ហេតុអ្វីអាមេរិកផ្តោតអារម្មណ៍ទៅកាន់នៅប្រទេសនៅអាស៊ីកណ្តាល?

ហេតុអ្វីអាមេរិកងាកទៅរកការផ្ដោតទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាស៊ីកណ្តាលកាន់តែខ្លាំង?


រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិកលោក Antony Blinken កំពុងធ្វើដំណើរទៅកាន់តំបន់អាស៊ីកណ្តាលដោយលោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោននឹងមានទម្ងន់នៃការចូលរួមជាមួយប្រទេសទាំងនោះ ព្រទាំងធានាឡើងវិញនូវការធានាសន្តិសុខនៃអតីតរដ្ឋនៃសហភាពសូវៀត ក្រោយពីរុស្ស៊ីបើកការវាយប្រហារលើអតីតរដ្ឋសមាជិកនៃសហភាពសូវៀតមួយដែរនោះ គឺប្រទេសអ៊ុយក្រែន។
ហេតុអ្វីអាមេរិកងាកទៅរកការផ្ដោតទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាស៊ីកណ្តាលកាន់តែខ្លាំង?

ទោះយ៉ាងណា គេមើលមិនឃើញពីពន្លឺនៃការកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងអាមេរិកនិងរដ្ឋទាំងនោះទេ ព្រោះថាវាជាដែនឥទ្ធិពលប្រវត្តិសាស្ត្ររបស់រុស្ស៊ី និងចិនរួចបាត់ទៅហើយចាប់តាំងពីសម័យក្រោយសង្គ្រាមត្រជាក់មកម្លេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ប៉ុន្មានថ្ងៃបន្ទាប់ពីគម្របខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ទី ២៨ កុម្ភៈ នឹងជួបពិភាក្សាជាមួយមេដឹកនាំប្រទេសកាហ្សាក់ស្ថាន និងបន្ទាប់មកអ៊ូសបេគីស្ថាន ហើយនឹងបន្តជួបរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសនៃរដ្ឋទាំងប្រាំនៅអាស៊ីកណ្តាល ដែលជាអតីតរដ្ឋនៃសហភាពសូវៀត ដែលនឹងប្រព្រឹត្តធ្វើឡើងនៅរដ្ឋធានី Astana របស់ប្រទេសកាហ្សាក់ស្ថាន។

លោក Donald Lu ដែលជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីខាងត្បូង និងកណ្តាលបាននិយាយថា សហរដ្ឋអាមេរិកមានភាពប្រាកដនិយម ដែលថាប្រទេសទាំងប្រាំនឹងមិនបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី ឬប្រទេសជិតខាងដ៏ធំផ្សេងទៀតរបស់ពួកគេ គឺប្រទេសចិននោះឡើយ ខណៈដែលទីក្រុងប៉េកាំង និងម៉ូស្គូ បាននិងកំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសទាំងប្រាំនេះយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា ដំណើររបស់លោក ប្លីនខេន នឹងបង្ហាញថា សហរដ្ឋអាមេរិកគឺជា «ដៃគូដែលអាចទុកចិត្តបាន» និងមានចេតនាខុសពីទីក្រុងម៉ូស្គូ និងប៉េកាំង។

អ្នកការទូត និងអ្នកជំនាញព្រឹត្តិការណ៍អន្តរជាតិយល់ឃើញថា មេដឹកនាំអាស៊ីកណ្តាលកំពុងដើរលើផ្លូវមួយដ៏តឹងតែង ដោយសារតែកិច្ចព្រមព្រៀងសន្តិសុខផ្លូវការជាមួយទីក្រុងម៉ូស្គូ និងឥទ្ធិពលសន្តិសុខ ព្រមទាំងដែនអំណាចសេដ្ឋកិច្ចដ៏លើសលប់របស់រុស្ស៊ី ដែលមានលើប្រទេសទាំងនោះ ដូច្នេះហើយពួកគេត្រូវមានជំហរមួយ ប្រុងប្រយ័ត្នជាមួយសហរដ្ឋអាមេរិក បើពុំនោះទេពួកគេអាចនឹងបាត់បង់ប្រយោជន៍ជាយុទ្ធសាស្ត្រ និងធ្លាក់ចូលក្នុងគ្រោះថ្នាក់ការប្រកួតប្រជែងអំណាចរបស់ប្រទេសអំណាច។

គួរជម្រាបថា កាហ្សាក់ស្ថានដែលជាប្រទេសជាប់ព្រំដែនគោកជាមួយប្រទេសរុស្ស៊ីវែងជាងគេ កំពុងមានភាពស្មុគស្មាញបំផុតនៃទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ព្រោះថាប្រទេសនៅអាស៊ីកណ្តាលមួយនេះគឺមិនខុសពីប្រទេសអ៊ុយក្រែនប៉ុន្មានទេ គឺមានប្រជាជនដែលមានសញ្ជាតិដើមរុស្ស៊ីរស់នៅច្រើន ដូចនេះហើយមេដឹកនាំកាហ្សាក់ស្ថានមានការព្រួយបារម្ភណាស់ដែរថា ថ្ងៃណាមួយប្រទេសខ្លួនក៏អាចមានជោគវាសនាដូចអ៊ុយក្រែនដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រធានាធិបតីកាហ្សាក់ស្ថានលោក កាសស៊ីម ចូមាត តូកាយ៉ីវ (Kassym-Jomart Tokayev) បានធ្វើដំណើរទៅជួបលោក ពូទីន និងបានបញ្ជាក់ជាថ្មីអំពីភាពជាដៃគូជាមួយរុស្ស៊ី។ ក៏ប៉ុន្តែថ្មីៗនេះ លោកបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងបានជំរុញឱ្យមានការចរចាបញ្ចប់ជម្លោះដោយផ្អែកលើច្បាប់អន្តរជាតិវិញ៕




អត្ថបទបន្ទាប់


តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងទៅប្រទេសចិននៅខែមេសា នឹងផ្ដោតលើការពិភាក្សាលើបញ្ហាអ្វីខ្លះ?

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនាចុងសប្ដាហ៍មុននេះថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងខែមេសាខាងមុខនេះ ហើយបានជំ…

G20 នៅតែខ្វែងគំនិតគ្នាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសម្រាប់ប្រទេសក្រីក្រ

ប្រមុខដឹកនាំអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ក្រុមប្រទេសរីកចម្រើនទាំង២០ ឬហៅថា G20 នៅតែមានការខ្វែងគំនិតគ្នាមួយចំនួនល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ