ពាក់ព័ន្ធនឹងបញ្ហាលើកឡើងនេះ និយ័តករធានារ៉ាបរងកម្ពុជា បានគូសបញ្ជាក់ ដោយពន្យល់បែបនេះថា «ការធានារ៉ាប់រងយានយន្តជាកាតព្វកិច្ច » គឺជាគោលនយោបាយគាំពារសុវត្ថិភាពហិរញ្ញវត្ថុក្នុងសង្គមសម្រាប់បុគ្គលម្នាក់ៗដែលពាក់ព័ន្ធនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ និងត្រូវបានដាក់ឱ្យអនុវត្តស្ទើរគ្រប់ប្រទេសលើសកលលោកទៅហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករធានារ៉ាប់រងកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
និយ័តករធានារ៉ាបរងកម្ពុជា បានគូសបញ្ជាក់ថា ការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈ គឺជាហេតុការណ៍ចៃដន្យដែលបានបង្កការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះ ជាពិសេសជនរងគ្រោះដែលទទួលរងរបួសលើរាងកាយ ឬមរណភាព។ ជនរងគ្រោះដែលរងរបួសត្រូវការចំណាយលើការព្យាបាល ចំណែកឯអ្នកទទួលមរណភាព ត្រូវបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ។ ជាក់ស្ដែង នៅក្នុងរបាយការណ៍សិក្សារបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលធ្វើការវាយតម្លៃទៅលើការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ បង្ហាញថា គ្រាន់តែការចំណាយលើការព្យាបាលរបួសរបស់ជនរងគ្រោះដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ មានទំហំទឹកប្រាក់ប្រមាណ ៣៤ លានដុល្លារអាមេរិក នេះមិនរាប់បញ្ចូលការខាតបង់សេដ្ឋកិច្ចដោយការបាត់បង់ឱកាសរកចំណូលរបស់ជនរងគ្រោះ ដែលទទួលមរណភាពនិងមានពិការភាពជាអចិន្ត្រៃយ៍ និងការខូចខាតទ្រព្យសម្បត្តិនៅក្នុងហេតុការណ៍ នៃគ្រោះថ្នាក់ចរាចរណ៍នៅឡើយនោះទេ។
ទន្ទឹមនេះ អ្នកប្រើប្រាស់យានយន្តទាំងអស់ សុទ្ធតែមានភារៈទទួលខុសត្រូវរៀងខ្លួន ចំពោះអ្នកដំណើរនៅលើដងផ្លូវសាធារណៈនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងពាក់ព័ន្ធនឹងការបញ្ជាយានយន្តរបស់ខ្លួន។ ករណីម្ចាស់យានយន្តមិនមានការធានារ៉ាប់រង នោះរាល់ការចំណាយ ឬការខូចខាតនឹងត្រូវប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួន ថែមទាំងអាចឈានដល់ការខ្ចីបុលគេបន្ថែមទៀត ដែលធ្វើឱ្យបន្ទុកសេដ្ឋកិច្ចគ្រួសារកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការលើកឡើងរបស់និយ័តករធានារ៉ាប់រងកម្ពុជា។
ពាក់ព័ន្ធនឹងការគ្រោងដាក់ឲ្យប្រីប្រាស់ធានារ៉ាប់រងយានយន្ដជាកាតព្វកិច្ចនេះដែរ លោក លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាបរងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា មិនទាន់មានការកំណត់ពេលវេលាជាក់លាក់នៅឡើយទេសម្រាប់ការដាក់ឲ្យអនុវត្តធានារ៉ាប់រងយន្ដយន្ដ ជាកាតព្វកិច្ចនេះ ដោយនិយ័តករធានារ៉ាប់រងកម្ពុជា ត្រូវរៀបចំបទដ្ឋានគតិយុត្តចាំបាច់រួចរាល់សិន ទើបចាប់ផ្តើមអនុវត្តបាន។ លោក ហ៊ុយ វ៉ាថារ៉ូបន្ថែមថា អ្វីដែលបានលើកឡើងកន្លងមក គ្រាន់តែជាការបង្ហាញនូវការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការគ្រោងរៀបចំឱ្យមានធានារ៉ាប់រងយានយន្តសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់សង្គមទាំងមូល។
យ៉ាងណាក៏ដោយចុះ បើតាមនិយ័តករធានារ៉ាប់រងកម្ពុជា ការទិញធានារ៉ាប់រងយានយន្ត មិនគួរត្រូវបានគេមើលក្នុងផ្លូវអវិជ្ជមាន ដោយចាត់ទុកជាចំណាយដ៏ធំនោះទេ តែនេះជាការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន សម្រាប់ការការពារហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍តែប៉ុណ្ណោះ៕