នៅក្នុងគោលដៅនៃកម្មវិធីរបស់អង្គការសុខភាពពិភពលោក នឹងផ្តល់ឧបករណ៍ធ្វើតេស្តរកកូវី១៩ ប្រហែល ១ ពាន់លានសម្រាប់ដល់ប្រទេសក្រីក្រ និងទិញថ្នាំដើម្បីព្យាបាលដល់អ្នកជំងឺ ១២០ លាននាក់នៅទូទាំងពិភពលោក ក្នុងចំណោមករណីឆ្លងថ្មីប្រហែល ២០០ លានករណី ដែលត្រូវបានប៉ាន់ស្មានថានឹងអាចកើនឡើងនៅក្នុងរយៈពេល ១២ ខែខាងមុខទៀត។
កម្មវិធីនឹងជួយឲ្យប្រទេសក្រីក្រអាចទិញថ្នាំគ្រាប់ព្យាបាលកូវីដ១៩ បានក្នុងតម្លៃត្រឹម១០ដុល្លារក្នុងមួយកញ្ចប់នេះ ត្រូវបានគេមើលឃើញថា គឺជាតម្លៃមួយទាបខ្លាំងណាស់ បើធៀបនឹងតម្លៃដែលប្រទេសអ្នកមានបានកក់ទិញថ្នាំនេះ ពោលគឺនៅសហរដ្ឋអាមេរិក បានយល់ព្រមនឹងទិញថ្នាំគ្រាប់ព្យាលបាលកូវីដ១៩ ពីក្រុមហ៊ុន Merck ក្នុងតម្លៃដល់ទៅ ៧០០ដុល្លារអាមេរិកឯណោះ ក្នុងមួយកញ្ចប់ ហើយអាមេរិកបានកក់ទុកប្រមាណ ១លាន៧សែនកញ្ចប់ឯណោះ។
កម្មវិធីថ្មីរបស់អង្គការសុខភាពពិភពលោកនេះ បានបង្ហាញឲ្យឃើញថា អង្គការនេះចង់ផ្គត់ផ្គង់ថ្នាំ និងឧបករណ៍តេស្តក្នុងតម្លៃទាបដល់ប្រទេសក្រីក្រ បន្ទាប់ពីខ្លួនបានបរាជ័យក្នុងការចែងចែកប្រកួតវ៉ាក់សាំង ដោយធ្វើឱ្យប្រទេសក្រីក្រទទួលបានវ៉ាក់សាំងតិចតួចបំផុត បើធៀបនឹងប្រទេសអ្នកមានផ្សេងទៀត។
ជាមួយគ្នានេះ កម្មវិធីរបស់អង្គការសុខភាពពិភពលោក ក៏បានស្នើសុំឱ្យប្រទេស G20 និងម្ចាស់ជំនួយដទៃទៀតផ្ដល់មូលនិធិបន្ថែមចំនួនជិត ៣០ពាន់លានដុល្លាររហូតដល់ខែកញ្ញាឆ្នាំ ២០២២ ដើម្បីទិញ និងចែកចាយវ៉ាក់សាំង និងឧបករណ៍តេស្តដល់ប្រទេសមានប្រាក់ចំណូលទាប និងធម្យម។ ម្យ៉ាងទៀត កាត់បន្ថយគម្លាតដ៏ធំនៃការផ្កត់ផ្គង់រវាងប្រទេសអ្នកមាន និងអ្នកក្រ។
រហូតមកទល់ពេលនេះ ម្ចាស់មូលធនិធិបានសន្យាផ្ដល់ជំនួយ ចំនួនជាង ១៨ពាន់លានដុល្លារដល់កម្មវិធីរបស់អង្គការសុខភាពពិភពលោកមួយនេះរួចហើយ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសក្រីក្រមានឧបករណ៍ធ្វើតេស្ដរកកូវីដ១៩ ជាមធ្យមប្រហែល ៥០សម្រាប់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ១ ម៉ឺននាក់ ខណៈប្រទេសអ្នកមានរហូតដល់ទៅ ៧៥០។
សូមជម្រាបថា កម្មវិធីនេះ ក៏មានគោលបំណងចាក់វ៉ាក់សាំងយ៉ាងតិចឲ្យបានដល់ ៧០% នៃប្រជាជននៅគ្រប់ប្រទេស នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយនេះ ស្របតាមគោលដៅរបស់អង្គការសុខភាពពិភពលោក៕