លោក អាឌីតយ៉ា ម៉ាធូ ប្រធានសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា វិបត្តិមេរោគកូវីដ១៩ បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយវាបានធ្វើឲ្យកំណើនសេដ្ឋកិច្ចសកល ចាប់ផ្តើមជាប់គាំង និងបង្កើនអត្រាភាពក្រីក្រ ក្នុងតំបន់ថែមទៀតផង។លោក បន្តថា នៅក្នុងសេណារីយ៉ូ ល្អបំផុត គឺថា កំណើនសេដ្ឋកិច្ចប្រទេសចិន នឹងសម្រេចបានត្រឹមតែ ២.៣% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២០នេះ ដែលធ្លាក់ចុះពី ៦.១% កាលពីឆ្នាំ ២០១៩កន្លងទៅ។ក៏ប៉ុន្តែ នៅក្នុងសេណារីយ៉ូ អាក្រក់បំផុតវិញ គឺថា សេដ្ឋកិច្ចចិន មានកំណើនត្រឹមតែ ០.១% ប៉ុណ្ណោះ សឹងតែនៅទ្រឹងទៅហើយ។
ជាក់ស្តែង ប្រជាជនទូទាំងសកលលោក ប្រមាណ ៤០% ទៅហើយ ស្ថិតនៅក្នុង វិធានការនៃការបិទទ្វារប្រទេស ដែលបង្កផលអាក្រក់ដល់អាជីវកម្មគ្រប់ប្រភេទ ហើយវិស័យដឹកជញ្ជូន ក៏ចាប់ផ្តើមធ្លាក់ចុះ បើទោះបីជា ប្រទេសចិន អាចគេចផុតពី ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច ប៉ុន្តែសេដ្ឋកិច្ចចិន នឹងដើរយឺតជាងមុនយ៉ាងពិតប្រាកដ។
សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន អាចនឹងធ្លាក់ចុះរហូតដល់ទៅ ២.៨% នៅក្នុងសេណារីយ៉ូអាក្រក់បំផុត ខណៈដែលឆ្នាំ ២០១៩កន្លងទៅ មានកំណើនជាង ៥.៨% ឯណោះ។ធនាគារពិភពលោក ព្រមានទៀតថា ក្នុងករណីល្អបំផុត បើសិនជាសេដ្ឋកិច្ចសកល អាចងើបឡើងវិញបានខ្លាំងបំផុតនោះ ប្រជាជនជាង ២៤លាននាក់ នៅក្នុងតំបន់ នឹងរួចផុតពី ភាពក្រីក្រ ក៏ប៉ុន្តែបើសិនជា សេដ្ឋកិច្ចសកល ធ្លាក់ចុះធ្ងន់ធ្ងរ ហើយងើបឡើងវិញ យឺតនោះ ប្រជាជន ជាង ១១លាននាក់ នឹងធ្លាក់ចូលក្នុង ភាពក្រីក្រ ជាក់ជាមិនខាន។
ជាចុងក្រោយ ធនាគារពិភពលោក អំពាវនាវឲ្យមានការចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ដោយផ្តល់អាទិភាពចំបងបំផុតទៅលើ ការទប់ស្កាត់ការសាយភាយនៃមេរោគកូវីដ ហើយនឹងចាត់វិធានការ កាត់បន្ថយផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ៕