បើតាមធនាគារពិភពលោក គម្រោងកែលម្អបណ្ដាញផ្លូវគមនាគមន៍នេះ នឹងពង្រីកលទ្ធភាពសម្រាប់សហគមន៍ជនបទឱ្យទទួលបានសេវាចាំបាច់នានា ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សាលារៀន និង ទីផ្សារ តាមរយៈការកែលម្អផ្លូវជនបទឱ្យកាន់តែមានភាពធន់ទៅនឹងកត្តាប្រែប្រួលរបស់អាកាសធាតុ។ ការកែលម្អនឹងត្រូវធ្វើទៅលើផ្នែកជាច្រើននៃតាមផ្លូវជាតិនិងផ្លូវខេត្ត ដែលជាលទ្ធផលជួយកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងហានិភ័យគ្រោះថ្នាក់ដោយសារតែផ្លូវខូច និងជួយសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ការចំណាយលើការដឹកជញ្ជូននៅប្រទេសកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយ ទោះបីជាមានភាពប្រសើរច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តី។ ផ្លូវថ្នល់គឺជាមធ្យោបាយដឹកជញ្ជូននាំមុខគេនៅក្នុងប្រទេស ហើយចាំបាច់ត្រូវមានការវិនិយោគច្រើន ជាពិសេសនៅតាមតំបន់ជនបទ។ ផ្លូវជនបទមានជាង ៧៥ភាគរយនៃបណ្តាញផ្លូវសរុបទូទាំងប្រទេស ប៉ុន្តែមានតែ ៥ភាគរយប៉ុណ្ណោះដែលជាផ្លូវក្រាលកៅស៊ូ។
តំបន់គោលដៅរបស់គម្រោងនេះមាន ផ្លូវនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដែលគ្របដណ្តប់លើប្រជាជនជាង ២លាននាក់ ក្នុងនោះ ៨០ភាគរយ រស់នៅតាមទីជនបទដាច់ស្រយាល។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ « កង្វះលទ្ធភាពសម្រាប់ទទួលបានសេវាមន្ទីរពេទ្យ សាលារៀន និងសម្រាប់ដឹកទំនិញទៅកាន់ទីផ្សារ ជាពិសេសក្នុងរដូវវស្សា នៅតែចោទជាបញ្ហាប្រឈមធំមួយសម្រាប់ប្រជាជនកម្ពុជានៅតាមតំបន់ជនបទ។ គម្រោងថ្មីនេះគឺជាការបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវរបស់កម្ពុជា។ វានឹងតភ្ជាប់កាន់តែប្រសើរជាងមុនដោយបានភ្ជាប់ប្រជាជនទៅនឹងការទទួលបានសេវា កាត់បន្ថយការដាច់ផ្លូវ និងបង្កើតការងារសម្រាប់សហគមន៍មូលដ្ឋានក្នុងពេលសាងសង់ផ្លូវ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ ទៀតផង»៕