ទន្ទឹមនេះ ការស្ទង់មតិដោយក្រុមហ៊ុនអាមេរិកមួយឱ្យដឹងថា លោកម៉ូឌីទំនងជានឹងឈ្នះការបោះឆ្នោតសាជាថ្មីទៀត ព្រោះក្នុងការស្ទង់មតិជាង៧៥%បានបង្ហាញការយល់ស្របឱ្យលោកម៉ូឌីកាន់តំណែងតទៅទៀត។ ក៏ប៉ុន្តែ ការបិទខ្ទប់ការនាំចេញអង្ករដើម្បីទប់ទល់នឹងអតិផរណាក្នុងស្រុករបស់ឥណ្ឌាថ្មីៗ និងរឿងក្តីក្តាំចោទប្រកាន់របស់បក្សប្រឆាំងកំពុងបង្កឱ្យភាពស្មុគស្មាញសម្រាប់រូបលោក និងរដ្ឋាភិបាលរបស់លោកផ្ទាល់ក្នុងការឈានទៅដល់ការឈ្នះឆ្នោតអាណត្តិទីបី។
តាមការចុះផ្សាយដោយសារព័ត៌មានរបស់ជប៉ុនNikkei Asia ជារៀងរាល់ប្រាំឆ្នាំម្តង ឥណ្ឌាត្រូវរៀងចំការបោះឆ្នោតម្តងដើម្បីរើសនាយករដ្ឋមន្ត្រីថ្មីចេញពីគណបក្ស ឬបក្សសម្ព័ន្ធដែលមានសម្លេងភាគច្រើននៅក្នុងសភា។ លោកណារិនដ្រា ម៉ូឌី ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីឥណ្ឌាដ៏មានប្រជាប្រិយភាពរូបនេះ និងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសម្រាប់អាណត្តិទីបីរបស់លោក។ ត្រូវបានឡើងកាន់តំណែងកាលពីឆ្នាំ២០១៤ដល់ពេលសព្វថ្ងៃនេះ លោកម៉ូឌីជាមួយនឹងបក្ស Bharatiya Janata របស់លោក បានដឹកនាំប្រទេសឥណ្ឌាឱ្យស្គាល់នូវកំណើនសេដ្ឋកិច្ចមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ និងបានធ្វើឱ្យប្រជាជនឥណ្ឌារាប់លាននាក់ងើបចេញពីភាពក្រីក្រ។
សេដ្ឋកិច្ចប្រទេសយក្សអាស៊ីមួយនេះបានស្គាល់នូវកំណើន៧,២%កាលពីឆ្នាំមុន លើសពីការទាយទុករបស់រដ្ឋាភិបាលឥណ្ឌាដែលមានត្រឹម៧%។ មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចឥណ្ឌាសម្រាប់ឆ្នាំសារពើពន្ធ២០២៣នេះដល់៦,១% ដោយលើកហេតុផលថា មានសន្ទុះខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ឆ្នាំ២០២២ទៅទៀត ដែលជាលទ្ធផលនៃការវិនិយោគក្នុងស្រុកមានសន្ទុះខ្លាំង។
ក្រៅពីការវិនិយោគដោយក្រុមហ៊ុនធំៗរបស់លោកខាងលិចលើផ្នែកសេដ្ឋកិច្ច ការចរចាជាមួយសហរដ្ឋអាមេរិកនិងបារាំង កំពុងត្រួសត្រាយផ្លូវសម្រាប់គម្រោងវិនិយោគលើវិស័យយោធាផងដែរ។ ក្នុងនោះមានដូចជាការផលិតរួមគ្នានៃម៉ាស៊ីនយន្តហោះចម្បាំង និងការចែករំលែកបច្ចេកវិទ្យារសើបពីប្រទេសបច្ចឹមលោកផងដែរ។ ហើយស្ថានក្នុងកាលៈទេសៈដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកាន់តែក្តៅគគុក ក្រុមហ៊ុនផលិតបន្ទះឈីប និងបច្ចេកវិទ្យាអាមេរិកមួយចំនួនក៏កំពុងរុះរើ និងធ្វើពពិធកម្មខ្សែចង្វាក់មកកាន់ប្រទេសឥណ្ឌាដែរ។ កាលពីខែមុន ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីTeslaក៏បានសន្យាបណ្តាក់ទុកវិនិយោគក្នុងតម្លៃរាប់ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌាទៀតផង។
ប៉ុន្តែទោះជាយ៉ាងណា បញ្ហាប្រឈមធំសម្រាប់លោកម៉ូឌីនិងរដ្ឋាភិបាលរបស់លោកគឺអតិផរណានាពេលថ្មីៗ។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងជាបឋម ៤,៨១% កាលពីខែមិថុនា ដោយបានកើនឡើងសាជាថ្មីទៀត ក្រោយបានធ្លាក់ចុះកាលពីដើមឆ្នាំ២០២៣ម្តងរួចទៅហើយ។ ធនាគារបម្រុងនៃប្រទេសឥណ្ឌាបានព្យាករណ៍ពីអតិផរណានៅកម្រិត៥,១%ក្នុងឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងនេះ ទិន្នផលកសិកម្មក៏ទទួលផលមិនសូវបានល្អប៉ុន្មានដែរ ដោយសារអាកាសធាតុកើនកម្តៅខ្ពស់ពេក។ ដូច្នេះហើយ បានជានៅខែមុន រដ្ឋាភិបាលឥណ្ឌាត្រូវបង្ខំចិត្តបិទការនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពតម្លៃនិងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ការបិទការនាំចេញកំពុងបង្កឱ្យពិភពលោកព្រួយបារម្ភពីការខ្វះខាតស្បឿង ពិសេសសម្រាប់តំបន់អាហ្វ្រិក និងមជ្ឈឹមបូព៌ា។ ឥណ្ឌាគឺជាប្រទេសនាំចេញអង្ករប្រហែល៤០%នៃអង្ករទូទាំងពិភពលោក។
ក្រៅពីបញ្ហាអតិផរណានេះ លោកម៉ូឌីក៏កំពុងស្ថិតក្រោមសម្ពាធពីក្រុមបក្សប្រឆាំងដែលចោទប្រកាន់រដ្ឋាភិបាលរបស់លោកពីការគាបសង្កត់និងរឹតត្បិតសិទ្ធិសេរីភាពលើក្រុមសាសនាម៉ូស្លីមភាគតិចនៅក្នុងប្រទេសឥណ្ឌាដែរ។ កាលពីខែកក្កដា មេដឹកនាំបក្សប្រឆាំងឥណ្ឌាមកពី២៦គណៈបក្ស បានបង្កើតសម្ព័ន្ធភាពរួមបញ្ចូលការអភិវឌ្ឍន៍ជាតិឥណ្ឌា (INDIA) ដើម្បីប្រកួតប្រជែងជាមួយបក្សBharatiya Janata របស់លោកណារេនដ្រា ម៉ូឌី។ យ៉ាងណា អ្នកវិភាគថា បក្សសម្ព័ន្ធប្រឆាំងនេះទំនងជានឹងមិនមានទម្ងន់ណាស់ណាទេ ក្នុងការធ្វើព្យុះធ្វើភ្លៀងលោកម៉ូឌី និងបក្សរបស់លោកក្នុងការឈ្នះឆ្នោតជាថ្មី៕