អង្គការសុខភាពពិភពលោកបានប្រកាសនឹងចាប់ផ្ដើមផ្គត់ផ្គង់វ៉ាក់សាំងចិនចំនួន ១០០លានដូសដល់ប្រទេសផ្សេងៗជាពិសេសប្រទេសតំបន់អាហ្វ្រិក និង អាស៊ី។ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងចំនួន ១០០ លានដូសរបស់ចិន ពាក់កណ្តាលជាវ៉ាក់សាំងស៊ីណូហ្វាម និងពាក់កណ្តាលទៀតជាវ៉ាក់សាំងស៊ីណូវ៉ាក ហើយការដឹកជញ្ជូនវ៉ាក់សាំងទាំងនេះទៅឲ្យបណ្ដាប្រទេសនានាគ្រោងធ្វើឡើងចាប់ពីខែកញ្ញាឆ្នាំ ២០២១នេះ។
ក្នុងនោះ វ៉ាក់សាំងរបស់ចិនទាំងនេះ នឹងត្រូវអង្គការសុខភាពពិភពលោកបែងចែកទៅឱ្យប្រទេសចំនួន ៦០ ដែលភាគច្រើននៅទ្វីបអាហ្វ្រិកដែលត្រូវបានគេរំពឹងថា នឹងទទួលបានមួយភាគបីនៃចំនួន ១០០ លានដូស។ ខណៈបណ្តាប្រទេសនៅអាស៊ីត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងចិនជាង ២៥ លានដូសដែលក្នុងនោះជិត ១១ លានដូសនឹងផ្ដល់ទៅឲ្យប្រទេសឥណ្ឌូនេស៊ី ដែលវានឹងធ្វើឱ្យប្រទេសមួយនេះទទួលបានការចាក់វ៉ាក់សាំងចិនច្រើនជាងគេតាមរយៈយន្តការកូវ៉ាក់ ។
ទោះបី WHO បានចាប់យកវ៉ាក់សាំងចិនផ្គត់ផ្គង់ឲ្យប្រទេសនានាក៏ដោយ ប៉ុន្ដែក៏មិនប្រាកដថា ប្រទេសទាំងអស់សុទ្ធតែចង់បានវ៉ាក់សាំងចិននោះដែរ។
តួយ៉ាង នៅអាហ្វ្រិកខាងត្បូងដែលត្រូវបានចុះបញ្ជីជាមួយកម្មវិធីកូវ៉ាក់ ជាប្រទេសមួយក្នុងចំណោមប្រទេសទទួលការចាក់ថ្នាំបង្ការរបស់ចិនច្រើនជាងគេបំផុតនៅតំបន់អាហ្វ្រិកជាមួយនឹងការទទួលបានការបែងចែងវ៉ាក់សាំងចិន Sinovac ចំនួន ២លាន៥សែនដូស។
ប៉ុន្តែមន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់របស់ប្រទេសនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថាបច្ចុប្បន្នអាហ្វ្រិកខាងត្បូងមិនអាចទទួលយកវ៉ាក់សាំងនេះបានទេ។ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខាភិបាលអាហ្វ្រុកខាងត្បូង លោក Nicholas Crisp និយាយថា «មិនមានព័ត៌មានគ្រប់គ្រាន់ ដែលបង្ហាញថាវ៉ាក់សាំងចិនមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគបំប្លែងថ្មីឌែលតានោះទេ។
លោកបន្ថែមថា ប្រទេសអាហ្វ្រិកខាងត្បូងមិនបានទទួលយកជំនួយវ៉ាក់សាំង Sinovac ពីកម្មវិធីកូវ៉ាក់ ពីព្រោះ វ៉ាក់សាំងនេះ មិនទាន់ត្រូវបានកំណត់នៅក្នុងការវាយតម្លៃ និងដំណើរការផែនការរបស់អាហ្វ្រិកខាងត្បូងនៅឡើយទេ។
ទោះយ៉ាងណា ក៏មានប្រទេសនៅទ្វីបអាហ្វ្រិកផ្សេងៗទៀតបានទទួលយកវ៉ាក់សាំងចិនដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួនផងដែរ ជាក់ស្ដែង ប្រទេស Nigeria គឺជាប្រទេសមួយដែលមានការទទួលយកវ៉ាក់សាំងចិនពីកម្មវិធីកូវ៉ាក់ច្រើនជាងគ ដោយនឹងទទួលយកវ៉ាក់សាំង Sinopharm ជិត៨លានដូស។
ការនាំចេញវ៉ាក់សាំងរបស់ចិន ត្រូវបានគេមើលឃើញថា អាចនឹងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតវ៉ាក់សាំងរបស់ទីក្រុងប៉េកាំងផងដែរ ខណៈកាលពីដើមខែនេះ បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងផ្ដល់វ៉ាក់សាំង ២ពាន់លានដូសដល់ប្រទេសផ្សេងៗ ពិសេសប្រទេសក្រីក្រដែលកំពុង ត្រូវការវ៉ាក់សាំង។
កម្មវិធីកូវ៉ាក់របស់អង្គការសុខភាពពិភពលោករំពឹងថានឹងចែកវ៉ាក់សាំងដល់ប្រទេសនានាប្រមាណ ៥០០លានដូស គិតត្រឹមចុងខែកញ្ញា ខណៈដែលមកទល់ពេលនេះកម្មវិធីនេះ ទើបតែបានបែងចែកវ៉ាក់សាំងបានប្រមាណ ២១៥លានដូសប៉ុណ្ណោះ ហើយភាគច្រើនបំផុតជា វ៉ាក់សាំងប្រភេទវ៉ាក់សាំង AstraZeneca៕
អត្ថបទ៖ ស៊ើង និមល់