តម្លៃប្រេងបានដាំក្បាលចុះក្នុងរយៈពេល១សប្ដាហ៍មកហើយ ជាក់ស្ដែង តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានធ្លាក់ចុះ ១ដុល្លារ១១សេន ឬស្មើនឹង១,៦% ដោយតម្លៃប្រេងមានមកនៅជាង៦៧ដុល្លារក្នុងមួយធុងបារ៉ែល។
ដោយឡែកទីផ្សារប្រេងឆៅនៅអាមេរិកវិញ បានធ្លាក់ចុះ ១ដុល្លារ៣៥សេន ឬស្មើនឹង២,១% ដោយបានធ្វើឲ្យតម្លៃប្រេងលក់ចេញក្នុងមួយធុងបារ៉ែលតម្លៃជាង៦៤ដុល្លារអាមេរិក។
គិតជារួមក្នុងរយៈពេល៦ថ្ងៃកន្លងមកនេះ ទីផ្សារប្រេងឆៅនៅអាមេរិកធ្លាក់ចុះជាង ៧% ខណៈដែលប្រេងឆៅនៅទីផ្សារអង់គ្លេសធ្លាក់ចុះជាង៦% គឺជាការធ្លាក់ចុះក្នុងរយៈពេលយូរបំផុតមួយគិតតាំងពីចុងខែកុម្ភៈឆ្នាំ២០២០មក។
ការដាំក្បាលចុះនៃតម្លៃប្រេងឆៅក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នានេះ ត្រូវបានគេមើលឃើញថា ដោយសារតែមានការកើនឡើងខ្លាំងនៃការឆ្លងរាលដាលកូវីដ-១៩នៅទូទាំងពិភពលោក ពិសេសការឆ្លងមេរោគបំប្លែងថ្មីឌែលតា និងបង្កឲ្យមានករណីស្លាប់ដោយសារកូវីដ-១៩កើនឡើងខ្ពស់នៅអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងធំបំផុតក្នុងពិភពលោក ហើយករណីឆ្លងប្រចាំថ្ងៃនៅអាមេរិកក៏កំពុងកើនឡើងខ្ពស់ដែរកាលពីខែមុននេះ។
អ្នកវិភាគទីផ្សារមើលឃើញថា តម្លៃប្រេងគឺអាចនឹងនៅតែបន្ដរងគ្រោះបន្ដទៀត ដរាបណាករណីឆ្លងរាលដាលកូវីដ-១៩មិនមានភាពធូរស្រាល។
អ្នកវិភាគទីផ្សារគូសបញ្ជាក់ទៀតថា កំណើនយឺតនៃសេដ្ឋកិច្ចចិន ដែលជាអ្នកនាំចូលប្រេងធំបំផុតក្នុងពិភពលោក បណ្ដាលមកពីវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ និងភាពចុះខ្សោយនៃកំណើនប្រើប្រាស់នៅអាមេរិក គឺនឹងរុញឲ្យតម្លៃប្រេងបន្ដធ្លាក់ចុះថែមទៀត៕