាខ្លះហើយដែលបានប្រកាសបិទខ្ទប់ជើងហោះហើរពីរុស្ស៊ី?


ស្របពេលស្ថានការណ៍កាន់តែក្ដៅ ការទម្លាក់ទណ្ឌកម្មទៅលើរុស្ស៊ីក៏នៅតែបន្ដធ្លាប់មកផ្ទួនៗជាបន្ដបន្ទាប់ដែរ ជាក់ស្ដែងថ្មីៗនៅថ្ងៃទី ០២ មីនា នេះ ប្រធានាធិបតី អាមេរិកលោក ចូ បៃឌិន បានប្រកាសក្តែងៗថា អាមេរិកនឹងបិទខ្ទប់រាល់ជើងហោះហើរពីរុស្ស៊ីទាំងអស់។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក បៃឌិននេះ ធ្វើឡើងនៅគ្រាដែលប្រទេសលោកខាងលិចជាច្រើនទៀតក៏បានបិទខ្ទប់ជើងហោះហើរពីរុស្ស៊ីផងដែរ។ តើមកទល់ពេលនេះ ប្រទេសណាខ្លះហើយដែលបានប្រកាសបិទខ្ទប់ជើងហោះហើរជាមួយរុស្ស៊ី? ហើយវាកំពុងធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ឧស្សាហកម្មអាកាសចរណ៍ពិភពលោក?
រូបតំណាង

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសហាមឃាត់ការហោះហើរទាំងអស់របស់រុស្ស៊ី ហោះហើរចូលក្នុង​ដែនអាកាសអាមេរិក ខណៈដែល​សម្ព័ន្ធមិត្តអាមេរិក រួមមាន ​​សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា ក៏បាន​ប្រកាស​ពីចំណាត់ការស្រដៀងគ្នា​នឹងអាមេរិកនេះដែរ។ ប្រការនេះ កំពុង​​ធ្វើឱ្យរុស្ស៊ីកាន់តែឯកោតែលតោលបន្ថែមទៀត ទៅមុខក៏មិនរួច ទៅក្រោយក៏មិនទាន់រួចនៅឡើយ និយាយឲ្យស្រួលស្តាប់កំពុងតែជាប់ផុងហើយ បន្ទាប់ពីមហាអំណាចយោធា​លំដាប់ទី២ក្នុងពិភពលោកមួយនេះ បានចូលលុកលុយលើអ៊ុយក្រែន រងសម្ពាធដាក់ទណ្ឌកម្មពីគ្រប់ច្រកល្ហក និង គ្រប់រូបភាពទាំងអស់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ក្រោយពីការប្រកាស​របស់​ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ការអនុវត្ត​បទបញ្ជានេះ​នឹងត្រូវ​ចូលជាធរមាននៅថ្ងៃពុធទី០២នេះតទៅ ហើយនឹងផ្អាកប្រតិបត្តិការនៃយន្តហោះទាំងអស់ដែលជាកម្មសិទ្ធិ ឬមានប្រតិបត្តិការ​ទាក់ទង​ ឬគ្រប់គ្រង ឬផ្ដល់ផលប្រយោជន៍ ទៅឲ្យ​បុគ្គលដែលមាន​សញ្ជាតិរុស្ស៊ី។ ការបិទខ្ទប់ដែនអាកាសការហោះហើរទៅលើប្រទេសរុស្ស៊ីនេះ គឺរាប់ទាំងពីការដឹកអ្នកដំណើរ និងដឹកទំនិញ រួមទាំង​ជើងហោះហើរពិសេស charter Flights ផងដែរ។

ជាការឆ្លើយតបនឹងការបិទដែនអាកាសពីប្រទេសលោកខាងលិច រុស្ស៊ី ថ្មីៗនេះ ក៏បាន​ចាត់វិធានការឆ្លើយតបវិញដែរ ដោយបាន​បិទខ្ទប់​ក្រុមហ៊ុនអាកាសចរណ៍ពីរដ្ឋចំនួន​៣៦ ប្រទេស និងដែនដី មិនឲ្យ​ធ្វើដំណើរចេញពីដែនអាកាសរបស់ខ្លួន​ដូចគ្នាដែរ។  នេះបើតាមការរាយការណ៍ពីសារព័ត៌មានរដ្ឋរុស្ស៊ី RT។

គួរជម្រាបថា ការបិទជើងហោះហើរទៅលើរុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប និងអាមេរិកនឹងធ្វើឱ្យប្រព័ន្ធអាកាសចរណ៍របស់រុស្ស៊ីចុះខ្សោយខ្លាំង។ ការរឹតបន្តឹងថ្មីដែលនឹងចូលជាធរមានឆាប់ៗនេះ នឹងបង្កើតជាវិធានការដ៏ធំទូលាយមួយដោយបណ្ដាប្រទេសលោកខាងលិច ដែលវាអាចរំខានដល់ឧស្សហកម្មអាកាសចរណ៍ពាណិជ្ជកម្មរបស់រុស្ស៊ី និងអាចជះឥទ្ធិពល​ដល់​ឧស្សាហកម្ម​អាកាសចរណ៍អន្តរជាតិដូចគ្នាដែរ។

រហូតមកដល់ពេលនេះ បើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT បានឱ្យដឹងថា ទេសចររុស្ស៊ីរាប់ពាន់នាក់បានជាប់គាំងបន្ទាប់ពីមានការ​ប្រកាស​ហាមឃាត់ការហោះហើរពីរុស្ស៊ីពេលនេះ។ យោងតាមសមាគមទីភ្នាក់ងារទេសចរណ៍នៃប្រទេសរុស្ស៊ីបានឱ្យដឹងថា ភ្ញៀវទេសចរជាង ២ម៉ឺន ៧ពាន់នាក់​​នៅជុំវិញពិភពលោក​ត្រូវបាន​ទុកចោលមិនអាចធ្វើដំណើរបាន បន្ទាប់ពីសហភាពអឺរ៉ុប និងកាណាដាបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីផង។

យ៉ាងណាមិញ នៅក្នុង​សប្ដាហ៍នេះ បន្ទាប់ពីមានការ​ប្រកាស​បិទដែនអាកាសពីប្រទេសលោកខាងលិច មានជើងហោះហើរ​ចេញចូល​ទៅកាន់​អាកាសយានដ្ឋាន​នៅក្នុងទីក្រុងម៉ូស្គូជាង ១០០ជើង​ត្រូវបានលុបចោលផងដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Washington Post៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


តើផែនទីបង្ហាញផ្លូវសម្រាប់វិស័យយានយន្ដ និងអេឡិចត្រូនិក ដែលកម្ពុជាកំពុងរៀបចំ នឹងផ្ដល់ប្រយោជន៍សំខាន់ៗអ្វីខ្លះដល់សេដ្ឋកិច្ច?

ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្តារសេដ្ឋកិច្ចកម្ពុ…

លោកចូបៃឌិនសច្ចាទាមទារឲ្យលោកពូទីនតបស្នងវិនាសកម្មដែលបានសាងលើអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានសច្ចាថា លោកនឹងទាមទារឲ្យប្រធានាធិបតីរុស្ស៊ី លោកពូទីនរ៉ាប់រង ព្រមទាំងតបស្នងនូវវិនាសកម្ម ដែលលោកបានសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ