អង្គការសុខភាពពិភពលោក បាននិយាយថា ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសចំនួន ៥៣ នៃតំបន់អឺរ៉ុបបានកើនលើស ១លាន ៥សែននាក់រួចហើយ គិតមកទល់ពេលនេះ ជាមួយនឹងអត្រាស្លាប់ប្រចាំថ្ងៃកើនឡើងទ្វេដង ពោលគឺមានដល់ ៤ពាន់២រយ ក្នុងមួយថ្ងៃ បើធៀបនឹងខែកញ្ញា។
ទន្ទឹមនេះ WHO បានបន្តថា សម្ពាធកាន់តែតានតឹងខ្លាំងឡើង បានកើតមានចំពោះចំនួនអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ដែលត្រូវចូលសម្រាកនៅបន្ទប់ ICU ក្នុងមន្ទីរពេទ្យ ហើយវាបានគេរំពឹងថា នឹងមាននៅក្នុងប្រទេសចំនួន ៤៩ ក្នុងចំណោមប្រទេសអឺរ៉ុបចំនួន ៥៣ នៅត្រឹមថ្ងៃទី ១ ខែមីនាខាងមុខនេះ។ ក្នុងនោះ បារាំង អេស្បាញ និងហុងគ្រី គឺជាប្រទេសក្នុងចំណោមប្រទេសទាំង៥៣នោះ ដែលរំពឹងថា នឹងជួបប្រទះរលកឆ្លងជាថ្មី ដែលនឹងត្រូវការកន្លែងសង្គ្រោះបន្ទាន់ ICU កាន់តែច្រើន ដើម្បីព្យាបាលអ្នកជំងឺនៅដើមឆ្នាំ ២០២២។
សូមជម្រាបថា ប្រទេសហូឡង់បានចាប់ផ្តើមដឹកជញ្ជូនអ្នកជំងឺកូវីដ១៩ ឆ្លងព្រំដែនទៅកាន់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣ វិច្ឆិកានេះ ខណៈអ្នកជំងឺកាន់តែកើនឡើងច្រើនទៅៗ នៅតាមមន្ទីរពេទ្យ និងការឆ្លងក៏កើនខ្ពស់ទៅៗដែរ។
អង្គការសុខភាពពិភពលោកបាននិយាយថា ចំនួនអ្នកដែលមិនបានចាក់វ៉ាក់សាំង និងការន្ធូរបន្ថយវិធានការកូវីដ១៩ ជាកត្តាដែលជំរុញឱ្យមានការឆ្លងខ្ពស់នៅក្នុងទ្វីបអឺរ៉ុប រួមជាមួយនឹងភាពលេចចេញនូវមេរោគបំប្លែងថ្មី ឌែលតា ផងដែរ។
ប្រការនេះហើយ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានជំរុញឱ្យមនុស្សទៅទទួលការចាក់វ៉ាក់សាំង ព្រមទាំងដូសជំរុញបន្ថែម។
សូមបញ្ជាក់ថា នៅតំបន់អឺរ៉ុបទាំងមូលគិតមកទល់ពេលនេះ មានករណីឆ្លងកូវីដ ១៩ សរុបប្រមាណ ៧១ លាននាក់ ហើយក្នុងនោះ ករណីស្លាប់មានជាង ១ លាន ៦សែននាក់ ។បើយោងតាមចេញផ្សាយ ដោយទីភ្នាក់ងាររ៉យទ័រ៕
អត្ថបទ៖ ស៊ើង និមល់