ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Intel ធ្លាក់ចុះប្រាក់ចំណេញរហូតដល់៨៥% មកនៅត្រឹម៨៣លានដុល្លារនៅត្រីមាសទី២ឆ្នាំនេះ ដែលកត្តានេះបានជំរុញឱ្យក្រុមហ៊ុននេះគ្រោងកាត់បន្ថយបុគ្គលិករហូតដល់១ម៉ឺន៥ពាន់កន្លែង។
បើធៀបនឹងក្រុមហ៊ុនគូប្រជែង AMD វិញ ក្រុមហ៊ុននេះបានរាយការណ៍កាលពីថ្ងៃអង្គារ ទី៣០ ខែកក្កដា ថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើង៩% ឡើងជិតដល់៦ពាន់លានដុល្លារ រីឯប្រាក់ចំណូលសុទ្ធកើនឡើង១៩% ឡើងដល់ជាង១ពាន់លានដុល្លារដោយសារការលក់បន្ទះឈីបកើនខ្លាំងសម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI។
ដោយប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុន AMD និងក្រុមហ៊ុនផ្សេងទៀតសម្រាប់បន្ទះឈីបផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិតនោះ ក្រុមហ៊ុន Intel បានពន្លឿនការចំណាយលើការបង្កើតបន្ទះឈីបជំនាន់ថ្មី និងបង្កើតរោងចក្រផលិតដោយខ្លួនឯងដោយពិចារណាពីខ្សែច្រវាក់ផលិតកម្មជាមូលដ្ឋានរបស់ខ្លួន។
ដូច្នេះហើយក្រុមហ៊ុន Intel មានបំណងបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងទីផ្សារតាម រយៈផែនការសន្សំសំចៃការចំណាយឱ្យបានចំនួន១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលរួមបញ្ចូលទាំងការកាត់បន្ថយបុគ្គលិកចំនួនប្រហែល១ម៉ឺន៥ពាន់នាក់ស្មើនឹង១៥%នៃកម្លាំងពលកម្មរបស់ខ្លួនផងដែរ៕
ដោយ: តែម សុខុម