របាយការណ៍ធនាគារពិភពលោកបានបន្តថា ទោះបីជាកម្ពុជាមានការនាំចេញរឹងមាំ ដែលគាំទ្រដោយលក្ខខណ្ឌតម្រូវការខាងក្រៅល្អក៏ដោយ ប៉ុន្តែទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជានៅតែមានភាពមិនច្បាស់លាស់ ហើយបានបង្កហានិភ័យសំដៅទៅរកការដាំក្បាលចុះថែមទៀតផង។
ទោះបីការចាក់វ៉ាក់សាំងមានវឌ្ឍនភាពជឿនលឿនក្តី ប៉ុន្តែ World Bank អះអាងថា ហានិភ័យនៃការផ្ទុះឆ្លងរាលដាលឡើងនៃកូវីដ១៩នៅតែមានខ្ពស់ ដែលវាបានបន្តអូសបន្លាយ និងរាំងស្ទះ ដោយសារតែការឆ្លងថ្មី និង ករណីស្លាប់បន្តមានចំនួនច្រើន។
ជាក់ស្តែង នៅ៥ថ្ងៃចុងក្រោយនេះ ចាប់ពីថ្ងៃទី២៤ ខែកញ្ញាមក កម្ពុជាបានរកឃើញករណីឆ្លងថ្មីៗនៃកូវីដ១៩ ហក់ឡើងដល់ទៅខ្ទង់ជាង ៨០០ករណីឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ដោយរកឃើញត្រឹម ៥០០ទៅ៦០០ករណីអស់មួយរយៈកន្លងមក។ ទន្ទឹមនឹងនេះ នៅថ្ងៃអង្គារទី២៨កញ្ញានេះ កម្ពុជាបានរកឃើញករណីឆ្លងកូវីដ១៩ដល់ទៅ ៨៦៦ករណី ក្នុងនោះករណីឆ្លងក្នុងសហគមន៍មាន ៧៨៣ករណី ខណៈករណីស្លាប់មានដល់ទៅ ២៦នាក់។ ប្រការនេះបានធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩នៅកម្ពុជាបានកើនដល់ ២.២៨៧នាក់ហើយ រីឯចំនួនអ្នកឆ្លងសរុបវិញមានជាង ១១ម៉ឺននាក់។
បន្ថែមពីលើនេះ របាយការណ៍របស់ធនាគារពិភពលោក បានសង្កត់ធ្ងន់លើកូវីដ១៩ឌែលតា ដែលកម្ពុជាកំពុងជួបប្រទះ ហើយបង្កឲ្យមានការឆ្លង និងស្លាប់កើនឡើងយ៉ាងឆាប់រហ័ស។ ការបន្តអូសបន្លាយឆ្លងរាលដាល ទាំងកូវីដ១៩បំប្លែងខ្លួនថ្មី បានធ្វើឲ្យការស្តារសេដ្ឋកិច្ចឡើងវិញ មានភាពយឺតយ៉ាវ ពិសេសក្នុងវិស័យសំណង់ អចលនទ្រព្យ ទេសចរណ៍ ក៏ដូចជាវិស័យសេវាកម្មផ្ទាល់តែម្តង។ បើតាមធនាគារពិភពលោក វិស័យទេសចរណ៍ ត្រូវបានព្យាករណ៍ថាបានផ្តល់ការងារប្រហែល ២លានកន្លែង និងបានរួមចំណែក ២៥% ក្នុង GDP របស់កម្ពុជាអំឡុងពេលមុនមានជំងឺរាតត្បាត។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងមានគម្រោង នឹងបើកជើងមេឃទទួលយកភ្ញៀវទេសចអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងរួចឡើងវិញ នៅចុងឆ្នាំ២០២១នេះហើយ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ធ្លាប់បានអះអាងប្រាប់ខេមបូណូមីសកន្លងមកថា ផែនការនេះទំនងជានឹងអនុវត្តនៅខែវិច្ឆិកាខាងមុខ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានខេមបូណូមីស លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ជាប្រធានគ្រប់គ្រងនៃធនាគារពិភពលោក ទើបឡើងកាន់ដំណែងថ្មីប្រចាំនៅប្រទេសកម្ពុជា បានសាទរជាមួយនឹងគម្រោងបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរបស់រដ្ឋាភិបាលកម្ពុជា។ លោកស្រី បានអះអាងថា ការដែលកម្ពុជាអាចបើកជើងមេឃទទួលយកភ្ញៀវទេសចរណ៍ឡើងវិញ គឺកម្ពុជាមិនត្រឹមតែទទួលបានភ្ញៀវទេសចរនោះទេ ប៉ុន្តែវាផ្តល់ចំណាប់អារម្មណ៍ដល់វិស័យឯកជន ឲ្យចូលមកវិនិយោគនៅកម្ពុជាឡើងវិញបន្ថែមទៀតផងដែរ។ ប្រការនេះនឹងឈានទៅរួមចំណែកមួយកម្រិតទៀតដល់ការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
យ៉ាងណាមិញ លោកស្រី ម៉ារីយ៉ាម សាលីម បានទាញសញ្ញាព្រមានឲ្យមានការកំណត់នូវមូលដ្ឋានហានិភ័យឲ្យបានច្បាស់លាស់ ក្នុងការទទួលយកភ្ញៀវទេសចរបរទេស ជៀសវាងការរីករាលដាលកាន់តែខ្លាំងនៃកូវីដ១៩ ពិសេសកូវីដ១៩ប្រភេទឌែលតា។
សូមជម្រាបថា មិនមែនមានតែធនាគារពិភពលោកនោះទេ ដែលបានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ។ ជាក់ស្តែង កាលពីសប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB បានព្យាករបន្ថយកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ១,៩%ប៉ុណ្ណោះ ពោលគឺមានទាបជាង ដល់ទៅជាងពាក់កណ្ដាលនៃកំណើនដែលបានព្យាករចំនួន ៤% កាលពីខែមេសាកន្លងទៅ៕