
លោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅគម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន WorldBridge Homes បានឲ្យដឹងថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យស្ថិតក្នុងទីក្រុងរណបសិរីមង្គលនេះ បច្ចុប្បន្នបាននិងកំពុងសម្រុកការសាងសង់យ៉ាងសស្រាក់សស្រាំ តួយ៉ាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ប្រព័ន្ធលូ ទឹក ភ្លើង គឺបានរៀបចំរួចរាល់១០០ ភាគរយហើយ ខណៈដែលសំណង់ផ្ទះក៏បានចាប់ផ្ដើមចេញជារូបរាងពេញលេញជាបណ្ដើរៗហើយដែរ។

លោកបញ្ជាក់ យក់ សុធីរិទ្ធ បញ្ជាក់ថា «បច្ចុប្បន្ន បើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺយើងបានសម្រេចមួយរយភាគហើយ ហើយផ្ទះ ក៏សង់ឡើងច្រើនហើយដែរ ដូចលោកបានឃើញស្រាប់។ ការសាងសង់របស់យើង គឺសម្រុកធ្វើរហូតមិនថាថ្ងៃសៅរ៍អាទិត្យនោះទេ គឺធ្វើយ៉ាងណាចុងឆ្នាំនេះ ឲ្យហើយជំហានទី១ សម្រាប់ប្រគល់ផ្ទះជូនអតិថិជន និងបញ្ចប់ទាំងស្រុងតែម្ដងនៅឆ្នាំ២០២០។ នៅពេលដែលលំនៅដ្ឋានយើងពន្លឿនការសាងសង់យ៉ាងដូច្នេះ យើងឃើញថា ក៏មានអតិថិជនចាប់អារម្មណ៍ទិញក៏មានកាន់តែច្រើនដែរ»។

ដើម្បីពន្លឿងការងារសាងសង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះដែរ ក្រុមហ៊ុន ក៏បានបង្កើតរោងចក្រផលិតឥដ្ឋថ្មីមួយទៀត ព្រមជាមួយនឹងការពង្រីកបន្ថែមកម្លាំងពលកម្ម ដើម្បីធ្វើយ៉ាងណាបញ្ចប់ឲ្យបានរួចរាល់ទាំងស្រុងនៅឆ្នាំ២០២០ តាមការគ្រោងទុក។
លោក យក់ សុធីរិទ្ធ បញ្ជាក់ទៀតថា គម្រោងផ្ទះតម្លៃសមរម្យនេះ គឺស្ថិតនៅក្នុងទីក្រុងរណបសិរីមង្គល ដែលមានទីតាំងស្ថិតនៅក្បែរនឹងផ្លូវក្រវ៉ាត់ក្រុងទី៣ គម្រោង ព្រលានយន្ដហោះថ្មី និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត របស់រាជរដ្ឋាភិបាលផងដែរ។

ដ្បិតតែ តម្លៃដីធ្លីនៅតំបន់នោះ កំពុងហក់កើនឡើងជាលំដាប់ក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុន WorldBridge Homes ក៏មិនបានដំឡេីងថ្លៃផ្ទះខ្ពស់ហួសសមត្ថភាពប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។ ដោយតាំងពីបើក លក់ដំបូងរហូតមកទល់ពេលនេះ តម្លៃផ្ទះ នៅតែមានតម្លៃចន្លោះពី ២៥.០០០ ដុល្លារ ទៅក្រោម ៣០.០០០ ដុល្លារអាមេរិកដដែល។
ទាក់ទងនឹងបញ្ហាគុណភាពសំណង់វិញ លោក យក់ សុធីរិទ្ធ បានបញ្ជាក់ថា អតិថិជន មិនចាំបាច់ព្រួយបារម្ភនោះឡើយ ព្រោះខាងក្រុមហ៊ុនមានជាងជំនាញផ្នែកត្រួតពិនិត្យគុណភាពច្បាស់លាស់ ពិសេសនោះ គឺខាងក្រសួងក៏បានចុះមកត្រួតពិនិត្យការសាងសង់របស់ក្រុមហ៊ុនជាប្រចាំផងដែរ ព្រោះគម្រោងអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យនេះ គឺមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាអាណាព្យាបាលតែម្ដង។

តាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឲ្យដឹងថា ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុងរណប ក្រសួង ក៏បានគិតគូរអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម ឲ្យបានចំនួនបីទីតាំងបន្ថែមទៀត ស្មើនឹង ៨ពាន់លំនៅដ្ឋាន នៅពេលខាងមុខ។
តាមការគិតគូរជំរឿនប្រជាសាស្រ្ត នៅឆ្នាំ២០៣០ ខាងមុខ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៨លាននាក់ នឹងមានតម្រូវការលំនៅដ្ឋានថ្មី ប្រមាណ ១,១លានខ្នងបន្ថែមទៀត ខណៈនៅរាជធានីភ្នំពេញ និងទីប្រជុំជនផ្សេងៗ មានតម្រូវការលំនៅដ្ឋាន ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ៕